ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញបានចេញបទបញ្ជាដោយដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងជួរកងកម្លាំងប្រដាប់អាវុធ ដោយត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះបុគ្គលណាត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានពាក់ព័ន្ធនឹងគ្រឿងញៀន។
លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយបានបញ្ជាក់ថា នៅកម្ពុជា រាជរដ្ឋាភិបាលមិនអាចអនុញ្ញាតឱ្យមានច្បាប់ដាំកញ្ឆាជាលក្ខណៈស្របច្បាប់នៅក្នុងប្រទេសកម្ពុជានោះទេនៅពេលដែលលោកស្ថិតនៅក្នុងតំណែងនាយករដ្ឋមន្ត្រី។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ខ្ញុំទើបតែ (បាន) ស៊ីញ៉េនូវបទបញ្ជាមួយរបស់រាជរដ្ឋាភិបាល គឺពន្លាតការអនុវត្តនៅទូទាំងរដ្ឋាភិបាលតែម្តង បានន័យថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យតែមានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនគឺត្រូវតែបណ្តេញចេញពីក្របខ័ណ្ឌ មិនទុកនោះទេ»។
លោក ហ៊ុន ម៉ាណែត បានបន្តថា៖ «កុំឱ្យថាយើងអនុវត្តតែសម្រាប់ប៉ូលិស ទាហាន អ៊ីចឹងមន្ត្រីស៊ីវិលគឺអនុវត្តដូចគ្នាដើម្បីពង្រឹងវិន័យការអនុវត្ត មន្ត្រីរាជការ ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងស៊ីវិល គឺត្រូវមានក្របខ័ណ្ឌវិន័យ ក្របខ័ណ្ឌសីលធម៌ដែលត្រូវទទួលខុសត្រូវជាប្រជាពលរដ្ឋធម្មតា ហើយយើងជាគំរូគេ អ៊ីចឹងយើងត្រូវចាប់ផ្តើមអនុវត្តផ្ទះរបស់យើងតែម្តង ដោយមិនមានការអនុគ្រោះបន្តទៀតទេនៅក្នុង ជួររាជរដ្ឋាភិបាល»។
យោងតាមបទបញ្ជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលចុះហត្ថលេខាដោយលោក ហ៊ុន ម៉ាណែត នាថ្ងៃទី ២០ ខែកុម្ភៈ បានលើកឡើងថា រាជរដ្ឋាភិបាលបានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្ត រីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់ និងលើពិភពលោករួមទាំងកម្ពុជាផងដែរ។
បទបញ្ជាបានបន្តថា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ តាមរយៈបទបញ្ជាដាច់ខាត ដោយគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
បទបញ្ជារបស់នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់»។
លោកថា ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌ កម្មព្រហ្មទណ្ឌដោយអនុលោម តាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងពិធីបិទសន្និបាតនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ដែរថា៖ «ខ្ញុំជឿថា មន្ត្រីរាជការរបស់យើង បើមិនបានប្រើគ្រឿងញៀន មិនដាច់ពោះស្លាប់នោះទេ។ បើមិនបានប្រើប្រាស់ មិនបានប៉ះគ្រឿងញៀននេះ ប្រហែលជាកាន់តែមានសុភមង្គលក្នុងគ្រួសារ។ នេះគឺជាវិធីសាស្ត្រមួយក្នុងការសម្អាតចកក្នុងបឹងធំរបស់យើង។ ខ្ញុំជឿថា យើងអាចធ្វើបាន»។
ឆ្លៀតឱកាសនោះដែរ លោកក៏បានថ្លែងបញ្ជាក់ជាថ្មី និងផ្តាំទៅដល់អ្នកដែលបានស្នើមកលោកសុំច្បាប់វិនិយោគដាំកញ្ឆានៅក្នុងប្រទេសកម្ពុជាសម្រាប់បម្រើឱ្យវិស័យសុខាភិបាល ប៉ុន្តែលោកបានឆ្លើយត្រឡប់ទៅវិញថា៖ «សម្រាប់ខ្ញុំ ដរាបណាខ្ញុំនៅធ្វើជានាយករដ្ឋមន្ត្រី ខ្ញុំមិនឯកភាពលើការបង្កើតច្បាប់នេះដាច់ខាត»។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា សម្រាប់ប្រទេសកម្ពុជាគឺមិនមានការចំណេញអីទេក្នុងការធ្វើការវិនិយោគលើកសិកម្មដាំកញ្ឆាលើដីរាប់រយ រាប់ពាន់ហិកតានោះទេ។
លោកបញ្ជាក់ថា៖ «អ៊ីចឹង! ខ្ញុំសូមផ្តាំទៅអ្នកដែលចង់ដាក់ទុនវិនិយោគដាំកញ្ឆានៅកម្ពុជា កុំចំណាយពេលជិះកប៉ាល់ហោះមក អត់ប្រយោជន៍ទេ មិនបាច់មកទេ។ ក្របខ័ណ្ឌច្បាប់របស់យើងក៏មិនអនុញ្ញាតឱ្យធ្វើទៅបានដែរ ហើយក៏មិនមានការចាំបាច់អីត្រូវធ្វើការសម្របសម្រួលក្រៅផ្លូវច្បាប់អីដែរ។ កុំធ្វើតែម្តងទៅ យើងគ្រប់គ្រងមិនបានទេ»។
លោកបានបន្តទៀតថា ក្នុងពេលនេះគឺត្រូវទុកឱកាសដើម្បីរួមគ្នាដើម្បីចាប់ផ្តើមបើកលម្ហនូវផ្ទៃបឹងលែងឱ្យមានចក (គ្រឿងញៀន) និងរួមគ្នាសម្អាតចកនៅតាមមូលដ្ឋាន តាមផ្នែកនីមួយៗ ដោយមិនឱ្យមានគ្រឿងញៀនបន្តទៀតក្នុងមូលដ្ឋាន ក្នុងប្រទេសកម្ពុជា។
លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងដែរថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៧ បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវ ដោះស្រាយចំពោះមុខ ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។
លោកបានថ្លែងថា៖ «ការបន្តដាក់ចេញនូវផែនការយុទ្ធនាការលើកទី៩ ក៏ដូចជា បង្កើតគណៈបញ្ជាការយុទ្ធនាការ សម្រាប់អាណត្តិថ្មីនេះ គឺជាការបង្ហាញឆន្ទៈមោះមុត និងទស្សនវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការកែប្រែកម្ពុជា ទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ»។ «ចំពោះការងារអនុវត្តច្បាប់ ដែលកន្លងមកក្រសួងមហាផ្ទៃ បានអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីអនុវត្តច្បាប់ណា ដែលពាក់ព័ន្ធទាំងបទល្មើស និងការប្រើប្រាស់គ្រឿងញៀន»។
យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន ៨ លើកកន្លងទៅ (២០១៧-២០២៣) សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៥៥ ៣០៥ ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ១២០ ៣០៧ នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ២៧-៦៤១ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥២០ ០០៥ គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារ និងវត្ថុតាងជាច្រើនទៀត។ ចំណែកការងារផ្សព្វផ្សាយ អប់រំ បានគ្របដណ្តប់លើអ្នកដែលបានទទួលនូវសារអប់រំពីបញ្ហាគ្រឿងញៀនមាន ចំនួន ១៥ ៧៩៨ ៩១៤ នាក់ រួមទាំងព្រះសង្ឃ។
របាយការណ៍បន្តថា ការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម បានគ្រប់គ្រងអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀនចំនួន ២៣ ០៤៦ នាក់ ធៀបនឹងឆ្នាំ ២០២២ ដែលមាន ២២ ២១៣ នាក់៕