ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) នឹងចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ ២០២៤ នេះ ចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានចុះឈ្មោះពីមុន អ្នកដែលទើបគ្រប់អាយុ ១៨ ឆ្នាំ អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មី មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោត ក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្តែង។
សេចក្តីសម្រេចរបស់ គ.ជ.ប ចុះហត្ថេលខាដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ១៩ ខែកុម្ភៈ បានឱ្យដឹងថា ការរៀបចំការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ ២០២៤ ត្រូវអនុវត្តដោយអនុលោមទៅតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ (ប.ន.ព.ច)។
សេចក្តីសម្រេចបានបញ្ជាក់ថា៖ «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស ត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤។ ការកំណត់អាយុ ១៨ ឆ្នាំ ត្រូវគិតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ (កើតមុន ឬត្រឹម ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០០៦)»។
នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេសរបស់គ.ជ.ប ត្រូវចាត់ចែងផលិតបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២៣ ដែលជាបញ្ជីបោះឆ្នោតចុងក្រោយ ចំនួន៣ច្បាប់ ផ្តល់ជូនក្រុមប្រឹក្សាឃុំសង្កាត់(កប ឃ.ស) សម្រាប់បិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ ព្រមទាំងរក្សាទុក១ច្បាប់ ដើម្បីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
សេចក្តីសម្រេចបានបញ្ជាក់ថា ៖« គ.ជ.ប ត្រូវអនុវត្តការផ្តល់លិខិតអញ្ជើញប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ ជាពិសេសអ្នក ដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាពនិងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក និងអ្នកដែលមានទិន្នន័យក្នុងបញ្ជីបោះឆ្នោតកត់ត្រាមិនបានត្រឹមត្រូវដើម្បីឱ្យមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤នេះ»។
លោក ម៉ុក ដារ៉ា អ្នកនាំពាក្យគ.ជ.ប បានឱ្យដឹងបន្ថែមនៅថ្ងៃទី២០ ខែកុម្ភៈថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ដែលគ.ជ.បនឹងអនុវត្តនៅពេលខាងមុខជាការចុះឈ្មោះប្រចាំឆ្នាំ ដែលត្រូវធ្វើជារៀងរាល់ឆ្នាំស្របតាមច្បាប់កំណត់។
លោកថា ៖ «យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលដ្ឋ ដែលមានការផ្លាស់លំនៅ ប្រជាពលរដ្ឋដែលមិនធ្លាប់បានចុះឈ្មោះពីមុនមក ព្រមទាំងប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ ឆ្នាំ សូមទៅចុះឈ្មោះក្នុងពេលនេះ ដើម្បីមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត»។
ចំណែក លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការនៃគណបក្សភ្លើងទៀន បានឱ្យដឹងដែរថា វាជារឿងល្អដែលគ.ជ.បចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះអ្នកបោះឆ្នោតថ្មី ដើម្បីឱ្យអ្នកបោះឆ្នោតថ្មី បានចុះឈ្មោះ និងពិនិត្យកែឈ្មោះឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ លោកក៏ស្នើឱ្យការផ្សព្វផ្សាយព័ត៌មានពីរឿងនេះ បានទូលំទូលាយបំផុត និងឱ្យអង្គការសង្គមស៊ីវិលចូលរួមផងដែរ។ ជាងនេះទៅទៀត អាជ្ញាធរពាក់ព័ន្ធត្រូវជួយសម្រួលឯកសារបម្រើការចុះឈ្មោះបោះឆ្នោតឱ្យបានលឿន និងតម្លាភាព និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីធានាថាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះ បានចុះឈ្មោះបោះឆ្នោតនាពេលអនាគត។
លោក សំ គន្ធាមី នាយកអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិក មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបានទេ រីឯលោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចស្នើសុំមិនធ្វើអត្ថាធិប្បាយឡើយ៕