ភ្នំពេញៈ រដ្ឋាភិបាលបានសម្រេចពន្លាតការអនុវត្តបណ្តេញចេញពីក្របខ័ណ្ឌរហូតទៅដល់មន្រ្តីរាជការស៊ីវិលក្នុងជួររដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំពោះមន្រ្តីណាដែលពាក់ព័ន្ធ ឬប្រើប្រាស់គ្រឿងញៀន ដោយគ្មានការលើកលែងតទៀតនោះទេ។
នៅក្នុងការបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩នៅថ្ងៃទី២០ ខែកុម្ភៈនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតបានថ្លែងថា លោកទើបតែបានចេញបទបញ្ជាឱ្យពន្លាតការអនុវត្តការបណ្តេញចេញពីក្របខ័ណ្ឌចំពោះមន្រ្តីរាជការស៊ីវិលទាំងអស់ ប្រសិនបើរកឃើញថា ប្រើប្រាស់ ឬពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីសម្អាតផ្ទះរបស់យើងពីបញ្ហាគ្រឿងញៀន។
លោកបានមានប្រសាសន៍បញ្ជាក់ថា៖«មិញខ្ញុំទើបស៊ីញ៉េបទបញ្ជារដ្ឋាភិបាលមួយ គឺពន្លាតនូវការអនុវត្តនេះនៅទូទាំងរដ្ឋាភិបាលតែម្តង បានន័យថា មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យតែរកឃើញថាមានប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខ័ណ្ឌ។ អត់ទុកទេ»។
លោកបានបញ្ជាក់បន្តថា៖«កុំឱ្យថា ម៉េចឱ្យតែប៉ូលិស និងទាហាន ចុះមន្រ្តីស៊ីវិល? ដូចគ្នាទេ ដើម្បីពង្រឹងវិន័យការឯកភាពក្នុងការអនុវត្ត មន្រ្តីរាជការ ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងស៊ីវិល គឺត្រូវមានក្របខ័ណ្ឌវិន័យ ក្របខ័ណ្ឌសីលធម៌ និងការទទួលខុសត្រូវជាងពលរដ្ឋធម្មតា យើងជាគំរូគេ»។
លោកបានបន្តថា ដើម្បីអនុវត្ត គឺត្រូវចាប់ផ្តើមធ្វើ ដើម្បី«សម្អាតផ្ទះយើងតែម្តង ដែលនេះគឺជាគោលនយោយបាយ គឺថា អត់មានការអនុគ្រោះនៅក្នុងជួររដ្ឋាភិបាលទៀតទេ ក្នុងការប្រើប្រាស់គ្រឿងញៀន»៕