លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២០ ខែកុម្ភៈ បានប្រកាសដាក់ចេញនូវយុទ្ធនាការ «សម្អាតកម្ពុជា» ថ្មីមួយទៀត បន្ទាប់ពីជោគជ័យ លើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»ដោយទទួលបានអ្នកចូលរួមនៅទូទាំងប្រទេស ប្រមាណ ៥ លាននាក់។
លោកថា ក្រសួងបរិស្ថាន បាននិងកំពុងធ្វើឱ្យកម្ពុជាស្អាត ខណៈពេលយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រហូតមកដល់ថ្ងៃនេះ មានប្រជាជនប្រមាណ៥លាននាក់បានចូលរួម ដែលមានទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅតាមសាលារៀន កម្មករកម្មការិនី នៅតាមរោងចក្រសហគ្រាស កាកបាទក្រហមកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំនិងមន្ត្រីមកពីក្រសួង ស្ថាប័ននានា និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នេះបើយោងតាមក្រសួងបរិស្ថាន។
លោក អ៊ាង សុល្លែត បានថ្លែងថា ៖ «ក្រសួងបរិស្ថាននឹងស្នើសុំឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសយុវជន សិស្សានុសិស្ស ចូលរួមចំណាយពេល ១០ ទៅ១៥នាទីចូលរួមប្រមូលសំរាម សម្អាតអនាម័យជុំវិញផ្ទះ សាលារៀន និងមូលដ្ឋានយកមកទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីកម្ពុជា គ្មានសំរាមផ្តេសផ្តាស រាយប៉ាយឡើយ»។
លោក អ៊ាង សុផល្លែត បានលើកឡើងដែរថាយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់ក្រសួងបរិស្ថាន ទទួលបានការគាំទ្រ និងទទួលបានការចូលរួមកាន់តែច្រើន ដែលនៅក្នុងជំហានបន្ទាប់ ក្រសួងនឹងចែកធុងញែកសំរាមតាមសាលារៀន និងជួយបង្រៀនសិស្សានុសិស្សបន្ថែមទៀត ឱ្យចេះញែកសំរាមឱ្យបានត្រឹមត្រូវផងដែរ។
លោកថា ៖ «យុទ្ធនាការបន្តនេះ គឺជាការបណ្តុះផ្នត់គំនិតយុវជនយើង ក៏ដូចជាប្រជាពលរដ្ឋ ឱ្យចេះញែកសំរាម ចេះបែងចែកសំរាម កាត់បន្ថយសំរាមបញ្ចេញចោល»។
ក្នុងឱកាសពិនិត្យមើលសកម្មភាពសម្អាតដងទន្លេមុខព្រះបរមរាជវាំង ដោយម៉ាស៊ីនប្រមូលសំរាមលើផ្ទៃទឹក របស់ក្រុមហ៊ុន Everwaveលោក អ៊ាង សុផល្លែត បានថា នៅថ្ងៃទី១ ខែមីនា ខាងមុខនេះ ក្រសួងនឹងដាក់អនុវត្តនូវយុទ្ធនាការផ្ទៃទឹកស្អាត ដែលចាប់ផ្តើមពីការសម្អាតទន្លេសាបជាអាទិភាពទី១ ព្រោះកន្លងមកទន្លេសាប បានទទួលរងការបោះសំរាមប្លាស្ទិក ចូលយ៉ាងច្រើន។
លោក អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការសម្អាតលើផ្ទៃទឹកគឺសម្អាតថង់ប្លាស្ទិកលើផ្ទៃទឹក ទប់ស្កាត់មិនឱ្យហូរចូលទន្លេសាបតែម្តង ដែលជាអាទិភាពចម្បង ដោយក្រសួងចង់ឱ្យត្រីដែលជាប្រភពប្រូតេអ៊ីនដ៏ល្អអាចរស់នៅគង់វង្ស។
លោកបានថ្លែងថា៖«យើងមិនចង់ឱ្យមានការបាត់បង់ត្រី ដោយសារការបំពុលដោយសំរាម និងថង់ប្លាស្ទិកទេ។ នៅពេលថង់ប្លាស្ទិកចូលនៅក្នុងទន្លេ នាំឱ្យខូចបរិស្ថាន ពេលវាពុកផុយ ក្លាយជាចំណីត្រី ហើយពេលមនុស្សបរិភោគត្រី នាំឱ្យខូចសុខភាពយើងផងដែរ នោះយើងនឹងខាតបង់ធំ។ ដូចនេះជំហានទី១ នៃយុទ្ធនាការផ្ទៃទឹកស្អាត ចាប់ផ្តើមពីការសិក្សាលើប្រព័ន្ធ ព្រែក អូរ ស្ទឹង ដែលភ្ជាប់នឹងទន្លេសាប និងការរៀបចំរបាំងតាមប្រព័ន្ធទាំងនោះ ទប់ស្កាត់មិនឱ្យប្លាស្ទិកហូរចូលទន្លេឡើយ»។
លោក អ៊ាង សុផល្លែត បន្ថែមថា៖«យើងត្រូវទប់ស្កាត់ជាមុន កុំឱ្យសំរាមហូរតាមទឹកព្រែក អូរទាំងនោះ ទៅចាក់ចោលក្នុងទន្លេសាប ព្រោះទន្លេសាបមិនមែនជាធុងសំរាម ឬធុងដាក់ថង់ប្លាស្ទិកនោះទេ»។
លោកបន្តថា ៖ «បន្ទាប់មកក្រសួងបរិស្ថាន និងបន្តសហការជាមួយដៃគូ សម្អាតទន្លេសាបដោយស្នើឱ្យជួយបង្កើតម៉ាស៊ីនប្រមូលសំរាមលើផ្ទៃទឹកនៅកម្ពុជា ឱ្យបានច្រើន នោះទន្លេសាបយើងនឹងមានសង្ឃឹមឆ្ពោះទៅភាពស្អាតជាទីមនោរម្យ ទាក់ទាញទេសចរផង និងរក្សាបានប្រភពធនធានធម្មជាតិល្អ តទៅកូនចៅជំនាន់ក្រោយទៀត»។
លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានប្រាប់ឱ្យដឹងដែរថា ការប្រកាសដាក់ចេញនូវយុទ្ធនាការសម្អាតប្រទេសកម្ពុជាថ្មីមួយទៀត របស់ក្រសួងបរិស្ថាននៅពេលនេះគឺជាការជំរុញឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន និងអនាម័យនៅតាមផ្ទះ តាមឃុំសង្កាត់ និងជាពិសេសបានឱ្យប្រជាពលរដ្ឋយល់ដឹងពីការវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
លោក ជុំ ហួត បញ្ជាក់ទៀតថា យុទ្ធនាការនេះនឹងនាំមកនូវបរិស្ថានស្អាតតាមទីតាំងសាធារណៈ និងនៅផ្ទះរបស់ប្រជាពលរដ្ឋជាពិសេស បំផុសស្មារតីចូលរួមឱ្យប្រជាពលរដ្ឋស្រឡាញ់បរិស្ថាននិងមានភាពបៃតងនៅក្នុងសហគមន៍របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា។
លោកបានថ្លែងថា៖ «វាជាកិច្ចការមួយល្អមែនទែនដែលធ្វើឱ្យមានភាពល្អក្នុងការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាមនៅក្នុងទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងមានអនាម័យបរិស្ថានល្អប្រសើរ ទៅអនាគតតាមរយៈការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងធ្វើឱ្យប្រជាពលរដ្ឋចេះគ្រប់គ្រងសំរាមបានល្អថែមទៀត»៕