លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានសេចក្តីណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវគ្រប់គ្រងតាមដានត្រួតពិនិត្យរាល់សកម្មភាពការលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋានរាជធានី-ខេត្តមួយចំនួននៅទូទាំងប្រទេស ក្រោយពីបានសង្កេតឃើញថាមានការលួចលាក់នាពេលកន្លងមកដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សេចក្ដីណែនាំនេះបានបញ្ជាក់ថា ចំពោះអ្នកកាន់អាជ្ញាប័ណ្ណល្បែងផ្សងសំណាង និងអ្នកមានលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាង ត្រូវអនុវត្តទៅតាមសៀវភៅបន្ទុកលក្ខខណ្ឌនៃអាជ្ញាប័ណ្ណ ដូចជា ត្រូវលើកស្លាកយីហោឱ្យបានត្រឹមត្រូវ ត្រូវដាក់តាំងបង្ហាញអាជ្ញាប័ណ្ណល្បែងផ្សងសំណាង ត្រូវដំណើរការប្រភេទល្បែងនិងឧបករណ៍ល្បែងដែលមានការអនុញ្ញាត និងត្រូវដាក់តាំងវិញ្ញាបនបត្រចុះបញ្ជីប្រភេទ និងឧបករណ៍ល្បែង។
សេចក្ដីណែនាំនេះបានឱ្យដឹងថា៖ «ករណីមិនអនុវត្តតាមការណែនាំ ឬលួចលាក់បង្កប់ការលេងល្បែងដែលមិនអនុញ្ញាតពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវចាត់ទុកថាបានប្រព្រឹត្តល្មើសទៅនឹងច្បាប់ និងត្រូវប្រឈមនឹងការពិន័យអន្តរការណ៍ ព្រមទាំងឈានដល់ការព្យួរ ឬដកហូតអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាត និងត្រូវផ្ទន្ទាទោសតាមច្បាប់»។
សេចក្ដីណែនាំនេះបញ្ជាក់ថា ចំពោះអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធវិញ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ស្នើឱ្យតាមដាន និងចុះត្រួតពិនិត្យជាប្រចាំតាមទីតាំងសកម្មភាពល្បែងផ្សងសំណាងនៅទូទាំងប្រទេស ហើយចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមានការអនុវត្តផ្ទុយពីសេចក្តីណែនាំនេះ។ អាជ្ញាធរមានសមត្ថកិច្ចត្រូវសហការគ្រប់គ្រងតាមដានជាប្រចាំចំពោះរាល់សកម្មភាពលួចលាក់បង្កប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងចាត់វិធានការតាមរផ្លូវច្បាប់ឱ្យទាន់ពេលវេលា។
លោកមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បានថ្លែងគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងល្បែងស៊ីសង និងល្បែងផ្សងសំណាងនេះ ហើយលោកចង់ឱ្យរដ្ឋាភិបាលកំណត់ឱ្យច្បាស់លាស់រវាងល្បែងស៊ីសងខុសច្បាប់ និងល្បែងដែលស្របច្បាប់។
លោកថ្លែងថា៖ «កាលមុនយើងធ្វើម្តងហើយ មុនបោះឆ្នោតចុងក្រោយនេះ មានភាពតឹងតែងម្តងហើយ ដោយមានការដើរបង្ក្រាបទីតាំងល្បែងគ្រប់កន្លែង មានបិទច្រើនកន្លែងដែរ តែវិធានការរឹងនេះមិនបានដល់ ២ខែផង បែរជាមកប្រក្រតីវិញ»។
លោកបានស្នើឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព ចៀសវាងចាត់វិធានតែរយៈពេលខ្លី ហើយស្ងប់ស្ងាត់ទៅវិញ ជាពិសេសមិនត្រូវលើកលែងឡើយក្នុងករណីរកឃើញថាមានមន្ត្រី អ្នកមានអំណាចណាមួយពាក់ព័ន្ធ ឃុបឃិតក្នុងបញ្ហាបើកអាជីវកម្មល្បែងស៊ីសងនេះ ដើម្បីអាចដោះស្រាយបានដោយសង្គតិភាព។
ដោយឡែក លោកប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក៏បានបង្ហាញការគាំទ្រនូវវិធានម៉ឺងមម៉ាត់របស់រដ្ឋាភិបាលក្នុងកិច្ចអន្តរាគមន៍នេះដែរ។
លោកថ្លែងថា មួយរយៈកាលចុងក្រោយនេះ ទីតាំងអាជីវកម្មល្បែងស៊ីសង ល្បែងផ្សងសំណាង រីកដុះដាលជាច្រើនកន្លែងនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋតាមមូលដ្ឋានភូមិស្រុកនានាក៏ផ្ទុះប្រព្រឹត្តល្បែងស៊ីសងនេះផង។
លោកបានឱ្យដឹងថា៖ «ការប្រកាសបង្ក្រាបល្បែងស៊ីសង ល្បែងផ្សងសំណាងនេះ មានជាហូរហែមកហើយ ប៉ុន្តែប្រសិទ្ធភាពនៃការអនុវត្តវិធានការនៅមានកម្រិត។ ដើម្បីឱ្យវិធានការនេះមានប្រសិទ្ធភាពទាល់តែយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ទាំងការអនុវត្តរបស់អាជ្ញាធរពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកបើកទីតាំងអាជីវកម្មល្បែងស៊ីសង»។
សូមរំឭកដែរថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ត្រួតពិនិត្យ និងបង្ក្រាបទីតាំងលែងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយសារទិន្នន័យបង្ហាញថាចំនួនទីតាំងល្បែងអនឡាញកំពុងប្រតិបត្តិការច្រើនជាងចំនួនដែលបានចុះបញ្ជីតាមផ្លូវច្បាប់៕