សៀមរាបៈ​អាជ្ញាធរ​ជាតិ​អប្សរា​ និង​រដ្ឋ​បាល​បេតិក​ភណ្ឌ​វប្បធម៌​នៃ​សា​ធារ​ណ​រដ្ឋ​កូរ៉េ បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នាដើ​ម្បី​ដំណើរ​ការ​អភិ​រក្ស​លើ​វិស័យ​បេតិក​ភណ្ឌ​វប្បធម៌​ឱ្យ​កាន់​តែ​ល្អ​ប្រសើ​រសំ​ដៅ​ជំរុញ​កំណើន​ទេស​ចរណ៍​បន្ថែម​ទៀត​។​

​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សរ​ណៈ​​នេះបាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​ហង់ ពៅ អគ្គនាយក​អាជ្ញា​ធរ​ជាតិ​អប្សរានិង​លោក ​Choi Eung-Chon ប្រធាន​រដ្ឋបាល​បេតិក​ភណ្ឌ​វប្បធម៌​នាទី​ក្រុង​សេ​អ៊ូ​ល​កាល​ថ្ងៃទី​១៩​ ខែកុម្ភៈ ​ឆ្នាំ​២០២៤​។នេះ​បើ​យោង​តាម​គេហ​ទំព័រ​​អាជ្ញា​ធរ​ជាតិ​អប្សរា​។​

​អាជ្ញា​ធរ​ជាតិ​អប្សរា​បា​នឱ្យ​ដឹង​ទៀតថា អនុ​ស្សរណៈ​​នៃ​ការយោ​គយ​ល់​គ្នា​រវាង​ភាគី​ទាំង​២នេះ​ផ្តោត​សំខាន់​ទៅ​លើ​កិច្ច​កា​រងារ​អភិ​រក្ស និង​ជួសជុ​ល រួត​បា​កាណ​នៃ​ប្រា​សាទ​អង្គ​រវត្ត ដែល​មាន​រយៈ​ពេល​ ៣ ​ឆ្នាំ​។​

​ប្រភព​ដដែល​ថា៖«​ក្រៅពី​ការ​ជួស​ជុល​រួត​បាកា​ណនៃ​​ប្រា​សាទអ​ង្គរវ​ត្តដែល​មាន​សារៈ​សំខាន់​ជាង​គេរ​បស់​ប្រទេស​កម្ពុជា​ហើយ​នោះ ​កិច្ច​សហ​ប្រតិ​បត្តិការ​នេះ ក៏មាន​ការ​បណ្តុះ​បណ្តាល និង​ការ​ផ្លាស់​ប្តូរ​នូវ​ចំណេះដឹ​ង​ទាក់​ទង​និង​បច្ចេក​វិទ្យា​ថ្មីៗ ក្នុង​ការ​បង្ហាញ​ទៅ​កាន់​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ផង​ដែរ​»​។​

​លោក ​ឡុង ​កុសល ​អ្នក​នាំ​ពាក្យ​អាជ្ញា​ធរ​ជាតិ​អប្សរា ​បាន​ឱ្យ​ដឹង​បន្ថែម​នៅ​ថ្ងៃទី​២០​ ខែកុម្ភៈ​ថា​ អនុស្ស​រណៈ​នៃ​ការយោគ​យល់​គ្នា​លើ​វិស័យ​បេតិក​ភណ្ឌ​វប្បធម៌​នេះមា​ន​រយៈ​ពេល​៣​ឆ្នាំ​ដោយ​ចាប់​ផ្តើម​អនុវ​ត្តពី​ឆ្នាំ​២០២៤​នេះ​ទៅ ហើយ​នេះ​មិន​មែន​ជា​លើកទី​១​ទេ​ដែល​កូរ៉េ​បាន​ជួ​យមក​ជួស​ជុល​ប្រា​សាទ​នៅ​ក្នុងរ​មណី​យ​ដ្ឋា​ន​អង្គរ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ចំពោះ​ការ​ជួស​ជុល​រួត​បាកាណ ដែ​ល​ស្ថិតនៅ​ប្រាង្គ​កណ្តាល​ប្រាសាទ​អង្គរវត្ត នឹង​ចាប់ផ្តើម​ពី​ពេល​នេះ​តទៅ​ក្រៅពី​នេះ​យើង​និង​កូរ៉េក៏​នឹង​សហ​ការ​គ្នា​លើ​កិច្ចការ​ស្រាវ​ជ្រាវ ចែករំ​លែក​បទ​ពិសោធន៍​រួមគ្នា និង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​បន្ថែម​ជា​មួយ​គ្នា​ផង​ដែរ​»​។​

​ចំពោះ​អនុស្ស​រណៈ​នេះដែ​រភាគី​កូរ៉េ ​រំពឹង​ទុក​ថាភ្ញៀវ​ទេសចរ​កូរ៉េនឹង​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន ​ហើយនឹង​បាន​ឃើញ​ពី​កិច្ច​សហ​ការ​គ្នា​រវាង​ក​ម្ពុ​ជា​-​កូរ៉េ​នាពេល​បច្ចុប្បន្ន​និង​កន្លង​មក​ផងដែរ​។​លើស​ពីនេះ អាជ្ញា​ធរ​ជាតិ​អប្សរា​ក៏​បាន​លើក​ឡើង​ដែរ​ថា មិន​ថា​ការ​ចូល​រួម​ចំណែក​រប​ស់​ប្រទេស​កូរ៉េ ឬ​ប្រទេស​ណា​មួយ​នោះ​ទេ គឺ​សុទ្ធតែជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​សមិទ្ធ​ផលនិ​ង​មោទន​ភាព​នៃ​កិច្ច​សហ​ការ​គ្នា​សំដៅ​ជួយ​ជំរុញ​ឱ្យមាន​កំណើន​ទេសចរ​ទៅកាន់​ប្រាសាទ​អង្គរ​វត្ត​ឱ្យ​កាន់​តែ​ច្រើន​។​

​ពាក់​ព័ន្ធ​នឹង​គម្រោង​នេះ​ដែរ លោក ញឹម ស៊ី​ដេ​ត ម​គ្គុ​ទ្ទេស​ក៍ទេស​ចរណ៍​នៅ​តំបន់​អង្គរ​ខេត្ត​សៀម​រាប​បាន​គាំទ្រ​ចំពោះ​សកម្ម​ភាព​ជួស​ជុស​រួត​បាកាណ​នៃ​ប្រា​សាទ​អង្គរ​វត្តនេះ​ឡើង​វិញ​របស់​អ្នក​ជំនាញ​ជាតិ​អន្ត​រជាតិ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ចការ​អភិ​រក្សនិ​ង​ជួស​ជុល​ប្រា​សាទ​ដ៏​អស្ចារ្យ​មួយ​នេះ​ឱ្យ​មាន​ភាព​ស្រស់ស្អា​តរឹងមាំ​បានយូរ អង្វែង​តទៅ​មុខ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ប្រា​សាទ​អង្គរ​គឺជា​ប្រា​សាទ​ដែល​មាន​ស្ថាបត្យ​កម្មដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ពិភព​លោក ហើយ​ភាគ​ច្រើន​ភ្ញៀវ​ទេសច​រ​មក​កាន់​តំបន់​អង្គរ​មិន​ដែល​រំលង​ប្រា​សាទ​នេះ​នោះ​ទេហេ​តុ​នេះ​តាម​រយៈ​កិច្ច​សហការ​រវាង​អាជ្ញា​ធរ​អប្សរា​និង​កូរ៉េ​នឹង​ជួយ​ជំរុញ​កំណើន​ទេស​ចរណ៍​មក​កាន់​តំបន់​អង្គរ​កាន់​តែ​មាន​សម្ទុះ​ខ្លាំង​ថែមទៀត​»៕