ភ្នំពេញៈ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីម្សិលមិញបានធ្វើដំណើរតាមយន្តហោះផ្ទាល់ខ្លួនចាកចេញពីរាជធានីភ្នំពេញទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ក្នុងគោលបំណងជួបសួរសុខទុក្ខ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវជាបងធម៌របស់លោក បន្ទាប់ពីអាជ្ញាធរថៃសម្រេចដោះលែងឱ្យមានសេរីភាពពីការជាប់ឃុំក្នុងពន្ធនាគារមុនពេលកំណត់។
នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ លោកហ៊ុន សែន បានបង្ហោះសារជាមួយរូបភាពអង្គុយលើយន្តហោះផ្ទាល់ខ្លួនរបស់លោកថា៖ «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ ទីក្រុងបាងកកដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំ គឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ»។
បន្ទាប់មកនៅថ្ងៃដដែលនោះដែរ លោក ហ៊ុន សែន ក៏បានបញ្ជាក់តាមបណ្តាញសង្គមផ្លូវការរបស់លោកដោយភ្ជាប់ជាមួយនឹងរូបភាពអង្គុយជាប់នឹងលោកថាក់ស៊ីន ព្រមជាមួយវត្តមានលោកស្រី អ៊ុងអ៊ីង កូនស្រីពៅលោក ថាក់ស៊ីន និងជាប្រធានគណបក្សភឿថៃ ថា លោកបានទៅដល់គេហដ្ឋានរបស់លោកថាក់ស៊ីនហើយ។
លោកបញ្ជាក់ថា៖ «អតីតនាយករដ្ឋមន្ត្រី ២ នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំឭកអនុស្សារីយ៍រយៈពេល ៣២ ឆ្នាំនៃមិត្តភាពរបស់យើងទាំង ២ តាំងពីឆ្នាំ១៩៩២ មក។ អរគុណបងប្រុស និងក្មួយស្រីដែលបានទទួលខ្ញុំនៅថ្ងៃនេះ»។
លោក ហ៊ុន សែន បានថ្លែងទៀតថា ដើម្បីរឹតចំណងមិត្តភាព លោកបានអញ្ជើញលោកស្រី អ៊ុងអ៊ីង មកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី ១៤ និង ១៥ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខផងដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងកាលពីម្សិលមិញថា ដំណើរសួរសុខទុក្ខរបស់លោកហ៊ុន សែន ចំពោះលោក ថាក់ស៊ីន គ្រានេះជារឿងបុគ្គលសុទ្ធសាធ ដែលនឹងមិនឡូកឡំជាមួយនឹងបញ្ហានយោបាយឡើយ ហើយលោកក៏មិនបានដឹងដែរថា ភាគីទាំង ២ អាចនឹងជជែកគ្នាពីរឿងអ្វីខ្លះ។
លោកបានថ្លែងថា៖ «យើងដឹងហើយថា សម្តេចហ៊ុន សែន លែងកាន់តំណែងជានាយករដ្ឋមន្ត្រីទៀតហើយ ឯកឧត្តមថាក់ស៊ីន ក៏មិនមានមុខតំណែងអ្វីនៅក្នុងជួររដ្ឋាភិបាលថៃដែរ។ ដូច្នេះភាគីទាំង ២ ដូចជាមិនពិភាក្សាការងារអ្វីអំពីទំនាក់ទំនងទ្វេភាគីទេ គ្រាន់តែជារឿងឯកជនរបស់គាត់ទាំង ២ នាក់ប៉ុណ្ណោះ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងកាលពីម្សិលមិញដែរថា ទោះបីដំណើររបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃជារឿងបុគ្គលក្តី ប៉ុន្តែតិច ឬច្រើនភាគីទាំង ២ អាចជជែកពីបញ្ហានយោបាយ និងទំនាក់ទំនងកម្ពុជា-ថៃ មិនខាន ខណៈទាំងលោកហ៊ុនសែន និងលោកថាក់ស៊ីន សុទ្ធសឹងជាឥស្សរជននយោបាយមានឥទ្ធិពល និងជាអ្នកមានឥទ្ធិពលដល់បក្សកាន់អំណាចក្នុងប្រទេសទាំងសងខាង។
លោក គិន ភា បានបញ្ជាក់ថា៖ «ដំណើរនេះ ក៏ជាសារមួយចង់បង្ហាញផងដែរថា ទំនាក់ទំនងរបស់គាត់ [លោកហ៊ុន សែន] ជាមួយលោកថាក់ស៊ីន នេះមិនមានការផ្លាស់ប្តូរឡើយក្នុងរយៈពេលជាង ៣០ ឆ្នាំប្លាយមកនេះ តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកទល់សព្វថ្ងៃ ដែលបុគ្គលសម្តេចតេជោជាមនុស្សរក្សាទំនាក់ទំនងមិត្តភាពបានយូរអង្វែង»។
លោក គិន ភា អះអាងថា ទំនាក់ទំនងរវាងបុគ្គល និងបុគ្គលក៏មានសារៈសំខាន់ផងដែរសម្រាប់ទំនាក់ទំនងរដ្ឋ ជាក់ស្តែងទាំងលោក ហ៊ុន សែន និងលោក ថាក់ស៊ីន ដែលនៅពីក្រោយគណបក្សកាន់អំណាចនៃប្រទេសទាំង ២ ពោលគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ ដែលទំនាក់ទំនងកម្ពុជា និងថៃ ក៏អាចមានការប្រែប្រួលតាមរយៈទំនាក់ទំនងលោកហ៊ុន សែន និងលោកថាក់ស៊ីន ផងដែរ។
លោក ហ៊ុន សែន និងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរាប់អានគ្នាជាបងប្អូនធម៌ចាប់តាំងពីឆ្នាំ ១៩៩២ គឺនៅមុនគ្រាលោកថាក់ស៊ីនក្លាយជានាយករដ្ឋមន្ត្រីថៃ។ បន្ទាប់ពីលោកថាក់ស៊ីនត្រូវបានក្រុមយោធាថៃធ្វើរដ្ឋប្រហារទម្លាក់លោកពីតំណែងនៅឆ្នាំ ២០០៦ លោកនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកហ៊ុន សែន ដែលគ្រានោះ លោកហ៊ុន សែន តែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សាថែមទៀតផង ហើយរយៈពេលរង្វង់ប៉ុន្មានឆ្នាំចុងក្រោយ លោកតែងធ្វើដំណើរមកកម្ពុជាជួបលោកហ៊ុន សែន ជាញឹកញាប់។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ អាជ្ញាធរថៃបានសម្រេចដោះលែងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីការឃុំឃាំងដោយហេតុផលសុខភាព និងបំពេញកាតព្វកិច្ចបានល្អ ខណៈលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោក ថាក់ស៊ីន ត្រូវបានព្រះមហាក្សត្រសម្រាលទោសពី៨ឆ្នាំ មកត្រឹម ១ ឆ្នាំ នៅពេលលោកវិលត្រឡប់ចូលប្រទេសវិញ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេល ១៥ ឆ្នាំ៕