ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា បានឈ្នះមេដាយមាសនៃ “ពានរង្វាន់ឌីជីថល អាស៊ានឆ្នាំ២០២៤” (ASEAN Digital Awards 2024) លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ដែលជ័យជម្នះនេះបង្ហាញថា ថ្នាលផ្ទៀងផ្ទាត់ឯកសារកម្ពុជាត្រូវបានទទួលស្គាល់ជាកម្រិតអន្តរជាតិផងដែរ។
គួរជម្រាបថា កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក.ប.ទ. បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ ដោយមានការចូលរួមពីរដ្ឋមន្ត្រីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។
សេចក្តីប្រកាសព័ត៌មានរបស់ ក.ប.ទ បានឱ្យដឹងថា ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ ២០២៤ នេះ ប្រទេសសមាជិកអាស៊ានទាំង១០ បានសម្រិតសម្រាំងផលិតផលឌីជីថល សេវា និងកម្មវិធី (Digital Products, Services and Programs) ល្អៗចំនួន ១២៥ មកដាក់ពាក្យប្រកួតប្រជែង។ ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ជាបេក្ខភាពតំណាងរបស់កម្ពុជាដែលឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ។ បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពចុងក្រោយទាំងអស់ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយ ឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ ២០២៤។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឧ.) បានថ្លែងដោយមោទនភាពថា នេះជាលើកទី១ ដែលកម្ពុជាបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន។
លោកបញ្ជាក់ថា៖ «ជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំបង្កើតដំណោះស្រាយឌីជីថលរបស់ ក.ប.ទ. និង គ.រ.ឧ. ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរដែលសមិទ្ធផលនេះមានការទទួលស្គាល់មិនត្រឹមតែក្នុងក្របខ័ណ្ឌកម្ពុជាទេ តែពេលនេះ ក៏ត្រូវបានទទួលស្គាល់ថាជាដំណោះស្រាយឌីជីថលល្អបំផុតក្នុងកម្រិតអន្តរជាតិផងដែរ»។
លោកបានបញ្ជាក់ផងដែរថា ជោគជ័យនេះបង្ហាញឱ្យកាន់តែច្បាស់ថា “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” មិនត្រឹមតែពង្រីកវិសាលភាពការប្រើប្រាស់នៅក្នុងកម្ពុជាទេ ថែមទាំងអាចប្រើប្រាស់ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររួមរបស់ប្រទេសសមាជិកអាស៊ាន ដើម្បីផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្ម និងឯកសារផ្លូវការរបស់បណ្ដាប្រទេសក្នុងតំបន់បានដោយមិនតម្រូវឱ្យមានឯកសារ ច្បាប់ដើម ឬការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
តាមរយៈកិច្ចខិតខំរួមគ្នានេះ ប្រទេសសមាជិកអាស៊ាននឹងសម្រេចបានគោលដៅរួមក្នុងការទាញយកសក្តានុពលជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ហើយ ក.ប.ទ. ប្ដេជ្ញាចូលរួមយ៉ាងមុតមាំក្នុងដំណើរការនេះ។
សូមបញ្ជាក់ថា ពានរង្វាន់ឌីជីថលអាស៊ាន ត្រូវបានបែងចែកជា៦ផ្នែក មានដូចជា ១) ដំណោះស្រាយឌីជីថល ក្នុងការផ្តល់សេវាសាធារណៈ ២) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន ៣) ដំណោះស្រាយសម្រាប់ បរិយាបន្នឌីជីថល ៤) ដំណោះស្រាយសម្រាប់មាតិកាឌីជីថល ៥) ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និង៦) ដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។
ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ាន ផ្នែកដំណោះស្រាយឌីជីថល ក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ានឆ្នាំ ២០២៤ នេះ “ប្រព័ន្ធសុខាភិបាលឌីជីថល” របស់ប្រទេសថៃ ទទួលបានមេដាយប្រាក់ ហើយ “ប្រព័ន្ធសំបុត្រកំណើតនិងសំបុត្រមរណភាព” របស់ប្រទេសសិង្ហបុរីទទួលបានមេដាយសំរឹទ្ធ៕