ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាពីភាពជាដៃគូផ្នែកសន្តិសុខនុយក្លេអ៊ែរ ជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជានៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។
លោក Frank Rose នាយករងប្រចាំការនៃរដ្ឋបាលជាតិសន្តិសុខអាវុធនុយក្លេអ៊ែរសហរដ្ឋអាមេរិក (NNSA) ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជានេះនៅថ្ងៃទី ២១ ខែកុម្ភៈ បានជួបពិភាក្សាការងារជាមួយលោក អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងលោក លី វណ្ណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២១ ខែកុម្ភៈថា កិច្ចពិភាក្សានេះទទួលបានលទ្ធផលផ្លែផ្កា ដោយផ្តោតលើការលើកកម្ពស់សុវត្ថិភាពនុយក្លេអ៊ែរ និងការត្រៀមបង្ការសម្រាប់គ្រាអាសន្នមានវិទ្យុសកម្ម។
លោក Rose ក៏បានជួបដាច់ដោយឡែកផងដែរ ជាមួយមន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយកិច្ចពិភាក្សាផ្តោតលើកិច្ចសហប្រតិបត្តិការលើការខិតខំធ្វើមិនឱ្យមានការរីកសាយ និងសន្តិសុខនុយក្លេអ៊ែរ។
ស្ថានទូតសហរដ្ឋអាមេរិកដកស្រង់សម្ដីលោក Rose ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «រដ្ឋបាលជាតិផ្នែកសន្តិសុខអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការជាមួយព្រះរាជាណាចក្រកម្ពុជា លើសុវត្ថិភាពនុយក្លេអ៊ែរ និងការត្រៀមបង្ការ និងការឆ្លើយតបសម្រាប់គ្រាអាសន្នមានវិទ្យុសកម្ម ហើយយើងផ្តល់តម្លៃដល់កិច្ចសហការជាដៃគូរបស់យើងក្នុងការតាមដានលើការជួញដូរខុសច្បាប់ទាក់ទងនឹងសារធាតុនុយក្លេអ៊ែរ»។
ក្នុងពេលស្នាក់នៅកម្ពុជា លោក Rose ត្រូវជួបផងដែរ ជាមួយមន្ត្រីកំពង់ផែ និងគយ ហើយប្រាស្រ័យជាមួយនិស្សិតសាកលវិទ្យាល័យស្តីពីសន្តិសុខតាមអ៊ីនធឺណិត មុនពេលបន្តដំណើររបស់លោកទៅវៀតណាម។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ជំនួបរវាងលោក Rose មន្ត្រីនៃក្រសួងរ៉ែ និងថាមពលកម្ពុជា គឺជាការបញ្ជាក់គ្នាល្អចៀសវាង «សាចទឹកដាក់គ្នា» ក្នុងបញ្ហាណាមួយដែលមិនបានយល់គ្នាពីសន្តិសុខនុយក្លេអ៊ែរ។ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋាភិបាលក្នុងអាស៊ានដែរគឺប្រឆាំងដាច់ខាតក្នុងការរីកសាយភាយអាវុធនុយក្លេអ៊ែរ។
លោកបានបញ្ជាក់ថា៖ «កម្ពុជាយើងគ្មានលទ្ធភាពទៅលើបញ្ហាហ្នឹងទេ ហើយបញ្ហាសំខាន់គឺការបង្ការគ្រាអាសន្នវិទ្យុសកម្មនោះនឹងជារឿងត្រឹមត្រូវហើយ គឺជាការណ៍មួយដែលយើងទប់ស្កាត់ទាំងអស់គ្នា។ យើងគិតថា សហរដ្ឋអាមេរិកគឺជាប្រទេសដែលឈានមុខទី១ ទៅលើបញ្ហានេះ ហើយបើបានពិនិត្យរួមគ្នា ហើយបានទទួលស្គាល់រួមគ្នាថាយើងពុំមានបញ្ហាហ្នឹងកើតឡើងទេ វាជាការល្អ។ ដូចខ្ញុំនិយាយខាងដើមថា កុំឱ្យសាចទឹកដាក់គ្នាទៅលើកិច្ចការហ្នឹង នាំទៅដល់ការភាន់ច្រឡំទំនាក់ទំនងក៏ដូចជានយោបាយការទូត»៕