ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យសិស្ស-និស្សិតដែលកំពុងត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ត្រូវតែស្គាល់ពីតម្រូវការទីផ្សារច្បាស់លាស់ និងស្គាល់ពីក្តីស្រមៃរបស់ខ្លួនក្នុងការជ្រើសរើសការសិក្សាមួយដែលត្រឹមត្រូវដើម្បីនាំមកនូវជោគជ័យផ្ទាល់ខ្លួន សង្គមគ្រួសារ និងសង្គមជាតិ។
លោកបានលើកឡើងដូចនេះ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ក្នុងវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ដែលធ្វើឡើងនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា។
វេទិកានេះត្រូវបានរៀបចំរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងធនាគារអេស៊ីលីដា និងវិស័យឯកជនចំនួន ២០ ក្រុមហ៊ុនផ្សេងទៀត។ នេះបើយោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ បានបញ្ជាក់ថា៖ «សិក្ខាសាលានេះនឹងផ្តល់ធាតុចូលសម្រាប់សិក្ខាកាមក្នុងការត្រិះរិះពិចារណាលើការជ្រើសរើសវិថីជីវិតនាពេលអនាគតដើម្បីសម្រេចក្តីស្រមៃដោយឈរលើមូលដ្ឋានបទពិសោធន៍របស់អ្នកជំនាញ និងតម្រូវការទីផ្សារជាក់ស្តែងពីវិស័យឯកជន»។
លោកបានបន្តថា៖ «ការធ្វើយ៉ាងដូចនេះ នឹងជំរុញឱ្យកម្លាំងពលកម្មវ័យក្មេងកម្ពុជា សម្រេចក្តីស្រមៃរបស់ខ្លួនហើយក៏ស្របទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំរបស់ក្រសួងការងារលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នេះ ដែលមានទិសដៅផ្តល់ព័ត៌មានគ្រប់គ្រាន់ ទូលំទូលាយ និងច្រើនជម្រើសសម្រាប់ប្រជាពលរដ្ឋ និងយុវជន»។
កញ្ញា ឆេង ធារី មន្ត្រីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានឱ្យដឹងនៅថ្ងៃទី ២១ ខែកុម្ភៈថា វេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថលនេះ មានការចាប់អារម្មណ៍ និងចូលរួមច្រើនពីសិស្ស និស្សិតកម្ពុជា។ ពួកគេបានយល់ដឹងច្រើនពីទីផ្សារការងារ ក្នុងសម័យឌីជីថលនេះ។
កញ្ញាបានបញ្ជាក់ថា៖ «ដោយមើលពីសារៈសំខាន់នៃវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថលនេះ NEA នឹងបន្តរៀបចំនៅតាមបណ្តាសាកលវិទ្យាល័យនានា នៅក្នុងខែមីនាខាងមុខថែមទៀតដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យសិស្ស និស្សិតរបស់យើងបានត្រៀមខ្លួនចាប់យកឱកាសទីផ្សារការងារក្នុងសម័យឌីជីថលនេះ»។
កញ្ញា ឆេង ធារី បានបន្ថែមថា៖ «យើងនឹងបន្តរៀបចំជាបន្តបន្ទាប់ និងជារៀងរហូតនូវវេទិកានេះ ព្រោះវាបានរួមចំណែកដល់សិស្ស និស្សិតរបស់យើងឱ្យប្រឡូកនៅក្នុងទីផ្សារការងារក្នុងយុគសម័យបច្ចេកវិទ្យា និងឌីជីថលទំនើបនាពេលបច្ចុប្បន្ន និងទៅអនាគត»។
ដោយឡែក កាលពីថ្ងៃទី ២០ ខែកុម្ភៈ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានណែនាំដល់សិក្ខាកាមដែលត្រូវចេញទៅធ្វើការនៅប្រទេសថៃលើវិស័យសំណង់ថា ក្រៅពីដើម្បីប្រាក់ចំណូល គឺសូមមានគោលដៅដើម្បីអភិវឌ្ឍន៍ជំនាញរបស់ខ្លួនផងដែរ។
លោកបានថ្លែងដូចនេះក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ មុនចេញដំណើរសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ក្នុងវិស័យសំណង់ដែលមានកិច្ចសហការ រវាង IOM, TPQI, JILAF, ECOT, ACRA និង KCEMENT៕