ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិងកំពុងខិតខំជំរុញការផ្សព្វផ្សាយ ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដើម្បីទាក់ទាញវិនិយោគិនបរទេស មកកម្ពុជាបន្ថែមទៀត។
កាលពីថ្ងៃទី ២០ ខែកុម្ភៈ លោកបានបើកការពិភាក្សាលើវឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិភ័ស្តុភារកម្ម, វឌ្ឍនភាពផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣, វឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ និងវឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ។
លោកបានលើកឡើងដូចនះនៅក្នុងកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាជាតិភ័ស្ដុភារកម្ម ដើម្បីពិនិត្យវឌ្ឍនភាពនៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលកិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីសំខាន់ៗមួយចំនួនដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងពាណិជ្ជកម្ម,ក្រសួងផែនការ មន្ត្រីបច្ចេកទេសក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងស្ថាប័នឯកជនសរុបប្រមាណ ២០០ នាក់។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា លោកបានស្នើសុំទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលជាផែនការមេថ្នាក់ជាតិថ្មីមួយដើម្បីជំរុញឱ្យកម្ពុជាអាចទាក់ទាញការវិនិយោគចូលមកបានកាន់តែច្រើនបន្ថែមទៀត។
លោកបានបញ្ជាក់ថា៖ «ផែនការមេនេះមានចក្ខុវិស័យក្នុងការបន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡា ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន»។
តាមរយៈផែនការមេនេះ លោក ស៊ុន ចាន់ថុល តែងតែលើកបង្ហាញជូនទូត និងវិនិយោគិនបរទេសចំពោះភាពទាក់ទាញនៃគម្រោងនេះ ក្នុងការបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគនៅកម្ពុជា។
ជាក់ស្តែង នៅក្នុងជំនួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Sumitomo Corporation Asia & Oceania របស់ជប៉ុន នៅថ្ងៃទី២០ និងនៅក្នុងជំនួប ជាមួយលោកស្រីDevyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល បានលើកឡើងថា វិនិយោគិនជប៉ុន និងឥណ្ឌាគួរជ្រើសរើសយកកម្ពុជាជាទីតាំងវិនិយោគរបស់ខ្លួន ដែលមានសក្ដានុពលសម្រាប់វិនិយោគិននៃប្រទេសទាំង២។
លោកថា ប្រទេសទាំង២អាចពិនិត្យលទ្ធភាពជ្រើសរើសគម្រោងវិនិយោគរបស់ខ្លួនចេញពី ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ នេះ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានឱ្យដឹងថាផែនការមេនេះ ជាផែនការដ៏មានភាពទាក់ទាញ និងមានចក្ខុវិស័យខ្ពស់ ក្នុងការបន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិកនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖«ខ្ញុំឃើញថា ផែនការមេនេះ បានផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលសម្រួលដល់ការដឹកជញ្ជូន ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ នាពេលអនាគត។យើងគាំទ្រ យ៉ាងខ្លាំងចំពោះផែនការមេ ដែលវានឹងជំរុញឱ្យវិស័យដឹកជញ្ជូន ឡូជីស្ទិក កាន់តែមានភាពលូតលាស់»។
លោកបានបន្ថែមថា ដើម្បីជំរុញឱ្យផែនការមេសម្រេចគោលដៅ កម្ពុជាត្រូវការឱ្យមានកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍នានាក្នុងការគាំទ្រ និងវិនិយោគ ខណៈប្រព័ន្ធឡូជីស្ទិក ជាគម្រោងដែលមានសារៈសំខាន់សម្រាប់ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា។
សូមជម្រាបថា ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះមានផែនការមេចំនួន៧ សំយោគបញ្ចូលគ្នា ។
ក្នុងនោះរួមមាន ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភ័ស្តុភារកម្ម ផ្លូវអាកាសនិងដឹកជញ្ជូនអន្តរមធ្យោបាយ ដែលរួមគ្នាមានចំនួន ១៧៤ គម្រោង ទាំងផ្នែកទន់ និងផ្នែករឹង ជាមួយនឹងទឹកប្រាក់វិនិយោគប្រមាណ ៣៦,៦ ប៊ីលានដុល្លារអាមេរិក។
ក្នុងផែនការមេនេះ មិនប្រើប្រាស់ថវិការដ្ឋនោះទេ គឺជាថវិកាក្រុមហ៊ុនឯកជននិងដៃគូអភិវឌ្ឍន៍ក្នុងទម្រង់ BOT និងគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) ជាដើមក្នុងគោលដៅប្រកួតប្រជែងជាមួយប្រទេសជិតខាងដើម្បីទាក់ទាញអ្នកវិនិយោគនិងបង្កើតការងារជូនប្រជាពលរដ្ឋ៕