​ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ព័​ត៌​មានបានឱ្យដឹងថា ក្រសួង​បានប្រកាស​រៀបចំ​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​ពាន​រង្វាន់​របស់​ក្រសួង​ប្រចាំឆ្នាំ​​ ២០២៤ នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែល​មហោស្រព​នេះ នឹង​ក្លាយជា​ផ្នែក​មួយ​ក្នុងការ​ឈានទៅ​លើកកម្ពស់​សិទ្ធិ​របស់​កុមារ​កម្ពុជា​។​

​លោក ទេព អ​ស្នា​រិ​ទ្ធ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ​បានឱ្យដឹងថា ក្រោម​ការដឹកនាំ​របស់​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័​ត៌​មាន មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​ពានរង្វាន់​ក្រសួង​ព័ត៌មាន​ដ៏​មាន​សារៈសំខាន់​នេះ គ្រោង​នឹង​រៀបចំឡើង​សម្រាប់​ជា​ផ្នែក​មួយ​ក្នុងការ​ឈានទៅ​អបអរ​ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ឆ្នាំ​ ២០២៤​។

​លោក​បាន​ប្រាប់ថា​៖ «​គោល​​បំណង​នៃ​ការរៀបចំម​ហោ​​ស្រព​តន្ត្រី និង​ចម្រៀង​កុមារ​ពានរង្វាន់​ក្រសួង​ព័ត៌មាន ឆ្នាំ​ ២០២៤ នេះ គឺ​ដើម្បី​លើក​កម្ពស់​ការចូលរួមរ​បស់​កុមារ​កម្ពុជា​ក្នុងការ​បញ្ចេញ​សមត្ថ​ភាព​ពិត​របស់​ពួកគេ និង​លើក​ទឹកចិត្ត​ដល់​កុមារ​កម្ពុជា​យើង​ក្នុងការ​បង្ហាញ​ភាព​អង់អាច​ក្លាហាន ទេពកោសល្យ និង​ស្នាដៃ សម្រាប់​ផ្តល់​ជា​គំរូ​ល្អ​ដល់​កុមារ​ដទៃទៀត ដែល​សុទ្ធ​​សឹង​ជា​ទំពាំង​ស្នង​ឫស្សី និង​ជាការ​រួមចំណែក​មួយរ​បស់​ពួកគេ​ចូលរួម​ក្នុង​សកម្មភាព​របស់​សង្គម​យើង​»​។​

​លោក​បាន​បន្ថែមថា រាល់​ការបញ្ចេញ​សមត្ថភាព​ច្រៀង និង​សម្តែង គឺ​សម្រាប់​ការប្រកួត​ប្រជែង​យក​ជយលាភី​ពិតមែន ប៉ុន្តែ​ការបញ្ចេញ​សមត្ថភាព​ទាំងអស់​សុទ្ធសឹង​មានភ្ជាប់​នូវ​គោលបំណង​បង្ហាញ​ភាព​អង់​​អាច​ក្លាហាន ភាព​អាច​ធ្វើបាន​របស់​កុមារ​កម្ពុជា ប្រកបដោយ​អត្ថន័យ​អប់រំ បណ្តុះ​គំនិត​ស្រឡាញ់​វប្បធម៌ ប្រពៃណី និង​ការ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​ល្អ​របស់​កុមារ​កម្ពុជា​។

​ជាងនេះទៀត​ខ្លឹមសារ និង​ការចូលរួម​របស់​កុមារ​ក្នុង​កម្ម​​វិធី​នេះ រួមចំណែក​លើកកម្ពស់​សិទ្ធិ​របស់​កុមារ ការលុបបំបាត់​អំពើ​កេងប្រវ័ញ្ច​លើ​កុមារ ការ​លុបបំបាត់​ការសេព​គ្រឿងញៀន ការយល់ដឹង​អំពី​សុវត្ថិភាព​ច​រាចរណ៍ តម្លៃ​នៃ​ចំណេះវិជ្ជា សុ​ជីវ​ធម៌​និង​ការរស់នៅ​ក្នុងសង្គម​តួយ៉ាង​៖ ការគោរព​ឪពុក ម្តាយ ចាស់ទុំ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ​អ្នកគ្រូ និង​សហគមន៍​ដែល​នៅ​ជុំវិញខ្លួន​។ នេះ​បើតាម​ការបញ្ជាក់បន្ថែម​ពី​លោក ទេព​អ​ស្នា​រិ​ទ្ធ​។​

​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​ថ្លែង​គាំទ្រ​ការបង្កើតឱ្យមាន​ព្រឹត្តិការណ៍​ការប្រកួត​ប្រជែង​គ្រប់ផ្នែក និង​គ្រប់​វិស័យ​របស់​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រោះ​ជា​រឿង​សំខាន់​ជួយ​ជំរុញ​ភាពក្លាហាន​របស់​សិស្ស​។​

​លោក​ថ្លែងថា​៖ «​ការសិក្សា​រៀនសូត្រ មាន​ផ្នែក​មួយ​ផ្សាភ្ជាប់​នឹង​សិល្បៈ បើ​គ្រូ​គាត់​មាន​ជំនាញ​ក្នុង​ការអប់រំ ហើយ​គាត់​មាន​សិល្បៈ​ក្នុង​ខ្លួន​ទៀត នឹង​ធ្វើឱ្យ​ការអប់រំ​ហ្នឹង ក្មេង​ចូល​ចិត្ត គាត់​ស្រឡាញ់ រហូតដល់​សាលា​មួយចំនួនទៀត​ក៏​បង្កើតជា​ចម្រៀង​ដែល​បង្កប់​នូវ​ការ​អប់រំ ដើម្បី​បណ្តុះ​ការចូលរួម​របស់​សិស្ស​របស់ខ្លួន​ផងដែរ​»​។​

​លោកថ្លែង​ដោយ​ជំរុញ​ទៅដល់​សាលា​ទាំង​រដ្ឋ និង​ឯកជន​ចូលរួម​ក្នុង​កម្មវិធី​នេះ ខណៈ​ក្រ​សួង​ព័​ត៌​ត្រូវ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​បន្ថែមទៀត ដើម្បី​ជំរុញ​ការចូលរួម​ពីសា​លា​នៅ​ទូទាំងប្រទេស ពិសេស​សិស្សសាលា​នៅតាម​តំបន់​ដាច់ស្រយាល​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​បានឱ្យដឹងថា កុមារា កុមារី​រូប​ណា​ដែលមាន​ជំនឿ​ចិត្ត​លើ​ទេព​កោសល្យ ភាពប៉ិនប្រសព្វ​លើ​កាយវិការ និង​ទឹកដម​សំឡេង​ពីរោះ​នោះ អាចមក​ទំនាក់​ទំនង​មក​ដាក់ពាក្យ​ប្រឡង​នៅ​ក្រសួង​ព័ត៌មាន​តាម​កាល​​បរិច្ឆេទ​ទទួល​ពាក្យ​ប្រឡង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ​១៩ ខែកុម្ភៈ​នេះ​។​

​ចំពោះ​កាលបរិច្ឆេទ​រៀបចំ​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​ឆ្នាំ​ ២០២៤ ​នេះ មិនទាន់​អាច​បញ្ជាក់​នៅឡើយ ខណៈ​គណៈកម្មការ​រៀបចំ​នឹង​បន្ត​បើក​កិច្ចប្រជុំ​ពិភាក្សា​ទៀត​៕