ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផាន់ ផល្លា បានលើកឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈក្នុងវេទិកា សាធារណៈស្ដីពីការផ្សព្វផ្សាយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាល បានរៀបចំនូវយន្តការសំខាន់ជាច្រើនក្នុងការជួយគាំទ្រ និងលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីជំរុញឱ្យវិស័យនេះឱ្យមានភាពរឹងមាំ។
លោកក៏បានបង្ហាញពីយន្តការលើកទឹកចិត្តនានា តាមរយៈច្បាប់វិនិយោគ ដែលរដ្ឋាភិបាលបានកែសម្រួល និងរៀបចំអនុក្រឹត្យថ្មី ដោយនៅក្នុងច្បាប់វិនិយោគថ្មីនេះជាច្បាប់មួយ ដែលរដ្ឋបានកែសម្រួលដើម្បីឱ្យស្របតាមស្ថានភាពសេដ្ឋកិច្ច ដែលរដ្ឋកំពុងតែចង់បាន ហើយអ្វីដែលរដ្ឋចង់បានគឺចង់ពង្រឹង SME។
លោកបញ្ជាក់ថា៖ «ខ្ញុំចង់ជម្រាបថា ពាក់ព័ន្ធនឹង SME គឺជាការងារមួយ ដែលយើងបានធ្វើច្រើនកន្លងមក ហើយខ្ញុំគិតប្រហែលជារឿងខ្លះ យើងដាក់ចេញទៅ ប្រហែលជាអ្នកមិនធ្វើការពាក់ព័ន្ធនឹងការងារហ្នឹង ប្រហែលជាអត់ដឹងអត់ឃើញទេ»។
ច្បាប់វិនិយោគថ្មីនេះ រដ្ឋាភិបាលបានកែសម្រួល ដោយផ្ដល់ឱ្យអ្នក ដែលផ្ដល់ទៅឱ្យវិនិយោគិននាំចេញ គឺមិនតម្រូវឱ្យបង់ថ្លៃអ្វីនោះទេ ហើយនេះជាគន្លឹះនៃការជួយសម្រួលដល់ SME ដើម្បីធ្វើឱ្យ SME អាចនៅភ្ជាប់ជាមួយនឹងក្រុមហ៊ុនធំៗបាន ខណៈដែលរដ្ឋាភិបាលបានបង្កើតធនាគាររដ្ឋមួយ គឺធនាគារ SME BANK បើទោះបីជាធនាគារនេះ ទើបចាប់ផ្តើមក្នុងឆ្នាំ២០២០ មុនកូវីដក៏ដោយ ប៉ុន្ដែការបង្កើតធនាគារនេះ គោលដៅដែលសំខាន់គឺការជួយដល់ SME។
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក៏បានមានប្រសាសន៍ឱ្យដឹងដែរថា កន្លងមក រាជរដ្ឋាភិបាល តាមរយៈធនាគារ SME, CGCC,ARDB រួមទាំងតាមរយៈធនាគារពាណិជ្ជមួយចំនួន ពិតជាបានផ្តល់ទុនក្នុងការចូលរួមចំណែកជួយដល់វិស័យ SME បើទោះជាមិនទាន់គ្រប់គ្រាន់ បាន១០០ភាគរយក៏ដោយ ប៉ុន្តែបានជួយសម្រួលបានច្រើនដល់អ្នកនៅក្នុងវិស័យ SME។
លោកបានបញ្ជាក់ថា៖«ទោះបីជាមានរាជរដ្ឋាភិបាលជួយជ្រោមជ្រែងកម្រិតណាក៏ដោយ ខ្ញុំចង់ឱ្យអ្នកនៅក្នុងវិស័យ SME យើងព្យាយាមប្រឹងប្រែងខ្លួនឯងផង ដោយត្រូវប្រឹងប្រែងបន្តទៀត។ ម្យ៉ាងវិញទៀត ធនាគារ SME, CGCC,ARDB គេបានផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបឱ្យយើងហើយ ដូច្នេះត្រូវសងត្រឡប់ទៅវិញឱ្យបានទាន់ពេលវេលាផង ដើម្បីធនាគារយកទៅប្រើប្រាស់សម្រាប់ជួយអ្នកដទៃទៀត»។
ចំណែកលោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានលើកឡើងថា កន្លងមក ការជួយពីរាជរដ្ឋាភិបាលចំពោះវិស័យ SME ជាពិសេសការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ពិតជាបានជួយសម្រួលច្រើនដល់វិស័យនេះ ក្នុងការស្តារ និងពង្រីកអាជីវកម្មរបស់ខ្លួនបន្ទាប់ពីរងគ្រោះដោយវិបត្តិកូវីដ១៩ និងវិបត្តិសកលផ្សេងទៀត។
លោកស្រីបានប្រាប់ថា៖«យើងបានឃើញពីកិច្ចខិតខំប្រឹងប្រែងមួយទៀតរបស់រាជរដ្ឋាភិបាល គឺការទាក់ទាញអ្នកវិនិយោគពីបរទេសឱ្យមកវិនិយោគនៅកម្ពុជា។ ពិតណាស់ កាលណាមានអ្នកវិនិយោគមកកាន់តែច្រើន វិស័យរួមផ្សំផ្សេងៗដូចជាវិស័យលក់រាយវិស័យ SME ជាដើម នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់និងប្រយោល តាមរយៈកិច្ចសហការ និងផ្គត់ផ្គង់ទៅក្រុមហ៊ុនធំៗទាំងនោះផងដែរ»។
លោកស្រីបានបន្ថែមថា ដោយសារការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងផ្តល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ក្នុងការបង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិទើបរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយសម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ។
សូមជម្រាបថា ក្នុងរយៈពេលជាង ៣ ឆ្នាំមកនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បាននិងកំពុងផ្តល់ហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះ ដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ២០០ សហគ្រាស ដែលស្មើនឹងសមតុល្យឥណទានសរុបប្រមាណ ៤៩០ លានដុល្លារ៕