ភ្នំពេញៈ រដ្ឋាភិបាលចក្រភពអង់គ្លេស នៅថ្ងៃទី២០ ខែកុម្ភៈ បានប្រកាសសន្យាផ្ដល់មូលនិធិថ្មីចំនួនជាង ២១ លានដុល្លារអាមេរិកសម្រាប់អង្គការនាំមុខគេរបស់ចក្រភពអង់គ្លេសគឺ អង្គការ Mines Advisory Group (MAG) និងThe HALO Trust (HALO) ដើម្បីជួយបោសសម្អាតមីន និងអប់រំសហគមន៍អំពីហានិភ័យអំពីមីននៅប្រទេសចំនួន ៨ នៅទ្វីបអាហ្វ្រិកនិងអាស៊ីក្នុងនោះ ៣,៨ លានដុល្លារ នឹងគាំទ្រដល់ការបោសសម្អាតមីននៅកម្ពុជា។
ប្រទេសទាំង៨នោះរួមមាន អង់ហ្គោឡា កម្ពុជា អេត្យូពី ឡាវ មីយ៉ាន់ម៉ា សូម៉ាលី ស៊ូដង់ខាងត្បូងនិងហ្ស៊ីមបាវ៉េ។
ស្ថានទូតចក្រភពអង់គ្លេសបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២០ កុម្ភៈ ថា ផលដែលទទួលបានពីអង្គការMAG និង HALO នឹងបានទៅដល់មនុស្សជាងកន្លះលាននាក់ តាមរយៈការផ្តល់វគ្គអប់រំដោយផ្ទាល់អំពីហានិភ័យនៃគ្រាប់រំសេវផ្ទុះដោយរំពឹងថានឹងមានការចូលរួមពីមនុស្សជាង ៣៤០០០ នាក់ ដែលនឹងធ្វើឱ្យការយល់ដឹងអំពីហានិភ័យ និងសុវត្ថិភាពសហគមន៍ក្នុងប្រទេសទាំងនោះបានប្រសើរជាងមុន។
លោកDominic Williamsឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបានថ្លែងថាអស់រយៈពេលជាង៣០ឆ្នាំមកហើយ ការផ្តល់មូលនិធិរបស់ចក្រភពអង់គ្លេសបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង «ជាវីរភាព» នៃអ្នកដោះមីនកម្ពុជា និងអន្តរជាតិក្នុងការបោសសម្អាតមីនសម្រាប់ការប្រើប្រាស់ដីប្រកបដោយផលិតភាព ការពារសហគមន៍ និងជួយសង្គ្រោះជីវិតមនុស្ស។
លោកថ្លែងថា៖«ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលចក្រភពអង់គ្លេសនឹងផ្តល់មូលនិធិបន្ថែមចំនួន ៣,៨ លានដុល្លារអាមេរិក នៅពីក្រោយគោលដៅរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ប្រទេសកម្ពុជា គ្មានមីននៅឆ្នាំ២០២៥។ រដ្ឋាភិបាលចក្រភពអង់គ្លេស និងអង្គការមនុស្សធម៌របស់ចក្រភពអង់គ្លេស HALO Trust និង MAG គឺជាដៃគូ ដែលស្ថិតក្នុងចំណោមដៃគូឈរជើងយូរអង្វែងបំផុតរបស់កម្ពុជាក្នុងប្រតិបត្តិការបោសសម្អាតមីន»។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថាមូលនិធិនេះនឹងអនុញ្ញាតឱ្យបន្តការងារនៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយសារមីនខ្លាំងបំផុតមួយចំនួនក្នុងពិភពលោកដូចជាកម្ពុជានិងឡាវ ក៏ដូចជាប្រទេសក្រីក្របំផុតមួយចំនួនក្នុងពិភពលោកដូចជា ស៊ូដង់ខាងត្បូង និងសូម៉ាលីរហូតដល់ខែមីនា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានបន្តថា ការផ្ដល់មូលនិធិបន្តសម្រាប់បោសសម្អាតមីនក៏នឹងបង្កើតឱកាសថ្មីសម្រាប់ស្ត្រីនៅក្នុងប្រទេសដូចជា អង់ហ្គោឡា កម្ពុជា និងឡាវ តាមរយៈការបង្កើនការងារនិងការអភិវឌ្ឍអាជីពក្នុងការដោះមីន រួមជាមួយនឹងការវិនិយោគជាបន្តបន្ទាប់ក្នុងការបណ្តុះបណ្តាលបុគ្គលិក។
លោក Darren Cormack នាយកប្រតិបត្តិនៃអង្គការ MAG បានថ្លែងថាខណៈដែលការងារប្រតិបត្តិការសម្អាតគ្រាប់មីននៅសេសសល់ច្រើនក្នុងបរិយាកាសជម្លោះកំពុងតែកើតមាននៅតាមបណ្តាប្រទេសនានា មូលនិធិនេះនឹងផ្តល់ជំនួយយ៉ាងសំខាន់ដល់ប្រទេសជាច្រើន ដែលកំពុងដោះស្រាយពីផលអាក្រក់ដែលបន្សល់ទុកពីជម្លោះ ហើយនៅតែបន្តឆក់យកជីវិតមនុស្សក្នុងពេលយូរបន្ទាប់ទៀត ក្រោយពីការប្រយុទ្ធគ្នាបានបញ្ចប់។ នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកពិភពគ្មានគ្រាប់មីន។
លោកបានថ្លែងថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់មូលនិធិ និងការគាំទ្រដ៏យូរអង្វែងពីរដ្ឋាភិបាលចក ភពអង់គ្លេស និងមានសេចក្តីសោមនស្សរីករាយដែលបានធ្វើការជាដៃគូជាមួយអង្គការ HALO Trustដើម្បីបន្តការងាររបស់យើងនៅក្នុងប្រទេសមួយចំនួនដែលរងផលប៉ះពាល់ដោយសារមីនខ្លាំងបំផុតរបស់ពិភពលោក»។
លោក James Cowan នាយកប្រតិបត្តិនៃអង្គការ HALO Trust បានថ្លែងថា ការប្រកាសផ្តល់មូលនិធិនេះ ធ្វើឡើងស្របពេលដែលអង្គការ HALO Trust ប្រារព្ធពិធីបោសសម្អាតមីននៅតាមចម្ការមីនចំនួន៥ ០០០ កន្លែងនៅកម្ពុជាចម្ការមីនចំនួន ១០០០ កន្លែងនៅអង់ហ្គោឡា និងគ្រាប់មីនចំនួន ២ លាន គ្រាប់នៅទូទាំងពិភពលោក។
លោកថ្លែងថា៖«ព្រឹត្តិការណ៍សំខាន់ៗទាំងនេះ នឹងមិនអាចដំណើរការទៅរួចទេបើគ្មានការគាំទ្រពីម្ចាស់ជំនួយរបស់យើង។ការប្ដេជ្ញាចិត្តប្រកបដោយនិរន្តរភាពរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស និងភាពសប្បុរសរបស់ប្រជាជនអង់គ្លេស បានដើរតួនាទីយ៉ាងសំខាន់។ យើងនឹងបន្តការងារសង្គ្រោះជីវិតរបស់យើងជាមួយអង្គការ MAG និងដៃគូផ្សេងទៀតនៅក្នុងវិស័យនេះរហូតដល់ចម្ការមីនចុងក្រោយត្រូវបានបោសសម្អាតហើយគ្រាប់មីនចុងក្រោយត្រូវបានកម្ទេចចោល»។
ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ ក្នុងការបំពេញការងារបោសសម្អាតមីននៅកម្ពុជាអង្គការHALO Trust បានសម្រេចសមិទ្ធផលដោយបោសសម្អាតទាំងស្រុងក្នុងចម្ការមីនចំនួន ៥០០០ កន្លែង ដោយអ្នកដោះមីនកម្ពុជារាប់ពាន់នាក់។
អង្គការ HALO Trust បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលភ្នំពេញប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ថា ផ្ទៃដីសុវត្ថិភាពដែលបានផ្ទេរប្រគល់ជូនសហគមន៍វិញ ក្រោមការបោសសម្អាតដោយអង្គការ HALO Trust កម្ពុជា មានទំហំ ៤៩០ គីឡូម៉ែត្រការ៉េ ដែលធំជាងរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ហើយត្រូវបានផ្ទេរប្រគល់ជូនប្រជាជន នុងសហគមន៍ដើម្បីដាំដុះដាំណាំប្រកបដោយសុវត្ថិភាព កសាងសហគមន៍ និងអភិវឌ្ឍប្រទេស។ ចាប់តាំងពីប្រតិបត្តិការក្នុងឆ្នាំ១៩៩១ មកអង្គការនេះ បានកម្ទេចមីននិងគ្រាប់មិនទាន់ផ្ទុះ សរុបជាងកន្លះលានគ្រាប់នៅកម្ពុជា។
លោក Miles Hawthorn តំណាងអង្គការ HALO Trust ប្រចាំកម្ពុជា បានថ្លែងថា៖«សមិទ្ធផលនេះជាលទ្ធផលដែលបានមកពីការខិតខំប្រឹងប្រែង និងការប្ដេជ្ញារបស់ប្រជាជនកម្ពុជារាប់ពាន់នាក់ ដែលបានបំពេញការងារនៅអង្គការHALO Trust តាំងពីឆ្នាំ១៩៩១ មក។ ពួកគេបោសសម្អាតដីពី ១ ម៉ែត្រទៅ ១ ម៉ែត្រពី ១ ថ្ងៃទៅ ១ ថ្ងៃ។ ពួកគេបានខិតខំប្រឹងប្រែងយ៉ាងក្រៃលែងធ្វើឱ្យសហគមន៍និងប្រទេសរបស់ខ្លួនកាន់តែមានសុវត្ថិភាពសម្រាប់ជនរួមជាតិកម្ពុជា»។
បច្ចុប្បន្ន អង្គការ HALO មានបុគ្គលិកជាង ១ ២០០ នាក់ នៅប្រទេសកម្ពុជា ដោយមានបុរស ៥០ ភាគរយ និងស្ត្រី ៥០ ភាគរយសម្រាប់បុគ្គលិកជាអ្នកដោះមីន។ បុគ្គលិកជាស្រីក្នុងតួនាទីជាមន្ត្រីជាន់ខ្ពស់ បានកើនឡើងរហូតដល់ ៤២ ភាគរយក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះ។
អង្គការ HALO Trust បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ជនរងគ្រោះដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មានចំនួនជាង ៦៥០០០ នាក់ ត្រូវបានកត់ត្រាចាប់ពីឆ្នាំ១៩៧៩។ តួលេខនេះនាំឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត ដែលមានចំនួនជនពិការច្រើនបំផុតក្នុងពិភពលោក។ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះ ក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ បានកាត់បន្ថយគ្រោះថ្នាក់ជាច្រើនពីតួលេខគ្រោះថ្នាក់ច្រើនបំផុតគឺចំនួន ៤ ៣២០ ករណី ក្នុងឆ្នាំ១៩៩៦ ចុះមកនៅចំនួន ៣២ ករណីក្នុងឆ្នាំ២០២៣៕