ភ្នំពេញៈ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ នៅទីស្តីការក្រសួងឧស្សាហកម្មនាថ្ងៃទី ២០ ខែកុម្ភៈថា ក្រសួងបានកំណត់យកការងារជំរុញការផ្គត់ផ្គង់ទឹកស្អាតជាទិសដៅអាទិភាពទី១ សម្រាប់អនុវត្តនៅក្នុងឆ្នាំនេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ការជំរុញការផ្គត់ផ្គង់ទឹកស្អាតនេះជាការងារចម្បងដែលក្រសួងនឹងខិតខំអនុវត្តដោយសុច្ឆន្ទៈ និងប្រកបដោយការទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យគោលដៅផ្គត់ផ្គង់ទឹកស្អាត ១០០ ភាគរយ បានជោគជ័យត្រឹមឆ្នាំ ២០៣០»។
លោក ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងដែរថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលបានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលទឹកត្រូវបានរំកិលមកជាអាទិភាពទី៣ វិញ។
លោកបានបន្ដថា ក្នុងន័យនេះ ក្រសួងបានបន្តពង្រឹងការគ្រប់គ្រង និងការអនុវត្តទឹកស្អាតព្រមទាំងបានបន្តគោលនយោបាយលើកទឹកចិត្តវិស័យឯកជនក្នុងការវិនិយោគលើទឹកស្អាតដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋទូទៅក្នុងការប្រើប្រាស់ទឹកស្អាត ដែលមានភូមិសាស្ត្រអាទិភាពមួយចំនួនដូចជា តំបន់សេដ្ឋកិច្ចពិសេស បណ្តុំសហគ្រាសធុនតូច និងមធ្យម និងតំបន់ប៉ូលសេដ្ឋកិច្ច នៅតាមរាជធានីខេត្តជាដើម ដែលជាកត្តាចាំបាច់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។
លោកបានបញ្ជាក់ថា៖ «ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៣ កន្លងមកនេះ ការផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបមានចំនួនប្រមាណ ៤៦១ លានម៉ែត្រគុប ប្រៀបធៀបនឹងឆ្នាំ ២០២២ មានកំណើនប្រមាណ ៦៣ លានម៉ែត្រគុប ស្មើនឹង ១៦ ភាគរយ»។
លោកបន្ថែមថា គិតត្រឹមឆ្នាំ ២០២៣ រដ្ឋ និងឯកជនបានភ្ជាប់តំណជូនអតិថិជនសរុបប្រមាណ ១ ៣០៧ ៨១០ តំណ កើនឡើង ១០២ ២៧៩ តំណ ស្មើនឹង ៨,៥ ភាគរយ ហើយបើគិតជាភូមិមានចំនួន ៦ ៥១៩ ភូមិនៃចំនួនភូមិសរុប ១០ ១៧០ ដែលស្ថិតក្នុងតំបន់សេវាកម្ម។
យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងឧស្សាហកម្មបានឱ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិថ្មីបានគិតគូរដល់ការពង្រឹងសមត្ថភាពផលិត និងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅគ្រប់តំបន់ទីប្រជុំជន រហូតដល់ទីជនបទដទៃទៀត សម្រាប់ការប្រើប្រាស់ទូទៅដល់សាធារណជនដើម្បីជំរុញស្វ័យភាព ពង្រឹង និងធានាប្រសិទ្ធភាពនៃការផលិត ការចែកចាយ និងការធ្វើអាជីវកម្មប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។
បច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនទូទាំងប្រទេសមានប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតសរុបចំនួន ៤១៨ ដែលក្នុងនោះមាន រដ្ឋាករទឹកសាធារណៈចំនួន ១១ រួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, រដ្ឋាករទឹកស្វយ័តសៀមរាប, រដ្ឋាករទឹកស្ទឹងត្រែង, រដ្ឋាករទឹកបាត់ដំបង, រដ្ឋាករទឹកកំពង់ចាម រដ្ឋាករទឹកក្រុងស្ទឹងសែន, រដ្ឋាករទឹកកំពត, រដ្ឋាករទឹកមណ្ឌលគិរី, រដ្ឋាករទឹកពោធិ៍សាត់, រដ្ឋាករទឹកស្វាយរៀង, រដ្ឋាករទឹកស្ទោងតាំងក្រសាំង និងប្រតិបត្តិករឯកជនចំនួន ៤០៧។
ទន្ទឹមនេះ ក្រសួងបានអនុវត្តគោលនយោបាយទឹកស្អាត ដោយបានតភ្ជាប់បណ្ដាញជូនប្រជាពលរដ្ឋដែលមានបណ្ណសមធម៌[ប្រភេទក្រ ១ និងក្រ ២] និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបសរុប ១០ ៣៣៥ តំណ និងបានភ្ជាប់បណ្តាញជូនចំពោះអតិថិជនជាកម្មករ កម្មការិនី និងសិស្ស និស្សិត សរុបចំនួន ១១១ ៥៣៧ តំណ៕