សៀមរាបៈ អាជ្ញាធរខេត្តសៀមរាបបានគាំទ្រសំណើរបស់ស្ថានទូតថៃ ដែលគ្រោងបើកស្ថានអគ្គកុងស៊ុលរបស់ខ្លួនប្រចាំខេត្តសៀមរាបនៅពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខ ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំង ២ ជាពិសេសធ្វើឱ្យខេត្តសៀមរាបកាន់តែមានភាពរីកចម្រើន។
សំណើនេះបានធ្វើឡើងក្នុងជំនួបរវាងលោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបជាមួយលោក ឈើតកៀត អត្ថាកន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហការ និងគម្រោងបើកស្ថានអគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប។ នេះបើតាមការលើកឡើងរបស់លោកប្រាក់ សោភ័ណ តាមរយៈហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤។
ប្រភពដដែលបានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក ប្រាក់ សោភ័ណ បានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ភាគីថៃក្នុងការបើកស្ថានអគ្គកុងស៊ុលរបស់ខ្លួនប្រចាំនៅខេត្តសៀមរាបនៅពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខ ដើម្បីជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំង ២ ឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគាំទ្រយ៉ាងកក់ក្តៅចំពោះការគ្រោងបើកស្ថានអគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំង ២ ជាពិសេសខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន»។
លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាបបានប្រាប់នៅថ្ងៃទី ២១ ខែកុម្ភៈថា ក្នុងនាមជារដ្ឋបាលខេត្ត គាំទ្រចំពោះសំណើរបស់ស្ថានទូតថៃ ដែលគ្រោងបើកស្ថានអគ្គកុងស៊ុលរបស់ខ្លួនប្រចាំនៅខេត្តសៀមរាបដើម្បីជួយសម្រួល និងបម្រើដល់ភ្ញៀវទេសចរជនជាតិថៃដែលមកទស្សនាខេត្តសៀមរាប ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរក្នុងការទាក់ទងជាមួយស្ថានអគ្គកុងស៊ុលថៃទៅលើការស្នើសុំធ្វើឯកសារចេញ ចូលផ្សេងៗ។
លោកបានបញ្ជាក់ថា៖ «ចំពោះផលប្រយោជន៍នៃបើកស្ថានអគ្គកុងស៊ុលនេះ គឺមានភ្ញៀវទេសចរថៃដែលគាត់មកតាមច្រកប៉ោយប៉ែត ឬច្រកព្រលានយន្តហោះថ្មីយើង ប្រសិនបើគាត់មានការអីទៅគឺគាត់មានភាពកក់ក្ដៅ ដោយសារនៅសៀមរាបនេះមានអគ្គកុងស៊ុលរបស់គាត់មួយហើយ»។
មួយវិញទៀត ការមានស្ថានអគ្គកុងស៊ុលនេះ វាក៏ផ្ដល់ភាពល្អសម្រាប់ភ្ញៀវបរទេសផ្សេងៗដែលត្រូវទៅថៃក្នុងការស្នើសុំទិដ្ឋាការ គឺពួកគាត់មិនចាំបាច់ត្រឡប់ទៅទីក្រុងភ្នំពេញវិញដើម្បីស្នើសុំធ្វើទិដ្ឋាការ ព្រោះស្ថានអគ្គកុងស៊ុលថៃ ដែលគ្រោងនឹងបើកក្នុងខេត្តសៀមរាបនេះនឹងផ្ដល់សេវាជូនភ្ញៀវបរទេសទាំងនោះ។ នេះបើតាមការបន្ថែមរបស់លោក លី វណ្ណៈ។
ជុំវិញរឿងនេះ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជាក៏បានថ្លែងដែរថាប្រសិនបើថៃមានស្ថានអគ្គកុងស៊ុលរបស់ខ្លួនប្រចាំនៅខេត្តសៀមរាបពិតប្រាកដមែននោះ វាជារឿងល្អ ព្រោះជាការផ្ដល់ភាពងាយស្រួលក្នុងទំនាក់ទំនងរវាងខេត្តសៀមរាបដែលខេត្តនៅជិតព្រំដែនប្រទេសថៃដើម្បីធ្វើឱ្យប្រជាជនខ្មែរ និងប្រជាជនថៃ មិនចាំបាច់ទៅឆ្ងាយក្នុងការធ្វើឯកសារផ្សេងៗសម្រាប់ចេញ-ចូលទៅប្រទេសថៃ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថាការដាក់ស្ថានអគ្គកុងស៊ុលថៃនៅខេត្តសៀមរាបគឺវាពិតជាល្អមែនទែនដើម្បីជួយសម្រួលដល់ប្រជាជនដែលចេញ-ចូលទៅប្រទេសថៃរៀងៗខ្លួន ជាពិសេសរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាជនក៏ដូចជាពលករចំណាកស្រុកខ្មែរផងដែរ»។
លោកបានបន្តថា ការដែលមានស្ថានអគ្គកុងស៊ុលនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងប្រទេសរៀងៗខ្លួន វាមានភាពងាយស្រួលទៅដល់ភ្ញៀវទេសចរដែលចេញ-ចូលក្នុងប្រទេសទាំងសងខាងទៅវិញទៅមក ជាពិសេសផ្ដល់ភាពកក់ក្ដៅ និងមានទំនុកចិត្ត សុវត្ថិភាព សម្រាប់ភ្ញៀវមកទស្សនាក្នុងប្រទេសទាំងសងខាងផងដែរ។
សូមបញ្ជាក់ថា មកទល់ពេលនេះនៅក្នុងខេត្តសៀមរាបមានប្រទេសចំនួន ៤ ហើយ ដែលបានបើកស្ថានអគ្គកុងស៊ុលរបស់ខ្លួនប្រចាំខេត្តនេះ ក្នុងនោះមានប្រទេសកូរ៉េខាងត្បូង ចិន ជប៉ុន និងប្រទេសកាណាដា៕