
ក្រុមហ៊ុនទេសចរណ៍ប្រមាណជាង ២០ក្រុមហ៊ុន ថតរូបអនុស្សាវរីយ៍ជាមួយមន្ត្រីក្រសួងទេសចរណ៍។ រូបថត CATA
សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងថា ពិព័រណ៍ទេសចរណ៍អន្តរជាតិនៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នាខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានក្រុមហ៊ុនទេសចរណ៍ប្រមាណជាង ២០ ក្រុមហ៊ុន ចូលរួមក្នុងការតាំងពិព័រណ៍ ដើម្បីបង្ហាញពីផលិតផលទេសចរណ៍ និងសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈថា សមាគម និងខាងក្រុមហ៊ុនឯកជន ក្នុងវិស័យទេសចរណ៍ បានជួបប្រជុំជាមួយក្រសួងទេសចរណ៍ កាលចុងសប្តាហ៍មុន ដើម្បីពិភាក្សាពីការចូលរួមតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ដែលជាពិព័រណ៍ដ៏ធំប្រចាំឆ្នាំ ប្រមូលផ្តុំដោយក្រុមហ៊ុនទេសចរណ៍ និងអ្នកទស្សនា មកពីជុំវិញពិភពលោក។
លោកស្រីបានបន្ថែមថា ពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍ គឺជាពិព័រណ៍ឈានមុខគេរបស់ពិភពលោក ដែលនឹងធ្វើឡើងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ៥-៧ ខែមីនា ឆ្នាំ២០២៤។
លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់បន្ថែមថា៖«សម្រាប់កម្ពុជា ក្រសួងទេសចរណ៍ នឹងទិញជាពន្លាសម្រាប់ប្រទេសកម្ពុជាទាំងមូលតែម្តង ដោយពន្លានោះនឹងបែងចែកមកឱ្យផ្នែកឯកជនយើងប្រមាណជាង ២០ ក្រុមហ៊ុន ដើម្បីបង្ហាញពីផលិតផលទេសចរណ៍របស់កម្ពុជា ហើយក្រសួងទេសចរណ៍ នឹងមានបង្ហាញពីសិល្បៈវប្បធម៌បុរាណខ្មែរយើង»។
ទីផ្សារអាល្លឺម៉ង់ គឺជាទីផ្សារដ៏ធំមួយរបស់ប្រទេសកម្ពុជា ខណៈដែលការទៅចូលរួមក្នុងពិព័រណ៍នេះ មិនសំដៅតែទាក់ទាញអ្នកទេសចរអាល្លឺម៉ង់នោះទេ តែមានទីផ្សារដទៃទៀតផងដែរ ដែលនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនេះ។ ក្រុមហ៊ុនដែលចូលរួមក្នុងការតាំងពិព័រណ៍នេះ សុទ្ធសឹងតែជាក្រុមហ៊ុនដែលមានភាពប្រាកដប្រជា និងជំនាញច្បាស់លាស់នៅក្នុងវិស័យទេសចរណ៍ ទើបហ៊ានចំណាយក្នុងការចូលរួមតាំងពិព័រណ៍។ នេះបើតាមលោកស្រីប្រធានសមាគមបានបញ្ជាក់បន្ថែម។
ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC)លោកធួន ស៊ីណាន បានឱ្យដឹងដែរថាការតាំងពិព័រណ៍ទេសចរណ៍ ITB Berlin ២០២៤នេះ មិនមែនផ្តោតតែលើទីផ្សារអាល្លឺម៉ង់នោះទេ ព្រោះវាជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយរបស់ពិភពលោក។
លោកបានបន្ថែមថា ការចូលរួមលក់កញ្ចប់ទេសចរណ៍នៅទីនោះមិនត្រឹមសម្រាប់ទីផ្សារអាល្លឺម៉ង់មួយនោះទេ ថែមទាំងទីផ្សារសហភាពអឺរ៉ុបទាំងមូលផងដែរ។
លោកបានប្រាប់ថា៖«ការចូលរួមរបស់រដ្ឋាភិបាល និងវិស័យឯកជនកម្ពុជា នៅក្នុងពិព័រណ៍ទេសចរណ៍នេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្សព្វផ្សាយពីកម្ពុជា ជាគោលដៅទេសចរណ៍មួយដែលមានភាពសម្បូរបែប ដោយមិនត្រឹមតែជាការលក់កញ្ចប់ទស្សនកិច្ចប៉ុណ្ណោះនោះទេ»។
លោក ធួន ស៊ីណាន បានបន្តថា ខាងក្រុមហ៊ុនរបស់លោកតែងតែផ្សព្វផ្សាយនូវកញ្ចប់ទេសចរណ៍ នៅប្រទេសអាល្លឺម៉ង់នេះ រៀងរាល់៣ទៅ ៦ ខែម្តង ព្រោះថាការជំរុញការផ្សព្វផ្សាយកាន់តែច្រើន នឹងទាក់ទាញទេសចរណ៍មកកម្ពុជាកាន់តែច្រើន ជាពិសេសនូវរដូវ High Season នេះ។
«ប្រទេសកម្ពុជា មានភាពល្បីល្បាញចំពោះរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ពិភពលោក ដូចជាឧទ្យានបុរាណអង្គរក្នុងខេត្តសៀមរាប ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ និងរមណីដ្ឋានបុរាណសំបូរព្រៃគុក ក្រៅពីនេះ កម្ពុជា មានឆ្នេរសមុទ្រប្រវែង ៤៥០ គីឡូម៉ែត្រ លាតសន្ធឹងលើខេត្តភាគនិរតីចំនួន ៤ គឺ ខេត្តព្រះសីហនុ កំពត កែប និងកោះកុង។ទាំងនេះហើយជាអ្វីដែលយើងចង់ផ្សព្វផ្សាយទៅកាន់ពិភពលោក»។ នេះបើតាមលោក ធួន ស៊ីណានបញ្ជាក់។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៤៣ លាននាក់ ក្នុងឆ្នាំ២០២៣ ដែលកើនឡើងខ្ពស់ដល់ ១៣៩ ភាគរយ ពី ២,២៧ លាននាក់ ក្នុងឆ្នាំ២០២២។ នៅក្នុងនោះប្រទេសថៃបានឈរកំពូលតារាងក្នុងចំណោមភ្ញៀវបរទេសមកកាន់កម្ពុជាចំនួន ១,៨២ លាននាក់ តាមពីក្រោយដោយប្រទេសវៀតណាម ចំនួន ១,០១ លាននាក់, ចិនចំនួន ៥៤៧ ៧៨៩ នាក់, ឡាវ ចំនួន ៣៧២ ២៨៥ នាក់ និងសហរដ្ឋអាមេរិក ចំនួន ១៨៤ ៧៨០ នាក់។
យោងតាមក្រសួងទេសចរណ៍ដដែល ចំនួនភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជាត្រូវបានគេព្យាករថានឹងកើនឡើងដល់ ៧ លាននាក់ នៅឆ្នាំ២០២៥ លើសពីមុនពេលមានជំងឺរាតត្បាតកូវីដ១៩ ដែលមានចំនួន ៦,៦ លាននាក់ ក្នុងឆ្នាំ២០១៩៕