ភ្នំពេញៈ កូនផ្សោត ១ ក្បាលទម្ងន់ជាង ១០ គីឡូងាប់កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ដោយសារជាប់មងអ្នកនេសាទនៅក្នុងភូមិបឹងត្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានចម្ងាយប្រមាណ ១៦ គីឡូម៉ែត្រពីអន្លង់កាំពី។
មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) បានឱ្យដឹងថា កូនផ្សោតឈ្មោល ១ ក្បាលនេះ មានប្រវែង ១,៤ ម៉ែត្រ ទម្ងន់ ១៤ គីឡូក្រាម ដោយធ្វើកោសល្យ វិច័យបានសន្និដ្ឋានថា កូនផ្សោតនេះ ងាប់ដោយឧបករណ៍មងនេសាទ ព្រោះមានស្លាកស្នាមក្រឡាមងលើដងខ្លួនផ្នែកខាងក្រោយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២១ ខែកុម្ភៈថា ទាំងមន្ត្រីជលផល ក៏ដូចជាអង្គការដៃគូ បានប្រឹងប្រែងខ្លាំងណាស់លើការងារការពារសត្វផ្សោត តាមរយៈការអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមកនេះ។
លោកបានប្រាប់ថា ទន្លេមេគង្គមានបណ្ដោយប្រវែង ១២០ គីឡូម៉ែត្រ ចាប់ពីខេត្តស្ទឹងត្រែង រហូតមកដល់ខេត្តក្រចេះ ហើយមានកម្លាំងមន្ត្រីអភិរក្សតែ ៧២ ក្រុមប៉ុណ្ណោះដែលប្រចាំការចុះល្បាត ហេតុនេះហើយទីតាំងដែលចុះល្បាត គឺវាមានទំហំធំពេក ដែលធ្វើឱ្យកម្លាំងមន្ត្រីអភិរក្សមិនអាចគ្របដណ្ដប់បានស្រុង។
លោកបានថ្លែងថា៖ «ប្រសិនជាយកទំហំទីតាំងចុះល្បាតហ្នឹង មកបែងចែកជាមួយកម្លាំងមន្ត្រីអភិរក្ស គឺវាអាចមានកន្លែងចន្លោះប្រហោងខ្លះ ដោយសារទីតាំងធំ ហើយមន្ត្រីយើងមានកំណត់ ចំណែកឯផ្សោតក៏មិនបាននៅតែមួយកន្លែងដែរ។ អ៊ីចឹងទៅការលួចប្រព្រឹត្តបទល្មើស តែងតែកើតមានហេតុនេះបានជាយើងហាមឃាត់មិនឱ្យប្រើមងនេសាទធំជាង ៤ សង់ទីម៉ែត្រ»។
លោក អ៊ុក វិបុល បានបញ្ជាក់ទៀតថា ការហាមឃាត់មិនឱ្យប្រើប្រាស់ ឬក៏ដាក់មងនេសាទដែលមានក្រឡាធំជាង ៤ សង់ទីម៉ែត្រ អាចជាប់សត្វផ្សោត និងប្រភេទត្រីដែលជិតផុតពូជផ្សេងទៀតបាន ប៉ុន្តែបើប្រើប្រាស់មងនេសាទដែលមានក្រឡាតូចជាង ៤ សង់ទីម៉ែត្រ គឺរដ្ឋបាលជលផលអាចអនុញ្ញាតឱ្យប្រើប្រាស់បាន តែត្រូវតម្រូវឱ្យឃ្លាំមើលការដាក់មងរបស់ខ្លួន ដើម្បីធានាឱ្យបានថានៅក្នុងករណីមានផ្សោតជាប់មង គឺអាចនឹងជួយសង្គ្រោះបាន។
លោកបានបន្តថា៖ «ទោះបីជាយ៉ាងណាយើងក៏ទទួលស្គាល់ថានៅមានភាពចន្លោះប្រហោង ដូច្នេះយើងបានប្រឹងប្រែងពន្យល់គាត់ ហើយពន្យល់គាត់ទៀត ថាការរក្សាបាននូវវត្តមានផ្សោត គឺយើងអាចទាញធនធានទេសចរណ៍ ដើម្បីផ្ដល់ជាចំណូលក្នុងមូលដ្ឋាន»។
លោក អ៊ុក វិបុល ថ្លែងថា រដ្ឋបាលជលផល នឹងមានផែនការបន្ថែមទៀតដោយការដាក់បង្ហ្រោះដូន ដើម្បីចូលរួមការទប់ស្កាត់ការបាត់បង់សត្វផ្សោតទន្លេមេគង្គ ក្រៅពីការងារចុះល្បាត និងការហាមឃាត់មិនឱ្យមានឧបករណ៍នេសាទខុសច្បាប់ក្នុងតំបន់ផ្សោតរស់នៅ។ លោកក៏បានអំពាវនាវដល់អ្នកនេសាទត្រូវបញ្ឈប់ការនេសាទដោយឧបករណ៍មងក្នុងតំបន់ផ្សោត និងឧបករណ៍ឆក់នៅតាមដងទន្លេមេគង្គ បើពុំនោះទេ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។
លោក សេង ទៀក នាយកប្រតិបត្តិអង្គការ WWF បានប្រាប់ឱ្យដឹងដែរថា ថ្វីដ្បិតតែថ្នាក់ដឹកនាំមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារផ្សោត ក៏ប៉ុន្តែនៅមានបញ្ហាប្រឈមមួយចំនួនដែលទាក់ទងនឹងការប្រើឧបករណ៍ឆក់ ការដាក់មងនៅតំបន់ផ្សោតរស់នៅ។ ដូច្នេះ សូមចូលរួមទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាកាត់បន្ថយបញ្ហាប្រឈមទាំងនោះឱ្យដល់ចំណុចសូន្យតែម្ដង គឺមានន័យថាមិនឱ្យមានបទល្មើសនេសាទដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់នៅតំបន់ផ្សោតរស់នៅឡើយ។
លោកបានថ្លែងថា៖ «យើងសូមអំពាវនាវយ៉ាងទទូចដល់ប្រជានេសាទ សូមមេត្តាបញ្ឈប់ការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សសត្វផ្សោត និងហាមដាច់ខាតការប្រើប្រាស់ឧបករណ៍ឆក់ ដែលនាំឱ្យអន្តរាយដល់ការរស់រានរបស់សត្វផ្សោត និងត្រីមេពូជសំខាន់ៗក្នុងទន្លេ»។
លោកថ្លែងដោយសម្ដែងការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់កូនផ្សោតឈ្មោល ១ ក្បាលនេះ។ នៅដើមឆ្នាំ ២០២៤ នេះ មានកូនផ្សោតកើតចំនួន ២ ក្បាល ខណៈសត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតនៃប្រទេសកម្ពុជា ហើយសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ លោក វិបុល ថ្លែងថា បើតាមការប៉ាន់ស្មាន សព្វថ្ងៃនេះផ្សោតដែលរស់នៅក្នុងខេត្តស្ទឹងត្រែង និងក្រចេះ មានចំនួនប្រមាណជា ៩០ ក្បាល៕