ភ្នំពេញៈ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាលើកឡើងថា ការបន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងអភិវឌ្ឍធនធានមនុស្សវិស័យសុខាភិបាល ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ នឹងនាំទៅដល់ការទទួលបានសេវាថែទាំសុខភាព និងការព្យាបាលប្រកបដោយគុណភាព ជាពិសេសសេវាថែទាំសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា។
លោកស្រី ប៊ុន រ៉ានី បានលើកឡើងបែបនេះ តាមរយៈសារលិខិតអបអរទិវាជាតិ សុខភាពមាតា ទារក និងកុមារ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល»។
ប្រធានបទនេះ មានគោលបំណងរំលេចឱ្យឃើញនូវការប្ដេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោកស្រី ប៊ុន រ៉ានី បានបញ្ជាក់ថា ៖ «នៅក្នុងបរិបទនេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្ដេជ្ញាចិត្តចូលរួមគាំទ្រ និងខិតខំបន្តអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ស្ត្រី ក្នុងការថែទាំសុខភាពមុនពេលរៀបការ ក្នុងពេលមានផ្ទៃពោះ ពេលសម្រាល ការថែទាំសុខភាពមាតា ទារក និងកុមារ ការបង្ការទប់ស្កាត់ជំងឺឆ្លងនានា ពីម្តាយមកកូន ដើម្បីសម្រេចបាននូវគោលដៅក្រោម ៥% នៅឆ្នាំ២០២៥ ខាងមុខនេះ»។
ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៤នេះដែរលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវ ឱ្យស្ត្រីមានផ្ទៃពោះតាមពេលវេលាកំណត់, ក្រោយពេលសម្រាលត្រូវទៅពិនិត្យសុខភាព និងត្រូវយកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយកើតឡើង។
លោកស្រីបន្តថា ៖ «ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប និងអ្នកផ្តល់សេវាទាំងអស់ ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ និងចូលរួមគាំទ្រការអនុវត្តគោលនយោបាយអាទិភាព នានារបស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមគោលដៅ កំណត់របស់រាជរដ្ឋាភិបាល»។
លោកស្រីក៏បានស្នើឱ្យសា្ថប័នជាតិ អន្តរជាតិពាក់ព័ន្ធទាំងអស់ បន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ ពិសេសជួយឧបត្ថម្ភ គាំទ្រដល់ការងារបណ្តុះបណ្តាលជំនាញ ដល់មន្ត្រី/បុគ្គលិក សុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅតាមសហគមន៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ។
លោកស្រី ប៊ុន រ៉ានី សង្កត់ធ្ងន់ថា ៖ «ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជានឹងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសុខភាពមាតា ទារក និងកុមារនៅកម្ពុជាពិសេសការគ្របដណ្ដប់សុខភាពជាសកលនៅឆ្នាំ២០៣០»។
ដើម្បីចូលរួមអបអរសាទរទិវានេះដែរ កាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចពិភាក្សាស្ដីពី «សុខភាពបន្តពូជ, សុខភាពមាតា ទារក និងកុមារ និងការថែទាំសុខភាពបឋម» កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានលើកឡើងនាឱកាសនោះថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ និងរំលឹកឡើងវិញនូវកាលបរិច្ឆេទដែលលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារទី២ ពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១។
លោកស្រីថា ៖ «យើងចង់ធ្វើការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់បងប្អូនរួមជាតិ ជាពិសេសយុវវ័យស្តីពីសុខភាពបន្តពូជ, សុខភាពមាតា ទារក និងកុមារ និងការថែទាំសុខភាពបឋម និងចង់បង្ហាញពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍមូលធនមនុស្ស ដែលប្រកបដោយសុខភាពល្អ និងមានសមត្ថភាព»៕