កំពតៈ ក្រសួងសុខាភិបាល បានក្រើនរំឭកសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីប្រភេទ (H5N1) ជានិច្ច ខណៈក្រសួងទើបតែបន្តរកឃើញករណីជំងឺនេះបានឆ្លងទៅកាន់ក្មេងស្រីម្នាក់ទៀត នៅក្នុងស្រុកឈូក ខេត្តកំពត។
ការក្រើនរំឭកជាថ្មីនេះ ដោយសារតែក្រសួងសុខាភិបាល បានរកឃើញក្មេងស្រីអាយុ ១៧ ឆ្នាំ ម្នាក់ នៅស្រុកឈូកខេត្តកំពត បានវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ H5N1 ដោយការបញ្ជាក់លទ្ធផលពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ ក្មេងស្រីដែលវិជ្ជមានវីរុសផ្តាសាយបក្សីនេះមានអាការគ្រុនក្តៅក្អកហត់ និងពិបាកដកដង្ហើម ហើយបច្ចុប្បន្នស្ថានភាពអ្នកជំងឺបានធូរស្រាល និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ នេះបើយោងតាមសេចក្ដីប្រកាសក្រសួងសុខាភិបាលកាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤។
ប្រភពខាងលើបានឱ្យដឹងទៀតថា ទន្ទឹមនេះក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបាន និងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងក្រសួងបរិស្ថានអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើករណីកើតជំងឺផ្តាសាយបក្សីនិងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រនិងពិធីសារបច្ចេកទេសបន្តការស្វែងរកប្រភពចម្លងទាំងលើសត្វនិងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ព្រមទាំងចែកជូនឱសថតាមីភ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធនិងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។
ជាមួយគ្នានេះក្រសួងសុខាភិបាលក្រើនរំឭកជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ចពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។
បន្ថែមពីនេះក្រសួងក៏ណែនាំដល់ប្រជាពលរដ្ឋថា ប្រសិនបើមានអាការក្តៅខ្លួនក្អកហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់-ទាឈឺ ឬស្លាប់ក្នុងអំឡុង ១៤ ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញាសូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតខ្លួនបំផុតឱ្យបានឆាប់ទាន់ពេលវេលា។
ពាក់ព័ន្ធករណីនេះលោកចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានឱ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈថា តាមរយៈកិច្ចសហការជាមួយមន្ត្រីផ្នែកសុខភាពសត្វអាជ្ញាធរភូមិ-ឃុំនិងភ្នាក់ងារសុខភាពសត្វភូមិបានចុះទៅមូលដ្ឋានប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្ទះក្មេងស្រី ដែលឆ្លងជំងឺផ្ដាសាយបក្សីនេះ។ ក្នុងនោះបានឃើញថា កាលពីជាង ១ ខែមុនទាំងផ្ទះអ្នកឆ្លងជំងឺក៏ដូចជាផ្ទះប្រជាពលរដ្ឋផ្សេងទៀតសរុបចំនួន ៦ គ្រួសារ ក៏មានករណីបក្សីឈឺងាប់ជាបន្តបន្ទាប់ចំនួន ៩៥ ក្បាល ក្នុងចំណោមសត្វបក្សី ក្នុងភូមិសរុបចំនួន ៤ ២២១ ក្បាល។
លោកបន្តទៀតថា ប៉ុន្តែមួយរយៈចុងក្រោយនេះផ្ទះរបស់ប្រជាពលរដ្ឋទាំងនោះពុំមានសត្វបក្សីឈឺងាប់បន្តទៀតទេដូច្នេះទោះបីមិនមានសត្វបក្សីបន្តឈឺងាប់ទៀតមែនតែបានធ្វើឱ្យប្រជាពលរដ្ឋមានឆ្លងជំងឺនេះ។
លោកចាន់ រិទ្ធិ បញ្ជាក់ថា៖ «ដើម្បីចៀសវាងការឆ្លងរាលដាលបន្តទៀតទៅកាន់ប្រជាពលរដ្ឋក៏ដូចជាសត្វបក្សីផ្សេងទៀតគឺក្រុមការងារពាក់ព័ន្ធបានចាត់វិធានការបសុពេទ្យសម្លាប់សត្វបក្សីនៅក្នុងតំបន់ដែលផ្ទុះជំងឺដោយធ្វើការសម្លាប់សត្វបក្សីសរុបបានចំនួន ១១៧ ក្បាលក្នុងនោះទាចំនួន ២២ ក្បាល»។
លោកបន្ថែមថា ក្រៅពីនេះក្រុមការងារក៏បានណែនាំដល់ប្រជាពលរដ្ឋក្នុងភូមិមិនឱ្យទិញលក់សត្វបក្សី ហាមធ្វើចរាចរណ៍សត្វបក្សីចេញ ចូលនិងឆ្លងកាត់តំបន់ផ្ទុះជំងឺឆ្លងហើយក៏បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋនៅក្នុងតំបន់ដែលមានហានិភ័យដោយបន្តធ្វើជីវសុវត្ថិភាពបាញ់ថ្នាំរម្ងាប់មេរោគនៅកន្លែងចិញ្ចឹមបក្សី។
សូមរំឭកផងដែរថា កាលពីពេលថ្មីនេះៗក្រសួងសុខាភិបាលបានប្រកាសថាមានករណីកុមារាអាយុ៩ឆ្នាំម្នាក់នៅខេត្តក្រចេះបានបាត់បង់ជីវិតដោយសារមានវីរុសផ្ដាសាយបក្សីប្រភេទH5N1ដែលកើតឡើងពីការបរិភោគសាច់សត្វបក្សីដែលមានជំងឺ៕