លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការកត់ត្រាមន្ត្រីពាក់ព័ន្ធគ្រឿងញៀននៅក្នុងបញ្ជីខ្មៅ មិនមែនជាការរំលោភសិទ្ធិមនុស្សនោះឡើយ ប៉ុន្តែជាការលើកតម្កើងសិទ្ធិមនុស្សដែលជួយបង្ការពលរដ្ឋ និងសហគមន៍ទាំងមូលមិនឱ្យពាក់ព័ន្ធគ្រឿងញៀន ដើម្បីជំរុញសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម។
នេះបើយោងតាមសុន្ទរកថានាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
សុន្ទរកថានេះបានឱ្យដឹងថា នាយករដ្ឋមន្ត្រីបានឯកភាពទៅលើការស្នើឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដោយសហការជាមួយនឹងក្រសួងការពារជាតិ និងក្រសួងមុខងារសាធារណៈ ឱ្យរៀបចំទិន្នន័យមួយដោយចែករំលែកទិន្នន័យអ្នកដែលបានបណ្តេញចេញពីក្របខ័ណ្ឌដោយសារគ្រឿងញៀន ដើម្បីការពារកុំឱ្យបណ្តេញពីស្ថាប័នមួយទៅចូលក្នុងស្ថាប័នមួយទៀត។
លោកបានបញ្ជាក់ថា៖ «ទៅថ្ងៃខាងមុខទៀត យើងនឹងគិតគូរទៅលើក្រមវិធានការដោយផ្អែកលើគោលករណ៍ច្បាប់ គោលការណ៍សន្តិសុខជាតិ សន្តិសុខសង្គម សិទ្ធិបុគ្គល និងគោលការណ៍ផលប្រយោជន៍សហគមន៍ ថាតើអ្នក ដែលទទួលការបណ្តេញចេញហើយ នឹងត្រូវទទួលទោស ឬទទួលអីទៀត។ កុំឱ្យរួចតែខ្លួន យើងមិនមែនផ្តាច់ជីវិតគាត់ទេ មិនមែនផ្តល់ឱកាសទី២ទេ តែត្រូវមានលក្ខខណ្ឌបែបណាមួយទៀតយើងមិនបិទច្រកគាត់ទេ»។
លោកបានបញ្ជាក់ថា ៖ «ការធ្វើបែបនេះ មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ ផ្ទុយទៅវិញជាការលើកកម្ពស់សិទ្ធិមនុស្សទៅវិញទេ ដោយជួយតម្រង់ទិសដល់អ្នកពាក់ព័ន្ធគ្រឿងញៀន ហើយដើម្បីសិទ្ធិមនុស្ស ពោលគឺសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលចង់រស់នៅដោយសន្តិភាព ដែលមិនចង់ព្រួយបារម្ភពីបញ្ហាគ្រឿងញៀន ក៏ដូចជាដើម្បីអនាគតកូនចៅជំនាន់ក្រោយ។
ជាមួយគ្នានោះដែរ លោកក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមយុទ្ធនាការប្រឆាំងគ្រឿងញៀនជាមួយរដ្ឋាភិបាល ដោយមិនទទួលអ្នកពាក់ព័ន្ធគ្រឿងញៀនឱ្យចូលបម្រើការងារ ហើយរដ្ឋាភិបាលក៏គ្រោងដាក់វិធានការតឹងរ៉ឹងជាងមុនចំពោះស្ថាប័នណាដែលទទួលបុគ្គលិកពាក់ព័ន្ធគ្រឿងញៀនផងដែរ ដោយអាចជាប់ក្នុងបញ្ជីខ្មៅ ឬទទួលរងវិធានការធ្ងន់ធ្ងរផ្សេងទៀតផងដែរ។
លោកបានថ្លែងថា៖ «ថ្ងៃក្រោយនឹងមានវិធានការចំពោះអាជីវកម្មឯកជនណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន អាចថាត្រូវមានវិធានការធ្ងន់ជាងមុន ឬដាក់ក្នុងបញ្ជីខ្មៅប៉ុន្មានឆ្នាំ ឬត្រូវមានវិធានការយ៉ាងណាខ្លះទៀត»។
លោកនាយករដ្ឋមន្ត្រីបានប្រមើលមើលដោយសង្ឃឹមថា បញ្ហាគ្រឿងញៀននៅកម្ពុជាអាចនឹងអស់នៅត្រឹមរយៈពេលពី ១៥ឆ្នាំ ទៅ២០ឆ្នាំ ខាងមុខ តាមរយៈយុទ្ធនាគារប្រឆាំងគ្រឿងញៀនដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលជាមួយផែនការច្បាស់លាស់។
លោកអំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លេងដោយបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលដែលតឹងតែងចំពោះមន្ត្រីរាជការរបស់ខ្លួនមិនឱ្យពាក់ព័ន្ធនឹងគ្រឿងញៀនមិនថា មន្ត្រីស៊ីវិល ឬកងកម្លាំងប្រដាប់អាវុធ សម្រាប់ធ្វើជាគំរូពលរដ្ឋ ដែលជាការចង់បានរបស់ក្រុមសង្គមស៊ីវិល។
លោក ថ្លែងថា ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស រដ្ឋាភិបាលមិនត្រឹមតែដាក់ចេញវិធានការម៉ឺងម៉ាត់ដល់អ្នកពាក់ព័ន្ធគ្រឿងញៀននោះទេ ប៉ុន្តែត្រូវព្យាយាមស្តារនីតិសម្បទាអ្នកប្រើប្រាស់គ្រឿងញៀន ដែលជាការគិតគូរអនាគតអ្នកទាំងនេះផងដែរ ជាពិសេសត្រូវតឹងរ៉ឹងចំពោះបញ្ហាអំពើពុករលួយនៅក្នុងកិច្ចការងារនេះ។
សម្រាប់លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ថ្លែងថា វិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាលនេះ ជាការផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋដែលកំពុងទន្ទឹងរង់ចាំមើលចំណាត់ការរបស់រដ្ឋាភិបាលចំពោះបញ្ហាគ្រឿងញៀនដែលកំពុងរាលដាលនៅក្នុងសង្គម។
លោកបានប្រាប់ថា៖ «វាសំខាន់ណាស់ នៅក្នុងការបោសសម្អាត មន្ត្រីដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននេះ ដែលនេះជាមធ្យោយបាយល្អ។ កាលណាមន្ត្រីមិនពាក់ព័ន្ធគ្រឿងញៀន មន្ត្រីមិនប្រើប្រាស់គ្រឿងញៀន មន្ត្រីមិនជួញដូរគ្រឿងញៀន នោះរដ្ឋបាលសាធារណៈរបស់រដ្ឋនឹងកាន់តែមានប្រសិទ្ធភាពនិងមានគុណភាពផងដែរ»៕