ភ្នំពេញៈ ក្នុងជំនួបពិភាក្សាការងារជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាកាលពីថ្ងៃទី ១៩ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងផែនការលោក ប៊ិន ត្រឈៃ បានស្នើសហភាពអឺរ៉ុប (European Union) ផ្តល់ការគាំទ្រជាជំនួយបច្ចេកទេស និងសម្ភារលើការងារជំរឿន និងអង្កេតរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៤ នេះ។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ និងសហភាពអឺរ៉ុបដើម្បីគាំទ្រ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រវាងលោក lgor DRIESMANS ឯកអគ្គរដ្ឋទូតនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក ប៊ិនត្រឈៃ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងផែនការ។
លោក ប៊ិន ត្រឈៃ បានលើកឡើងនាឱកាសនោះថា សហភាពអឺរ៉ុបបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចដំណើរការកសាងការអភិវឌ្ឍសង្គមជាតិកម្ពុជា ហើយលោករដ្ឋមន្ត្រីក៏បានបង្ហាញពីបំណងចង់ប្រែក្លាយការធ្វើជំរឿន និងអង្កេតដែលផ្អែកលើការប្រើប្រាស់ក្រដាស ទៅប្រើប្រាស់ជាឧបករណ៍ឌីជីថល (Digital) ផងដែរ។
លោក ប៊ិន ត្រឈៃ បានថ្លែងថា៖ «សូមស្នើដល់សហភាពអឺរ៉ុបផ្តល់ការគាំទ្របន្ថែមទៀតលើគម្រោងដែលបានឯកភាពគ្នា ជាជំនួយបច្ចេកទេស និងសម្ភារបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (Information and communication technology-ICT) លើការងារជំរឿន និងអង្កេត ហើយដែលក្នុងឆ្នាំ ២០២៤ នេះ ក្រសួងផែនការនឹងរៀបចំការធ្វើអង្កេតចន្លោះជំរឿនប្រជាជនផងដែរ»។
បើតាមក្រសួងផែនការ ក្នុងជំនួបនោះ លោក lgor DRIESMANS ក៏បានលើកឡើងដែរថា ចាប់តាំងពីការឆ្លងរាតត្បាត នៃជំងឺកូវីដ ១៩ ជាសកលមកសហភាពអឺរ៉ុបដើរតួនាទីយ៉ាងសំខាន់ និងបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានផ្តល់ការឧបត្ថម្ភគាំទ្រដល់កម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រជាដើម។
លោកបន្តថា៖«ជំនួយទាំងនេះបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាធ្វើឱ្យមានប្រក្រតីភាពឡើងវិញក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា»។
បន្ថែមពីនេះ តំណាង EU ក៏បានវាយតម្លៃខ្ពស់ ចំពោះសំណើរបស់លោករដ្ឋមន្ត្រី ខណៈលោកស្ថានប្រតិភូអឺរ៉ុបប្រចាំកម្ពុជានឹងពិនិត្យលទ្ធភាពជាក់ស្តែងដើម្បីផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការនេះ។
បើតាមក្រសួងផែនការ ជាលទ្ធផលនៃជំនួបនេះដែរសហភាពអឺរ៉ុប នឹងផ្តល់ការគាំទ្រគម្រោងលើកកម្ពស់សមត្ថភាពដល់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ លើការពង្រឹងការសម្របសម្រួល និងដំណើរការការងារ ដោយផ្តោតសំខាន់ចំពោះការគ្រប់គ្រងគុណភាពនៃស្ថិតិផ្លូវការ ការលើកកម្ពស់ភាពស៊ីចង្វាក់គ្នានៃវិធីសាស្ត្រសម្រាប់ការប្រមូល ការផលិត និងការផ្សព្វផ្សាយទិន្នន័យស្ថិតិព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបណ្តុះបណ្តាលមន្ត្រីទាំងនៅក្នុងវិទ្យាស្ថានជាតិស្ថិតិ និងក្នុងប្រព័ន្ធស្ថិតិជាតិ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ លោក អំ សំអាត បានថ្លែងថា ការស្នើឱ្យមានជំនួយបច្ចេកទេសគឺជារឿងល្អ ដើម្បីឱ្យដើរទាន់សម័យកាលឌីជីថល ព្រមទាំងឈានទៅថែរក្សាទុកដាក់ប្រព័ន្ធជំរឿនឱ្យកាន់តែមានគុណភាព និងសុវត្ថិភាពខ្ពស់។
លោកបន្តថា៖«យើងឃើញថា ពិភពលោកដើរដល់សម័យឌីជីថលទៅហើយ ហេតុនេះកម្ពុជាត្រូវការជំនួយបច្ចេកទេសបន្ថែម ដើម្បីធ្វើឱ្យកិច្ចការជំរឿនកាន់តែរហ័ស និងអនុវត្តផែនការរបស់ខ្លួននៅឆ្នាំ ២០២៤ មានភាពច្បាស់លាស់ ហើយខ្ញុំយល់ថា ប្រសិនបើគ្មានជំនួយបច្ចេកទេស មិនអាចធ្វើឱ្យប្រព័ន្ធជំរឿនមានភាពប្រសើរបានឡើយ»។
សូមរំឭកដែរថា ប្រទេសកម្ពុជាធ្លាប់ធ្វើជំរឿន ៥ លើករួចមកហើយ គឺនៅឆ្នាំ ១៩២១, ឆ្នាំ ១៩៦២, ឆ្នាំ ១៩៩៨, ឆ្នាំ ២០០៨ និងឆ្នាំ ២០១៩។ ជំរឿនប្រជាជនកម្ពុជា ចុងក្រោយនៅឆ្នាំ ២០១៩ បង្ហាញថា កម្ពុជាមានប្រជាជនសរុបចំនួន ១៥,៥៥ លាននាក់៕