ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញមហិច្ឆតាចង់ឱ្យកូនខ្មែរធ្វើផ្លូវល្បឿន លឿនទាំងក្រោមដី លើដី និងសាងសង់អគារពាណិជ្ជកម្មទំនើបៗច្រើនជាន់ដោយខ្លួនឯង ប្រកបដោយគុណភាពខ្ពស់មិនចាញ់ប្រទេសដែលមានការអភិវឌ្ឍ។ លោកបានថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុប សកម្មភាពការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោកថ្លែងថា៖ «ថ្ងៃក្រោយកម្ពុជានឹងមានសមត្ថភាពធ្វើហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវល្បឿនលឿនអ្វីៗ ក្រោមដី លើដីទាំងអស់ ហើយធ្វើដោយកូនខ្មែរ និង ក្រុមហ៊ុនខ្មែរទៀត ខ្ញុំចង់ មហិច្ឆតាខ្ញុំអ៊ីចឹង»។
លោកបានលើកឡើងថា សមត្ថភាពនៃការធ្វើការទាំងនោះមិនមែនទាញចំណេះដឹងពីការជួយរបស់គេ ហើយត្រូវចប់នោះទេ។
លោកបញ្ជាក់ថា កាលពីឆ្នាំ ១៩៩០ មានជំនាញការមកពី ធនាគារពិភពលោក និងជំនាញការអន្តរជាតិផ្សេងៗមកជួយសរសេរគោលនយោបាយសម្រាប់ប្រទេសជាតិ ប៉ុន្តែពេលនេះអ្នកជំនាញជាកូនខ្មែរទទួលបានជំនាញទាំងនោះ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើអគារពាណិជ្ជកម្មច្រើនជាន់ និងអាចធ្វើស្ពានឆ្លងទន្លេបានទៀតផង។ ថ្វីបើក្រោមដីមិនទាន់មានការសាងសង់ ប៉ុន្តែរឿងចំណុចនេះនឹងកើតឡើងនៅពេលខាងមុខមិនខាន។
ដើម្បីឱ្យមហិច្ឆតានេះសម្រេចបានជោគជ័យ លោកនាយករដ្ឋមន្ត្រី លើកឡើងថា វិស័យឯកជនត្រូវតែមានការពង្រឹង ឱ្យបានរឹងមាំ ពោលគឺដកដង្ហើមខ្លួនឯងនិងលើកទឹកចិត្តក្នុងការម្ចាស់ការធ្វើដោយខ្លួនឯង។ ក្រសួងឧស្សាហកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ជាស្នូលក្នុងការជួយលើកកម្ពស់ សេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ធ្វើការពង្រឹងឱ្យបានលឿន។ ជាមួយគ្នានោះត្រូវរៀបចំបទដ្ឋានគតិយុត្តផ្សេងៗដើម្បីជំនួយដល់ការពង្រឹងកិច្ចការងារនេះ។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវចូលរួមពន្លឿនការធ្វើបដិវត្តកម្មឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល ធ្វើសមាហរណកម្ម នៅក្នុងបណ្តាញផលិតកម្មតំបន់ និងអភិវឌ្ឍន៍កន្សោម ផលិតកម្មប្រទាក់ក្រឡា តាមរយៈលើកកម្ពស់ផលិតភាពឧស្សាហកម្ម ការពង្រឹងសុវត្ថិភាពការងារ និងបរិស្ថាន និងការវាយតម្លៃការទទួលស្គាល់សមត្ថភាពរបស់អង្គភាពវាយតម្លៃអនុលោមភាព ដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងតំបន់ និងសកលលោក។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្លែងថា ក្នុងឆ្នាំ ២០២៣ ក្រសួងបានផ្តល់ការបណ្តុះបណ្តាលនូវជំនាញបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម ជូនសិក្ខាកាមសរុបចំនួន ២ ៨២៥ នាក់ មកពី ៦៨៧ រោងចក្រ កើនឡើង ២៤% ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មបៃតង និងឧស្សាហកម្មជំនាន់ថ្មី បានធ្វើការត្រួតពិនិត្យការបំពុល និងគ្រប់គ្រងសំណល់ឧស្សាហកម្មផងដែរ។
លោកបន្ថែមថា ក្រសួងក៏បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ លើការងារចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម ជាមួយអង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិនានា។
លោកបញ្ជាក់ថា៖ «គិតត្រឹមថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ ការទទួលសំណុំលិខិតស្នើសុំផ្តល់ប្រកាសនីយបត្រតក្កកម្មសរុបមានចំនួន ១០៩៩»។
លោកថ្លែងថា ក្រសួងនឹងបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាព សាមគ្គីភាព និងគុណភាពនៃកម្លាំងធនធានមនុស្សដែលក្រសួងមាន ដើម្បីអាចសម្រេចបាននូវបេសកកម្មដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ ជាមួយគ្នានោះ ក្រសួងនឹងពន្លឿនការតាក់តែងសេចក្តីព្រាងច្បាប់ អនុក្រឹត្យ បទដ្ឋាន គតិយុត្ត និងផែនការមេពាក់ព័ន្ធនានា ដែលនឹងគាំទ្រដល់ការគ្រប់គ្រង និងការអភិវឌ្ឍរបស់វិស័យ៕