ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជាមិនអាចអត់ឱនដល់ជនណាដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឱ្យខូចមុខមាត់ និងកិត្តិយសកម្ពុជាឡើយ ដោយលោកបានព្រមានអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដល់ជនណាដែលធ្វើទង្វើបែបនេះ។
លោក ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នាថ្ងៃទី ១៩ ខែកុម្ភៈ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកបានថ្លែងថា៖ «សូមព្រមានទៅដល់អ្នកដែលយកប្រទេសកម្ពុជា ធ្វើជាកន្លែងអាជីវកម្មថតជាវីដេអូដើម្បីបាន view បានអ្នកមើលច្រើន គឺត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ អនុវត្តជាប់គុក ២ ឆ្នាំ ហើយ ចេញពីគុកត្រូវបណ្តេញចេញពីប្រទេសកម្ពុជា ហើយដាក់ក្នុង black list ឈប់ឱ្យចូលស្រុកខ្មែរមួយជីវិត»។
លោកបន្ថែមថា ប្រជាជនខ្មែរបានទទួលរងទុក្ខវេទនាណាស់ទៅហើយ ខំកសាងប្រទេស ជាប្រជាជនដែលល្អ ទេសចរមកខំស្វាគមន៍ដោយញញឹម តែថាតើប្រជាជនកម្ពុជាខុសអីបានជាអ្នកឯង (អ្នកផលិតវីដេអូ) ចង់ចំណេញ ចង់បានលុយបែរជានាំគ្នាផលិតជាវីដេអូបំផ្លើសថា មានករណីចាប់ជំរិត ឬជួញដូរគ្រឿងក្នុងជាដើម។
លោកបញ្ជាក់ថា៖ «វាប៉ះពាល់ដល់កិត្តិយសជាតិយើងដែលមិនអាចឱ្យធ្វើទៅបាន។ អ៊ីចឹង! ខ្ញុំសូមជូនសារនេះឱ្យច្បាស់ថា អ្នកណាដែលយកស្រុកខ្មែរ (ជាកន្លែងផលិតមាតិកាវីដេអូប្រឌិត) គឺមិនអាចលើកលែងបានទេ ហើយត្រូវមើលបន្ថែមទៀត បើដាក់ទោស ២ ឆ្នាំហើយ នៅតែមានអ្នកមិនរាងចាលទៀត ត្រូវពិនិត្យមើលឱ្យវែងជាងនេះទៀត ព្រោះមិនអាចយកស្រុកខ្មែរធ្វើជាកន្លែងលេងសើចបានទេ»។
លោកនាយករដ្ឋមន្ត្រីបានព្រមានដូចនេះ បន្ទាប់ពីមានករណីទាក់ទងនឹងយុវជនជនជាតិតៃវ៉ាន់បានបង្កើតជាវីដេអូបំផ្លើសពីរូបភាពមិនពិតពីប្រទេសកម្ពុជា។
លោកលើកឡើងថា សមត្ថកិច្ចបានចាប់ខ្លួនយុវជនជនជាតិតៃវ៉ាន់ចំនួន ២ នាក់ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ដែលពួកគាត់ជាអ្នកលេងតិកតុក ដោយបានជ្រើសរើសប្រទេសកម្ពុជា ដោយបានថតវីដេអូពីការចាប់ជំរិតនៅទីតាំងខេត្តព្រះសីហនុ ដោយបានក្លែងធ្វើជាជនរងគ្រោះដោយត្រូវបានគេចាប់ជំរិតនៅកម្ពុជា ដោយបានថតរួចផ្ញើឱ្យប្រពន្ធរបស់គាត់នៅតៃវ៉ាន់បង្ហោះពីករណីនេះថា ពិតជាមានករណីចាប់ជំរិតនេះមែន។
លោកបន្តថា៖ «នៅពេលដែលគេចាប់ខ្លួនបាន ហើយសួរថា ហេតុអីអ្នកឯងធ្វើអ៊ីចឹង? គាត់ថា គាត់ថតបង្ហោះដើម្បីបានអ្នកមើល (view) ច្រើន ហើយខ្ញុំនឹងលក់ផលិតផលរបស់ខ្ញុំ។ គាត់មកបំផ្លាញស្រុកយើង គាត់ធ្វើឱ្យមនុស្សរាប់សែន រាប់លាននាក់ដែលមើលតិកតុកគាត់ថា ស្រុកខ្មែរអសុវត្ថិភាព ដោយសារគាត់ចង់បានអ្នកមើលច្រើនដើម្បីលក់ផលិតផលគាត់។ តើនេះឬដែលជាការស្រឡាញ់មកប្រទេសកម្ពុជា? យើងមិនអាចឱ្យអ្នកហ្នឹងធ្វើអ៊ីចឹងបានទេ»។
យុវជនជនជាតិតៃវ៉ាន់ ២ រូបនេះ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤ លានរៀល ពីបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅខេត្តព្រះសីហនុកាលពីថ្ងៃទី ១៥ ខែកុម្ភៈ។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែត បានបង្ហើបឱ្យដឹងទៀតថា ទាក់ទងនឹងករណីនេះ មានអ្នកស្នើសុំអន្តរាគមន៍មកលោកដោយលើកឡើងថា ម្តាយរបស់ពួកគេឈឺនៅតៃវ៉ាន់ ប៉ុន្តែលោកឆ្លើយតបវិញថា «បើម្តាយឈឺ គួរតែដាក់វាឱ្យយូរ។ បើម្តាយឈឺមិនគួរអកតញ្ញូ គួរតែនៅតៃវ៉ាន់មើលម្តាយឈឺ មិនគួរជិះយន្តហោះមកបំផ្លាញស្រុកគេទេ»។
លោកនាយករដ្ឋមន្ត្រីបានបន្តថា សកម្មភាពរបស់ពួកគេដែលបានថតវីដេអូបោកប្រាស់នេះហើយដែលធ្វើឱ្យគេយល់ច្រឡំពីកម្ពុជាថា ជាប្រទេសដែលមានការចាប់ជំរិត ធ្វើឱ្យមិនមានទេសចរចង់មកលេងប្រទេសកម្ពុជា។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ប្រទេសកម្ពុជាអនុវត្តច្បាប់ប្រជាធិបតេយ្យ ហើយការបញ្ចេញមតិជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ប៉ុន្តែប្រសិនបើការបញ្ចេញមតិឬការផ្តល់ព័ត៌មាន ឬការធ្វើមាតិកាព័ត៌មាននាំឱ្យមានការប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់មុខមាត់ប្រទេស កិត្តិយសប្រទេស ឬបុគ្គលជាដើមនោះ គឺត្រូវទទួលខុសត្រូវទៅតាមច្បាប់ហើយ។
លោកបន្តថា ពាក់ព័ន្ធនឹងការលើកឡើង ក៏ដូចជាការព្រមានរបស់នាយករដ្ឋមន្ត្រីទាក់ទងនឹងជនបរទេសដែលបានបំផ្លាញមុខមាត់ប្រទេសកម្ពុជានេះ គឺដាច់ខាតកម្ពុជាត្រូវតែមានវិធានការច្បាប់នានា ដើម្បីជាការស្តារមុខមាត់កម្ពុជាឡើងវិញ។
លោកបញ្ជាក់ថា៖ «ការផ្សាយព័ត៌មានមិនពិតនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរទាំងទៅលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងវិស័យទេសចរណ៍តែម្តង ព្រោះបើផ្សាយថា កម្ពុជាជាប្រទេសដែលសម្បូរដោយចោរកម្ម ឃាតកម្ម ឬការឆបោក ទាំងនេះធ្វើឱ្យទេសចរមានការខ្លាចរអា មិនហ៊ានមកប្រទេសកម្ពុជាទេ»។
លោក យង់ ពៅ បន្ថែមថា ប្រសិនបើមានការទប់ស្កាត់ព័ត៌មានបែបនេះបាន ហើយបានផ្សព្វផ្សាយព័ត៌មានពីទិដ្ឋភាពពិតរបស់កម្ពុជា រូបភាពវិជ្ជមានពីកម្ពុជា រួមនឹងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អព្រមជាមួយគ្នានោះដែរ នោះនឹងផ្តល់ជំនឿ ទំនុកចិត្តដល់អន្តរជាតិ ក៏ដូចជាភ្ញៀវទេសចរទៀតផង៕