ភ្នំពេញៈក្រសួងអប់រំ យុវជន និងកីឡាបានសម្ពោធដាក់ឱ្យអនុវត្តគម្រោង UNICATION Erasmus ដែលមានការគាំទ្រដោយសហភាពអឺរ៉ុបដើម្បីកែលម្អគុណភាពអប់រំឧត្ដមសិក្សានៅកម្ពុជាឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍មូលធនមនុស្ស។
ពិធីសម្ពោធគម្រោងនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីលោក ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, លោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រភពដដែលបានឱ្យដឹងថា នៅក្នុងឱកាសនោះ លោក ហង់ជួន ណារ៉ុន បានលើកឡើងថា គម្រោង UNIFICATION Eramus ជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរវាងភាគីពាក់ព័ន្ធទាំងអស់ដោយផ្ដោតជាចម្បងលើការកសាងសមត្ថភាព ការបង្កើនជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងការគ្រប់គ្រងគម្រោង។
លោកបានថ្លែងថា៖«យើងជឿជាក់ថា ការអនុវត្តគម្រោងនេះនឹងនាំមកនូវលទ្ធផលជាផ្លែផ្កា និងផលិតភាពបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងស្របតាមចក្ខុវិស័យកែលម្អគុណភាពអប់រំឧត្ដមសិក្សានៅកម្ពុជាឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍មូលធនមនុស្សនិងជំរុញការផ្លាស់ប្ដូរបទពិសោធន៍រវាងប្រជាជនសហគមន៍អឺរ៉ុប និងអាស៊ី»។
តាមរយៈគម្រោង UNIFICATION Eramus ក្រសួងអប់រំ រំពឹងថានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍវិស័យអប់រំឧត្តមសិក្សា និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអឺរ៉ុបនិងអាស៊ី ដូចជា ពង្រឹងកិច្ចសហការ និងការចែករំលែកចំណេះដឹង,យល់ដឹងពីវប្បធម៌និងការគោរពគ្នាទៅវិញទៅមក,ពិសោធកម្មវិស័យអប់រំ,ជំរុញឱ្យមានការងារធ្វើ និងអាជីពជាសកល និងពង្រឹងចំណងមិត្តភាពអន្តរជាតិ។
ក្រសួងអប់រំ បានបញ្ជាក់ដែរថា តាមរយៈគម្រោងនេះអាចបង្កើតជាបណ្ដាញសម្រាប់ការស្រាវជ្រាវរួមគ្នា ការបណ្ដុះបណ្ដាល ការផ្លាស់ប្តូរមហាវិទ្យាល័យ និងការអភិវឌ្ឍកម្មវិធីសិក្សា។ ជាពិសេសកិច្ចសហការឆ្លងទ្វីបនេះនឹងនាំទៅរករបកគំហើញថ្មីៗ និងចែករំលែកឧត្តមានុវត្តន៍ឈានទៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
ប្រភពដដែលបានបន្តថា បង្កើតកម្មវិធីផ្លាស់ប្តូរនិស្សិតជាការជំរុញការយល់ដឹងអំពីវប្បធម៌ ការយល់ចិត្ត និងការគោរពដែលត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងអន្តរជាតិកាន់តែរឹងមាំ និងកិច្ចសហការក្នុងវិស័យផ្សេងៗ និងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក និងពង្រីកវិសាលភាពនៃចំណេះដឹងបង្កើតបរិយាកាសសិក្សាដែលរួមបញ្ចូលកាន់តែច្រើនសម្រាប់សិស្សមកពីទ្វីបទាំង២៕