​សៀមរាបៈ ​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្តសៀមរាប បាន​ប្តេជ្ញា​ថា នឹង​រួមគ្នា​ជំរុញ​ការអនុវត្ត​ចលនា​ភូមិ​ ​១ ផលិត​ផល​ ១ ឱ្យបាន​ជោគជ័យ ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅ និង​គុណភាព​ជីវិត​របស់​ប្រជាជន​តាម​សហគមន៍​។​

​ការប្តេជ្ញា​នេះ​បាន​ធ្វើឡើង​នៅក្នុង​វេទិកា​ផ្គូផ្គង​រវាង​អ្នក​ផលិត និង​អ្នកទិញ និង​ពិគ្រោះ​យោ​ប​ល់​នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប កាល​ថ្ងៃទី ​២០ ខែកុម្ភៈ ឆ្នាំ ​២០២៤​។ វេទិកា​នេះ មានការ​ចូលរួម​ពី​រដ្ឋបាលខេត្ត​សៀម​រាប គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​ ១ ផលិតផល​ ១ និង​អង្គការ​ពាក់ព័ន្ធ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​ខេត្តសៀមរាប​។​

​បើតាម​ប្រភពពី​រដ្ឋបាល​ខេត្ដ  ​នាឱកាស​នោះ លោក​ យុន លីន​ណេ អភិបាលរង​ខេត្ត​សៀម​​រាបបាន​លើកឡើងថា ការរៀប​ចំ​វេទិកា​ផ្គូផ្គង​រវាង​អ្នក​ផលិត និង​អ្នកទិញ​នេះ ធ្វើឡើង​ក្រោម​គម្រោង​អភិវឌ្ឍន៍​អាជីវកម្ម និង​ការទទួលបាន​ទីផ្សារ​ស​ម្រា​ប់​អ្នក​ផលិត​ក្នុងស្រុក និង​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ​(​ភូមិ​ ១​ ផលិតផល​ ១) និង​គម្រោង​សហគមន៍​នេសាទ​បង្កើត​ការ​ងារ ដែលជា​សេដ្ឋកិច្ច​វិលជុំ​នៅ​បឹង​ទន្លេសាប​ប៉ែក​ខាងលិច ខេត្តសៀមរាប​។​

​លោក​បាន​បន្តថា​៖ «​គោល​បំណង​នៃ​ការរៀបចំ​វេទិកា​នេះ ដើម្បី​ជំរុញឱ្យមាន​ការគាំទ្រ​ការ​ចូលរួម​ផ្សព្វផ្សាយ និង​ជំរុញ​ការអនុវត្ត​ចលនា​ភូមិ​ ១ ផលិត​​ផល​ ១ ឱ្យបាន​ជោគជ័យ​ដើម្បី​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​»​។​

​លោក យុន លីន​ណេ បាន​បន្តថា ដើម្បី​សម្រេច​ផែនការ​សកម្មភាព​នេះ រដ្ឋបាលខេត្ត ក៏ដូចជា គណៈកម្មាធិការ​ជំរុញ​ចលនា​ភូមិ​ ១ ផលិតផល ​១ ថ្នាក់​ខេត្ត ប្តេជ្ញា​ខិតខំ​សហការ​ជា​មួយ​រដ្ឋបាល​ក្រុង​-​ស្រុក និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ ជំរុញ និង​ចង​​ក្រង​ផលិត​នៅតាម​មូលដ្ឋាន​ឱ្យចូល​ជា​សមាជិក​ចលនា ភូមិ​ ១ ​ផលិតផល​ ១​។​

​លើសពីនេះ​លោក​ថា​៖ «​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​នឹង​ខិតខំ​អភិវឌ្ឍ​ធនធានមនុស្ស​ទាក់ទង​នឹង​ការ​​ជំរុញ​ចលនា​ភូមិ​ ១ ផលិតផល​ ១ នៅ​ថ្នាក់​ខេត្ត​ដើម្បី​ទទួលបាន​ចំណេះដឹង​បទពិសោធន៍ និង​ចូលរួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ កាត់បន្ថយ​ចំណាកស្រុក លើកកម្ពស់​ជីវភាពរ​ស់​នៅ និង​គុណភាព​ជីវិត​របស់​ប្រជាជន​តាម​សហគមន៍​ផងដែរ​»​។​

​ក្នុងឱកាស​នោះ លោក សួង​ ណ​យ អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​ ១ ផលិតផល​ ១ ​ក៏បាន​លើកឡើង​ដែរ​ថា កាល​ឆ្នាំ ២០២១ ចលនា​ភូមិ​ ១ ផលិត​​ផល​ ១​ នៅ​ខេត្ត​ចំនួន​ ១០ ចង​ក្រង​បាន​ចំនួន​ ១២០​ ផលិតផល ហើយ​កាល​ឆ្នាំ​ ២០២២ ​កន្លង​ទៅ ទាំង​ ២៥​ រាជធានី ខេត្ត ចង​ក្រង​បាន​ចំនួន​៦០០​ផលិតផល ក្នុងនោះ​ខេត្តសៀមរាប​មាន ៤២ ​ផលិតផល​។​

​លោក​បាន​បន្តថា ដើម្បី​ជំរុញ​ការងារ​នះ គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​ ១ ផលិតផល​ ១ ក៏បាន​រៀបចំ​ឡើងវិញ​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​កា-​ជំរុញ​ចលនា​ភូមិ​ ១​ ផលិតផល ​១ ឆ្នាំ​ ២០១៦-២០២៦ និង​បាន​កសាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ជំរុញ​ចលនា​ភូមិ ​១ ផលិតផល​ ១ ​លើក​ទី​១ ឆ្នាំ​ ២០១៩-២០២៣ សំដៅ​ជំរុញ​កៀរគរ​សក្ដានុពល​សេដ្ឋកិច្ច​ក្នុងស្រុក​នៃ​ផលិតផល និង​សេវាកម្ម ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ និង​សហគមន៍​មូលដ្ឋាន​។​

​ទាក់ទិន​រឿងនេះ​ដែរ  ​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​គាំទ្រ​ចំពោះ​ការប្តេជ្ញា​របស់​ភាគី​ពាក់ព័ន្ធ និង​គាំទ្រ​ឱ្យមាន​រៀបចំ​វេទិកា​ផ្គូផ្គង​រវាង អ្នក​ផលិត អ្នកលក់ និង​អ្នកទិញ​នេះ​ឡើង ដើម្បី​ពង្រីក​សក្តានុពល បើក​ច្រក​ទីផ្សារ​ឱ្យ​ផលិតផល​ខ្មែរ​កាន់​តែ​ធំ ខណៈ​ការធ្វើ​បែបនេះ​ក៏​អាចជួយ​ទាក់ទាញ​ទេសចរ​ទៅកាន់​សហគមន៍​ដែល​បាន​ផលិត​ផលិតផល​ផ្ទាល់​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា​នេះ អាចជា​ឱកាស​ភ្ជាប់​ទំនាក់​​ទំនង​ជាមួយ​តួអង្គ​ផ្សេងៗ​ពី​គ្រប់​មជ្ឈដ្ឋាន និង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទីផ្សារ​ផលិតផល​ខ្មែរ និង​អ្នកទិញ​ក្នុងស្រុក ដើម្បី​នាំចេញ​នៅនឹងកន្លែង ហើយនឹង​ឈានទៅដល់​ការនាំ​ចេញទៅ​ក្រៅប្រទេស ដែល​អាច​រួម​ចំណែក​យ៉ាងច្រើន​ដល់​កំណើនសេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ​អ្នក​​ផលិត​ផ្ទាល់​»​។​

​ជាមួយនេះដែរ លោក ហុង វណ្ណៈ ក៏បាន​ជំរុញ​ឱ្យ​ភាគី​ពាក់​​ព័ន្ធ​ទាំងអស់​បង្កើត​វេទិកា​បែបនេះ​ឱ្យបាន​ច្រើន​បន្ថែមទៀត ខណៈ​លោក​ក៏​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​ខិតខំ​រិះរក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត​ដើម្បី​នាំចេញ​ផលិតផល​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាងនេះទៀត​៕