​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) បាន​ត្រៀម​រួចជាស្រេច​ហើយ ក្នុង​ការដក​ថវិកា​ចំនួន ​៣០ ​លាន​ដុល្លារ ដើម្បី​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី សម្រាប់​រដូវ​កាល​ឆ្នាំ​ ២០២៤ ខណៈ​សមាគម​ស្វាយចន្ទី​កម្ពុជា ស្នើឱ្យ​មានការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ និង​បង្កលក្ខណៈ​ងាយស្រួល​បន្ថែមទៀត ក្នុងការ​ទទួលបាន​ក​ម្ចី​។​

លោក ចាន់ សីហា អ្នកនាំពាក្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​២១ ខែកុម្ភៈ​ថា កញ្ចប់​ថវិកា​ ៣០ ​លាន​ដុល្លារ ដែល​ធនាគារ​នឹង​យកមកប្រើ​ប្រាស់​សម្រាប់រ​ដូ​វ​កាល​ប្រមូល​ទិញ​ស្វាយចន្ទី​នេះ មិនមែនជា​កញ្ចប់​ថវិកា​ថ្មី​ទេ តែ​ជា​កញ្ចប់​ថវិកា​ដែលមាន​តាំងពី​ឆ្នាំមុន ហើយ​ប្រើប្រាស់​មិន​សម្រាប់តែ​ស្វាយចន្ទី​ ១ ​មុខ​ទេ តែមាន​ប្រើប្រាស់​សម្រាប់​ស្រូវ និង​ដំណាំ​ឧស្សាហកម្ម​យុទ្ធសាស្ត្រ​ផ្សេងទៀត​ផងដែរ​។

លោក​ថ្លែងថា​៖ «​កញ្ចប់​ថវិកា​ ៣០ ​លាន​ដុល្លារ​នេះ យើង​ទទួលបាន​និង​ប្រើប្រាស់​តាំងពី​ឆ្នាំមុន ​(២០២៣) ​មកម្ល៉េះ ដោយបាន​ប្រើប្រាស់​ជាទូទៅ មិន​សម្រាប់តែ​ដំណាំ​ស្វាយចន្ទី​ ១​ មុខ​ទេ ហើយក៏​មិន​សម្រាប់តែ​ពេល​ប្រមូល​ផល​ដែរ មានន័យថា កសិករ ឬ​ម្ចាស់​ហ​គ្រាស អាចដាក់​សំណើ​កម្ចី​ទៅប្រើ​ប្រាស់​លើ​ការដាំដុះ ប្រមូល​ផល ជាដើម ដូចជា​សម្រាប់​ដំណាំ​ស្រូវ ស្វាយចន្ទី​ជាដើម​»​។

លោក ចាន់ សីហា បាន​បន្ថែមថា កាលពី​ឆ្នាំ​ ២០២៣ អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) បាន​ចុះ​ផ្សព្វផ្សាយ​ច្រើន​ពី​ការផ្តល់​ឥណទាន​ក្នុង​អត្រា​ការប្រាក់​ទាប សម្រាប់​ប្រជាកសិករ សមាគម និង​ម្ចាស់​សហគ្រាស​កែច្នៃ​គ្រាប់ស្វាយចន្ទី ដើម្បី​ជំរុញ​ការកែច្នៃ​ក្នុងស្រុក​។

ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ី​ឡុ​ត បាន​ប្រាប់ឱ្យដឹង​ដែរ​ថា បញ្ហា​លក្ខខណ្ឌ​មាន​ភាពស្មុគស្មាញ​ពេក បានធ្វើឱ្យ​សមាជិក ជា​សហគ្រិន របស់​សមាគម​រួញរា​ក្នុងការ​ស្វែងរក​កម្ចី​ពី​ធនាគារ​។

លោក​បាន​បញ្ជាក់ថា​៖ «​សមាជិកសមាគម​ស្វាយចន្ទី​កម្ពុជា បាន​រអ៊ូរទាំ​ចំពោះ​ភាពយឺតយ៉ាវ​លើក​ម្ចី ធ្វើឱ្យ​ហួស​ការប្រមូលទិញ​វត្ថុធាតុដើម​សម្រាប់​កែច្នៃ​។​យើង​ចង់ឱ្យមាន​ការសម្រួល​លក្ខខណ្ឌ​ដែលជា​ឧបសគ្គ​នៃ​កម្ចី​នេះ​។ រាល់ដង​លក្ខខណ្ឌ​មួយចំនួន ធ្ងន់​ពេក​ដែល​សហគ្រាស​មិនអាច​ទទួល​កម្ចី​បាន​»​។

លោក អួន ស៊ី​ឡុ​ត ថ្លែងថា​៖ «​សំណូមពរ​ដល់​ធនាគា​រ​ សូមមេត្តា​ជួយ​បញ្ចេញ​ថវិកា និង​សម្រួល​លក្ខខណ្ឌ​មួយចំនួន ដើម្បីឱ្យ​សហគ្រិន​ក្នុងស្រុក​អាច​ទទួលបាន​នូវ​កម្ចី​បាន​ទាន់ពេលវេលា​នៃ​ការប្រមូល​ផល​នេះ​ព្រោះ​ពេលបច្ចុប្បន្ន​តម្លៃ​នៃ​គ្រាប់ស្វាយចន្ទី​សើម​នៅក្នុង​ស្រុក​កំពុងតែ​ធ្លាក់​ថ្លៃ ដូច្នេះ​ប្រសិនបើ​បាន​ទុន​បង្វិល​ណាមួយ​ជួយ​ដល់​វិនិយោគិន​ក្នុងស្រុក​ដើម្បី​ឱ្យមាន​ស្ថិរភាព​តម្លៃ​ស្វាយចន្ទី​នៅក្នុង​ស្រុក​»​។

លោក ចាន់ សីហា ថ្លែងថា ការផ្តល់​មូ​និ​ធិ​កម្ចី​ពី​ធនាគារ ក៏​ត្រូវការ​ការពិនិត្យ​លទ្ធភាព​នៃ​ការសង​ត្រឡប់មកវិញ​ពី​សំណាក់​អ្នក​ខ្ចី​ផងដែរ ខណៈដែល​កន្លងទៅ មាន​សហគ្រិន​ខ្លះ មាន​ស្តុក​បញ្ចាំ​ទាល់តែសោះ ទើប​ធនាគារ​មិនអាច​ឱ្យ​ខ្ចី​បាន​។

លោក​បាន​ប្រាប់ថា​៖ «​មិនមែន​ធនាគារ បង្ក​ការលំបាក និង​មិន​ចង់ឱ្យ​ខ្ចី​នោះទេ ប៉ុន្តែ​យើង​ត្រូវការ​ពិនិត្យ​លទ្ធភាព​របស់គាត់​ដែរ ថា​តើ​គាត់​អាចមាន​លទ្ធភាព​សង​ត្រឡប់មកវិញ​ឬ​យ៉ាងណា ហើយ​គាត់​មាន​ស្តុក​សម្រាប់​ធានា​ឬ​អត់​។ ស្វាយចន្ទី ជា​ដំណាំ​ទី​២ បន្ទាប់ពី​ស្រូវ ដែល​យើង​ត្រូវការ​ស្តុក​ធានា​។​ស្តុក​ធានា មានន័យថា សហគ្រិន​ត្រូវមាន​ដើមទុន ខ្លួនឯង​ខ្លះ​ដើម្បី​ទិញ​ស្តុក​មក​ទុក​និង​ដាក់​ធានា នោះ​ធនាគារ​នឹង​អាច​ផ្តល់​កម្ចី​ដល់​គាត់​បាន ​៧០​ភាគរយ​នៃ​តម្លៃ​ស្តុក ដែល​គាត់​មាន​នោះ​»​។

នៅក្នុង​វេទិកាសាធារណៈ ស្ដីពី​ការផ្សព្វផ្សាយ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៤ កាលពី​ថ្ងៃទី​ ១៩ ខែកុម្ភៈ កន្លងទៅ​ថ្មីៗ​នេះ​លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា ដើម្បី​ចូលរួម​លើកកម្ពស់​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី និង​ជំរុញ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ ទៅកាន់​ទីផ្សារ​អន្តរជាតិ រដ្ឋាភិបាល​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម និង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម ​(SME Bank) បាន​បញ្ចេញ​ទុន​ជា​បន្តបន្ទាប់ សម្រាប់​អភិវឌ្ឍ​វិស័យ​ដ៏​មាន​សក្តានុពល​នេះ​។

លោក​បាន​និយាយថា៖ «​កន្លងមក ARDB បានផ្តល់​កម្ចី​ប្រមាណ ​៣០​ លាន​ដុល្លារ សម្រាប់​វិស័យ​ស្វាយចន្ទី ហើយ​ក៏បាន​ត្រៀម (​ផ្តល់​កម្ចី​) ៣០​លាន​ដុល្លារ​ទៀត លើ​ការប្រមូលទិញ​ស្វាយចន្ទី​នៅក្នុង​រដូវ​កាល​នេះ​»​។

លោក​បាន​បន្ថែមថា ចំណែក​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម ក៏​ទទួលបាន​កញ្ចប់​ថវិកា​ពី​រដ្ឋាភិបាល​ប្រមាណ ​១០០​ លាន​ដុល្លារ សម្រាប់​ផ្តល់ទៅឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្វាយចន្ទី ព្រមទាំង​ជួយ​លើកកម្ពស់​វិស័យ​ឧស្សាហកម្ម​កែច្នៃ​ស្វាយចន្ទី​នៅ​កម្ពុជា ឱ្យ​រីកចម្រើន​ដែរ​។

លោក ផាន់ ផល្លា បន្ថែមថា៖ «​សម្រាប់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម គឺ​យើង​ចាប់ពី​កែច្នៃ​ចន្ទី​ឡើងទៅ ហើយ​យើង​អនុញ្ញាតឱ្យ​អ្នក​ដែលមាន​បំណង​ចង់​បង្កើត​សិប្បកម្ម ឬ​សហគ្រាស​កែច្នៃ​ស្វាយចន្ទី​នេះ អាច​យក​សុំ​កម្ចី​បាន​ពី​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​»​។

សូមជម្រាបថា កម្ចី​ដែល​ផ្ដល់​ដោយ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម និង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម មាន​អត្រា​ការប្រាក់​ត្រឹម ​៥,៥​ភាគរយ ​ក្នុង ​១ ​ឆ្នាំ ឬ​ស្មើ ០,៤១ ភាគរយ ​ក្នុង ​១ ​ខែ​៕