ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិក៏ដូចជាប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជា និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
ការដាក់ចេញវិធានការនេះ បន្ទាប់ពីរដ្ឋាភិបាលសង្កេតឃើញថាគ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្តរីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។
ជុំវិញចំណាត់ការនេះ នៅតាមបណ្តាក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ សមាគម សហជីព រួមទាំងសង្គមស៊ីវិលផងដែរ បានចេញញត្តិ និងបង្ហាញការគាំទ្រជាបន្តបន្ទាប់ដោយសង្ឃឹមថានឹងរួមចំណែកដល់ការទប់ស្កាត់ លុបបំបាត់គ្រឿងញៀននៅកម្ពុជា ដើម្បីធានាដល់សន្តិសុខសង្គមជាតិ និងការអភិវឌ្ឍ។
ញត្តិទាំងនោះមានខ្លឹមសារស្រដៀងៗគ្នា ដោយបានប្រកាសគាំទ្រយ៉ាងមុតមាំចំពោះបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងជួរមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ជាពិសេស ធានាថាមិនមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងស្ថាប័នរដ្ឋ។
បើតាមញត្តិគាំទ្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា៖«បទបញ្ជានេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកស្ទួយមុខមាត់ កិត្តិយស និងភាពស្អាតស្អំ របស់ស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលត្រូវដើរតួនាទីជាគំរូដ៏ល្អក្នុងការបម្រើប្រជារាស្ត្រ និងចូលរួម អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»។
ញត្តិនេះសង្កត់ធ្ងន់ថា ការប្រើប្រាស់គ្រឿងញៀន មិនត្រឹមតែប៉ះពាល់ដល់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងប្រសិទ្ធភាពការងាររបស់ ក្រសួង ស្ថាប័ន ជាពិសេស សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គម។
ជាមួយគ្នានេះ ញត្តិរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថាក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ហានេះជាដាច់ខាត ដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាតាមបណ្តាមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ដោយត្រូវអនុវត្តវិធានការបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង។
ចំណែកខុទ្ទកាល័យកងទ័ពជើងគោកវិញ បានលើកឡើងថា វិធានការនេះ គឺបានសបញ្ជាក់យ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងផ្តល់នូវភាពកក់ក្តៅបំផុត ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ដែលជាធនធានអភិវឌ្ឍន៍ជាតិមាតុភូមិ និងការការពារជាតិដ៏មានសារៈសំខាន់។
ក្នុងញត្តិគាំទ្របន្តថា៖«យើងខ្ញុំទាំងអស់ជាថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និង ពលទាហានទូទាំងខុទ្ទកាល័យកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។
លោក អំ សំអាត នាយករងទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានថ្លែងគាំទ្រផងដែរថា បញ្ហាគ្រឿងញៀននៅតែជាការព្រួយបារម្ភខ្លាំងសម្រាប់ប្រទេសកម្ពុជា និងប្រទេសទូទាំងពិភពលោក។ ដូច្នេះការទប់ស្កាត់ និងការបង្ក្រាបបញ្ហាគ្រឿងញៀន និងបទល្មើសគ្រឿងញៀនជារឿងអាទិភាពរបស់រដ្ឋាភិបាល។
កន្លងមកនេះក្រសួងមហាផ្ទៃបានកំពុងអនុវត្តលើកកងកម្លាំងនគរបាលជាតិដែលមានសារធាតុញៀនក្នុងខ្លួន និងអ្នកពាក់ព័ន្ធគ្រឿងញៀនត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌកងកម្លាំងនគរបាលជាតិ ហើយក្រសួងការពារជាតិក៏មានវិធានការលើកកងកម្លាំងយោធិនខ្លះៗដែរ។
លោក អំ សំអាត បញ្ជាក់ថា៖«ដូច្នេះ សុំឱ្យចាត់វិធានការលើគ្រប់ក្រសួង ស្ថាប័នទាំងអស់ដែលមានកងកម្លាំងណា ឬមន្ត្រីរាជការស៊ីវិលណាប្រើប្រាស់គ្រឿងញៀន និងពាក់ព័ន្ធគ្រឿងញៀន។ អ៊ីចឹង! យើងរង់ចាំមើលយុទ្ធនាការនេះថាតើអាជ្ញាធរ ក្រសួង ស្ថាប័ន អនុវត្តប្រកបដោយប្រសិទ្ធភាពយ៉ាងណា អាស្រ័យលើឆន្ទ:ក្នុងការអនុវត្ត»។
សូមរំឭកថា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញបទបញ្ជាស្តីពី «ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់» ចុះថ្ងៃទី២០ ខែកុម្ភៈ ទៅដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរ បាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
បន្ថែមពីដាក់ការដាក់ចេញនូវវិធានការនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឱ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងនោះលោកស្នើឱ្យគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចាត់ទុកបញ្ហាគ្រឿងញៀន គឺជាបញ្ហារួម ដែលត្រូវចូលរួម ទប់ស្កាត់ លុបបំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា៕