កម្ពុជា និងទីម័រខាងកើត បានបង្ហាញបំណងចង់បង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទពិសោធន៍រវាងនគរបាល នៃប្រទេសទាំង២ ក្នុងគោលបំណងកសាងធនធាននគរបាល សហការអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។
នេះបើយោងតាមខ្លឹមសារនៃជំនួបកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃរវាងលោក ស សុខា និង លោក អ៊ីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំកម្ពុជា ដែលបានផ្សព្វផ្សាយនៅលើគេហទំព័រអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
គេហទំព័រដដែលបានឱ្យដឹងថា៖ «បន្ទាប់ពីភាគីទាំង២ បានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង ដែលទាំងឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បានបង្ហាញគោលជំហរដូចគ្នាថា ទាមទារចាំបាច់នូវកិច្ចការសហប្រតិបត្តិការខ្ពស់ដើម្បីប្រឆាំងបញ្ហានេះក្នុងតំបន់។ ភាគីទាំង២ ក៏សង្ឃឹមមុតមាំថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តរីកចម្រើនដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំង២»។
គេហទំព័រដដែលនេះក៏បានស្រង់សម្ដី លោក អ៊ីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស បានបង្ហាញពីឆន្ទៈដោយជឿជាក់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃកម្ពុជានឹងបន្តរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន នៃប្រទេសកម្ពុជា។
ប្រភពដដែលបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌនយោបាយភាគីទាំង២ក៏បានសម្ដែងការយកចិត្តទុកដាក់លើការលើកកម្ពស់ ទំនាក់ទំនងនៃប្រទេសទាំង២ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ទីម័រខាងកើត។
ក្នុងក្របខ័ណ្ឌអាស៊ានវិញកម្ពុជា ក៏បានអបអរសាទរចំពោះប្រទេសទីម័រខាងកើត ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ានឯកភាពជាគោលការណ៍ឱ្យប្រទេសទីម័រខាងកើតក្លាយជាសមាជិកទី១១ របស់អាស៊ាន កាលពីក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដែលស្ថិតក្នុងអាណត្តិជាប្រធានអាស៊ានរបស់កម្ពុជា ក្នុង ឆ្នាំ២០២២ កន្លងមក។
លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដាននយោបាយតំបន់ បានប្រាប់ឱ្យដឹងថា ការរឹតចំណងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងនគរបាលរវាងកម្ពុជានិងទីម័រខាងកើត គឺជារឿងថ្មីមួយ ខណៈទីម័រខាងកើតកំពុងជំរុញទំនាក់ទំនងលើគ្រប់វិស័យជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ជាពិសេសទៅលើផ្នែកសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែនដែលជារឿងលេចធ្លោក្នុងតំបន់អាស៊ានផ្ទាល់។
លោកបានឱ្យដឹងថា៖ «ទីម័រខាងកើតក៏កំពុងរងហានិភ័យពីឧក្រិដ្ឋកម្មឆ្លងដែន ការវាយប្រហារតាមប្រព័ន្ធអនឡាញ ហើយសមត្ថភាពឆ្លើយតបរបស់ខ្លួននៅមានកម្រិត វិស័យការពារជាតិនៅមានភាពទន់ខ្សោយដែលត្រូវមានកិច្ចសហការ ការរៀនសូត្រពីប្រទេសក្នុងតំបន់»។
លោកបានបន្តទៀតថា ទន្ទឹមនឹងនេះ កម្ពុជាជាប្រទេសជិតស្និទ្ធមួយរបស់ទីម័រខាងកើតចាប់តាំងពីសម័យដឹកនាំដោយលោកអតីតនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលធ្លាប់ជួយទីម័រខាងកើតចូលក្នុងអង្គការអាស៊ាន។
លោក សេង វណ្ណលី យល់ថា ជារឿងល្អក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងកម្ពុជា និងទីម័រខាងកើតនេះ ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ហើយកម្ពុជា ធ្លាប់រងការរិះគន់ពីមតិអន្តរជាតិជុំវិញបញ្ហានេះផង ស្របពេលទីម័រខាងកើតផ្តល់តម្លៃខ្លាំងលើកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ហើយកម្ពុជាក៏តែងផ្តល់តម្លៃ លើកទឹកចិត្តដល់ទីម័រខាងកើតផងដែរ៕