ភ្នំពេញៈ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលើកសរសើរថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានកសាងប្រទេសកម្ពុជាឱ្យស្គាល់ការអភិវឌ្ឍកម្រិតកំពូលមិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរយៈពេលជាង ៥០០ ឆ្នាំចុងក្រោយនេះ។
លោក ប៉ែន បូណា បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញសមិទ្ធផលការងារ ៦ ខែ នៃការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី ១៩ ខែកុម្ភៈ នាទីស្តីការគណៈរដ្ឋមន្ត្រី។
លោកថ្លែងថា ប្រវត្តិសាស្ត្រសម័យទំនើបត្រូវបានគេចាប់ផ្តើមរាប់ពីចុងសតវត្សរ៍ទី ១៥ ដោយឡែកបើនិយាយពីប្រទេសកម្ពុជាវិញត្រូវបានគេរាប់ចាប់ពីសម័យក្រោយអង្គរ សម័យចតុម្មុខ លង្វែក ឧដុង្គ និងសម័យបន្តបន្ទាប់មក ប៉ុន្តែមិនមានសម័យណាមានសន្តិភាពពេញលេញ ហើយយូរអង្វែង ដូចសម័យដឹកនាំរបស់លោក ហ៊ុន សែន នោះទេក្នុងរយៈពេល ៥០០ ឆ្នាំមកនេះ។
លោក ប៉ែន បូណាថា៖ «រាល់សម័យកាលទាំងអស់នៃប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏មិនមានសម័យណា ដែលប្រទេសកម្ពុជា មានប្រព័ន្ធគមនាគមន៍ខ្វែងខ្វាត់ មានផ្លូវហាយវេ និងមានផ្លូវល្បឿនលឿនតភ្ជាប់យ៉ាងរលោងស្រិលដូចជាសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែរ»។
លោកបញ្ជាក់ទៀតថា នៅគ្រប់សម័យកាលទាំងអស់ មានតែសម័យកាលដឹកនាំរបស់លោក ហ៊ុន សែន ដែលធ្វើឱ្យប្រទេសកម្ពុជាមានអគារខ្ពស់ៗនៅតាមរាជធានីភ្នំពេញឬក៏តាមប្រជុំជនដែលមើលច្រឡំនឹងបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀត។ ជាពិសេសក្រោមការដឹកនាំរបស់លោកហ៊ុន សែនកម្ពុជាសម្បូរទៅដោយម្ហូបអាហារ ប្រជាជនខ្មែរអាចចេញដំណើរដើរកម្សាន្ត គ្រប់ទីកន្លែង គ្រប់ខេត្ត និងរហូតធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសយ៉ាងច្រើនកុះករ។
លោក ប៉ែន បូណា បញ្ជាក់ថា៖ «ទាំងនេះជាអំណះអំណាងច្បាស់លាស់។ នេះគេអាចផ្ទៀងផ្ទាត់បាន កុំឱ្យថា ខ្ញុំចេះតែថា សូមអ្នកទាំងអស់គ្នាផ្ទៀងផ្ទាត់មើល។ អ៊ីចឹង! អាចនិយាយបានថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាឈានដល់កម្រិតមួយខ្ពស់បំផុតកម្រិតកំពូលរយៈពេល ៥០០ ឆ្នាំចុងក្រោយ»។
លោកបន្តថា៖ «សូមបញ្ជាក់ជូនថា សម្តេចតេជោ ហ៊ុន សែន ដែលលោកដឹកនាំប្រទេស អភិវឌ្ឍបានប៉ុណ្ណឹង ដែលខ្ញុំហៅថា កម្រិតកំពូលក្នុងប្រវត្តិសាស្ត្រសម័យទំនើបដឹកនាំចេញពីណា? គឺចេញពីគំនរផេះផង់ ឈាមទឹកភ្នែក ក្រោយរបបប្រល័យពូជសាសន៍ ប៉ុលពត»។ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជាប្រមុខ ហើយឥឡូវនេះកំពុងតែមានរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយលោកហ៊ុន ម៉ាណែត។ បច្ចុប្បន្ននេះ អ្នកបន្តវេនជំនាន់ទី ២ របស់គណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមចេញដំណើរ ៦ ខែហើយ។ នេះបើតាមការបន្ថែមពីលោក ប៉ែន បូណា។
លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅថ្ងៃទី ២០ ខែកុម្ភៈ ដោយលោកបានទទួលស្គាល់ថា បើពិនិត្យមើលទៅតាមប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានកើតមានជាបន្តបន្ទាប់រហូតមកនេះ អ្វីដែលលោក ប៉ែន បូណា លើកឡើង គឺជារឿងពិត។
លោក ស៊ឺន សម បានចាត់ទុកប្រទេសកម្ពុជា នាពេលកន្លងមកនេះ គឺជាប្រទេសមួយអភ័ព្វ ដែលមានទាំងសង្គ្រាមស៊ីវិល និងសង្គ្រាមឈ្លានពានជាច្រើន ដែលធ្វើឱ្យការអភិវឌ្ឍប្រទេសជួបបញ្ហា និងរឿងរ៉ាវជាច្រើន។
លោកបានថ្លែងថា៖ «វាជាការពិតជាក់ស្តែង ដែលមិនអាចបដិសេធបានទេ ពីព្រោះនោះគឺជាប្រវត្តិសាស្ត្រ និងបានកើតឡើងសម្រាប់ប្រទេសកម្ពុជា។ អ៊ីចឹងខ្ញុំយល់ស្របចំពោះការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ពីព្រោះនោះជាទិដ្ឋភាពពិតនៃប្រវត្តិសាស្ត្រកម្ពុជា»។
លោក ស៊ឺន សម ក៏បានលើកឡើងដែរថា នៅក្នុងសម័យកាលនៃការដឹកនាំប្រទេសណាមួយនៅលើពិភពលោកក៏ដោយ ក៏ការដឹកនាំនោះ ចៀសមិនផុតទេ គឺតែងតែមានបញ្ហាកើតឡើងនៅក្នុងដំណាក់កាលនៃការដឹកនាំរបស់ថ្នាក់ដឹកនាំម្នាក់ៗ និយាយជារួម វាមិនមានអ្វីដែលល្អឥតខ្ចោះនោះទេ៕