គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំនៃអង្គការសហប្រជាជាតិ បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដាក់របាយការណ៍ជាតិលើកដំបូងពាក់ព័ន្ធការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពី “ការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ”ដោយស្ថាប័ននេះបានត្រៀមលក្ខណៈរួចរាល់ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការជាជំនួយបច្ចេកទេសជូនចំពោះកម្ពុជា។
ការវាយតម្លៃនេះ ធ្វើឡើងស្របពេលដែលលោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលរួមមានមន្ត្រីជាន់ខ្ពស់ពីក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អញ្ជើញទៅចូលរួមកិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិលើកដំបូងរបស់កម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នាសម័យប្រជុំលើកទី២៦ របស់គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ អង្គការសហប្រជាជាតិ ថ្ងៃទី ១៩-២០ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ស.ម.ក ស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើ ចុះថ្ងៃទី ២១ ខែកុម្ភៈ។
គួរជម្រាបថា កិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិ ជាយន្តការប្រក្រតីមួយរបស់គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ ដែលធ្វើឡើងដើម្បីតាមដានការអនុវត្តបទប្បញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុងអនុសញ្ញាដោយ រដ្ឋភាគី។
គ.ស.ម.ក បានគូសបញ្ជាក់ថា ការពិនិត្យរបាយការណ៍នេះ មិនមែនជាវេទិកាបន្តុះបង្អាប់ រិះគន់ ឬវាយប្រហារគ្នាអំពីបញ្ហាសិទ្ធិមនុស្ស ទេ ប៉ុន្តែជាកិច្ចសន្ទនាបែបស្ថាបនា រវាងគណៈប្រតិភូនៃរដ្ឋភាគី និងសមាជិក-សមាជិកានៃគណៈកម្មាធិការ ក្នុងគោលដៅចែករំលែក ឬផ្លាស់ប្ដូរគ្នាទៅវិញទៅមកនូវឧត្តមានុវត្តន៍ បទពិសោធន៍ ចំណុចខ្វះខាត កង្វល់ ឬបញ្ហាប្រឈមផ្សេងៗ ដោយរួមទាំងទិសដៅការងារ និងលទ្ធភាព ការធ្វើកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត ដើម្បីធានាការអនុវត្តនិងការគោរពតាមបទប្បញ្ញត្តិនៃអនុសញ្ញានៅក្នុងរដ្ឋភាគី។
គ.ស.ម.ក បានឱ្យដឹងទៀតថា៖ «នៅក្នុងកិច្ចសន្ទនារយៈពេល ២ ថ្ងៃនេះ សមាជិក-សមាជិកានៃគណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដាក់របាយការណ៍ជាតិលើកដំបូង ដោយបានពន្យល់ពីមូលដ្ឋានច្បាប់ជាតិ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលធានាការអនុវត្តស្របតាមបទប្បញ្ញត្តិចែងក្នុងអនុសញ្ញានេះ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ នៅថ្ងៃទី ២២ ខែកុម្ភៈនេះបានថ្លែងថា ជាធម្មតានៅពេលមានជំនួបពិភាក្សាជាលើកដំបូង ភាគីគណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំគេចង់ស្វែងយល់ពីកម្ពុជាទាក់ទងការអនុវត្តអនុសញ្ញានេះ និងក្របខ័ណ្ឌគតិយុត្តដែលពាក់ព័ន្ធ។
លោកថ្លែងថា៖ «យើងដឹងហើយថានៅកម្ពុជា កាលពីប៉ុន្មានឆ្នាំមុនធ្លាប់មានបញ្ហាចម្រូងចម្រាសមួយទាក់ទងការបាត់ខ្លួនរបស់សកម្មជនសិទ្ធិមនុស្សថៃលោក វ៉ាន់ឆាឡឺម រហូតដល់ក្រុមគ្រួសារដាក់ពាក្យបណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញ»។
លោកបន្តថា៖ «អ៊ីចឹង វាជាការល្អនៅពេលដែលកម្ពុជាយើងមានការជួបប្រជុំជាលើកដំបូងជាមួយគណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ ហើយការសាកសួរពាក់ព័ន្ធបញ្ហាគតិយុត្តទាំងអស់នេះ ព្រោះមានការពាក់ព័ន្ធគ្នាជាមួយនឹងការលើកកម្ពស់វិស័យសិទ្ធិមនុស្ស ជាពិសេសទាក់ទងអនុសញ្ញាការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយការបង្ខំ។ បើសិនជាក្របខ័ណ្ឌនៃច្បាប់ទាំងអស់នេះ ធានាការពារបានទៅលើជនគ្រប់រូប វាជាភាពល្អប្រសើរទាក់ទងការលើកតម្កើងបញ្ហាសិទ្ធិមនុស្ស»។
គួរជម្រាបថា នាកិច្ចប្រជុំខាងលើ គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំក៏បានលើកជាសំណួរដើម្បីទទួលបានព័ត៌មាន ការបំភ្លឺ ការបកស្រាយ និងសេចក្តីពន្យល់បន្ថែម ពាក់ព័ន្ធនឹង វិស័យមួយចំនួន ដូចជា ក្របខ័ណ្ឌច្បាប់ជាតិ ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការប្រឆាំងអំពើពុករលួយច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ពលករទេសន្តរប្រវេសន៍ ការប្រឆាំងការជួញដូរមនុស្ស ឯករាជភាព តុលាការ ប្រព័ន្ធយុត្តិធម៌អនីតិជន ជាដើម។
ជាការឆ្លើយតប គណៈប្រតិភូកម្ពុជាបានរួមសហការគ្នាបានយ៉ាងល្អ ដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាតំណាងរដ្ឋអធិបតេយ្យ ធ្វើការឆ្លើយតប បកស្រាយ និងបំភ្លឺលើបញ្ហា ដែលបានលើកឡើងទាំងអស់នោះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិនិងអន្តរជាតិ ការអនុវត្តជាអន្តរជាតិ ទិដ្ឋភាពនយោបាយនិងបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនិងការអនុវត្តច្បាប់។
សេចក្តីប្រកាសបន្ថែមថា៖ «គ.ស.ម.ក ព្រមទាំងបានបង្ហាញ ពីវឌ្ឍនភាពនិងកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយនិងការពារសិទ្ធិមនុស្ស និងការកសាងថែរក្សាបាននូវសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សនិងការអភិវឌ្ឍ»។
គណៈកម្មាធិការនេះក៏បានកោតសរសើរដល់ប្រទេសកម្ពុជាក្នុងកិច្ចខិតខំ និងទទួលស្គាល់ឆន្ទៈនិងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញា ព្រមទាំងការពន្យល់ និងការឆ្លើយតបបានយ៉ាងល្អ ដែលធ្វើឱ្យកិច្ចសន្ទនាបែបស្ថាបនាលើរបាយការណ៍ជាតិលើកដំបូងរបស់កម្ពុជាកាន់តែមានអត្ថន័យ។
បន្ថែមពីលើនេះ គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ បានត្រៀមលក្ខណៈរួចរាល់ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការជាជំនួយបច្ចេកទេសជូនចំពោះកម្ពុជា ដើម្បីសម្រួលដល់ការអនុវត្តអនុសញ្ញាអន្តរជាតិនេះឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត៕