ភ្នំពេញៈ​រដ្ឋ​មន្ត្រីក្រ​សួង​បរិស្ថាន​លោក ​អ៊ាង សុផល្លែត​ បង្ហាញ​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការវិនិ​យោគ​លើ​សំណល់​ប្លា​ស្ទិកនៅ​​កម្ពុជា​ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ខណៈ​ក្រុម​ហ៊ុន​មួយ​ បាន​ចាប់​អារម្មណ៍​ចំពោះ​ឱកាស​វិនិ​យោគ​លើ​ការ​កែ​ច្នៃ​សំណល់​ប្លា​ស្ទិ​ក​ឡើង​វិញ​។​​

លោក​រដ្ឋ​មន្ត្រី​បាន​ជំរុញ​បែប​នេះ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​ស្រី លី​ហុង​ ឡាន ​ដេ​បូ​រាអាន់​នី (LEE Hong Lan Deborah Anne) ប្រធាននិង​នាយិកា​ប្រតិ​បត្តិ​ក្រុម​ហ៊ុនអេ​១ប្លា​ស្ទិក​ រី​ស​សន៍លី​មី​ធី​ត កាល​ពី​ថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ​២០២៤​។ ជំនួប​នេះបាន​ពិភាក្សា​លើ​ការវិ​និយោគ​លើ​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា តាម​រយៈ​ការ​កែ​ច្នៃ​សំណល់​ប្លា​ស្ទិ​ក​ឡើង​វិញ​ដែល​មាន​លក្ខណៈ​ជា​ពាណិជ្ជ​កម្ម​ និង​មាន​លទ្ធ​ភាព​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​។ នេះ​បើ​តាម​ហ្វេស​ប៊ុក​ក្រសួង​បរិ​ស្ថាន​។​

​បើតាម​ក្រសួង​បរិ​ស្ថាន​ ក្នុង​ជំនួប​នោះ​លោក​ អ៊ាង ​សុផល្លែត ​បាន​លើក​ឡើង​ថា​៖«​សម្រាប់​ក្រសួង​បរិស្ថាន​គាំទ្រ​ចំពោះ​សកម្ម​ភាព​វិនិ​យោគ​ទាំង​ឡាយ​ណា​ដែល​បាន​គិត​គូរ​ដល់​ប្រយោជន៍​ប្រជា​ពលរដ្ឋ​និង​ប្រជា​សហ​គមន៍​មូល​ដ្ឋាន​ជា​ធំ​ដោយ​ចាត់​ទុក​ថា​នេះ​គឺជា​ការរួម​ចំណែក​ធ្វើឱ្យ​សហ​គម​ន៍និង​ប្រជា​ពលរដ្ឋ​មាន​ភាព​ជា​ម្ចាស់​កា​រឯក​រាជ​ភាព​គិត​គូរ​ដល់​ផល​ប៉ះ​ពាល់​បរិ​ស្ថាន​»​។

​លោក​បាន​បន្ត​ថា ការ​គាំទ្រ​ឱ្យមាន​ការវិនិ​យោគ​លើ​សំណល់​ប្លា​ស្ទិ​ក​នេះ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដំណាក់កា​ល​ទី​១ដែល​ផ្តោត​ការយ​កចិត្ត​ទុក​លើ​ការ​កាត់​បន្ថយ​ការបំ​ពុល​បរិស្ថាន​ដោយ​បន្ត​ពង្រឹង​ការ​គ្រប់​គ្រង​សំណល់​ទីប្រជុំ​ជន​ប្លាស្ទិក និង​សំណល់​គ្រោះ​ថ្នាក់​ការ​ត្រួត​ពិនិត្យ​ការ​បំពុល​ទឹក​ខ្យល់និង​សំឡេង​ព្រម​ទាំង​បន្ត​ជំរុញ​ថាម​ពល​ស្អាត​ប្រសិទ្ធ​ភាព​ថាម​ពលធន់​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ការ​ដឹក​ជញ្ជូន​បៃ​តង​និង​ដំណើរ​ការ​ឧស្សា​ហ​កម្ម​ស្អាត​ជា​ដើម​។

​នា​ឱកាស​នោះ​លោក​ស្រី លីហុង​ឡាន​ ដេ​បូ​រាអាន់​នី បាន​កោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែ​ង​រប​ស់​ក្រសួងប​រិស្ថាន​ដែល​ធ្វើឱ្យ​ការ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​មាន​ការ​ថយ​ចុះ​ជាង​៥០​ភាគ​រយ​នា​ពេល​ថ្មីៗ​​នេះ តា​មរយៈ​យុទ្ធនា​ការ​ដែល​មាន​សិស្សានុ​សិស្ស​កម្មក​រកម្ម​ការិ​នី​ព្រះសង្ឃ​អាជ្ញាធ​រនិង​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​បាន​ចូលរួម​ជា​ច្រើន​លាន​នាក់​ស្រប​តាម​ការ​ដាក់​ចេញ​យុទ្ធ​សាស្ត្រ​ច​ក្រា​ក្នុង​វិស័យ​បរិ​ស្ថាន​។

ទន្ទឹម​គ្នា​នេះលោកស្រី​ក៏បាន​បញ្ជាក់​ដែរ​ថា​៖ «​ក្រុម​ហ៊ុន​មាន​ការ​ចាប់​អារម្មណ៍​ខ្ពស់ ​ចំពោះ​ឱកាស​វិនិយោគ​លើ​ការ​កែច្នៃ​ប្លា​ស្ទិក​ឡើង​វិញ​ ដោយ​ប្រព័ន្ធ​​ Recy​cled Polyethylene Terephthalate (RPET) ដើម្បី​បាន​ចូល​រួម​ចំណែក ​ជា​មួយ​ក្រសួង​បរិស្ថាន​ក្នុ​ង​ការ​កាត់​បន្ថយ​ចំនួន​សំណល់​ប្លា​ស្ទិក​ពី​អាជីវ​កម្ម​និង​អ្នកប្រើ​ប្រាស់​»​។​

​បន្ថែម​ពី​នេះ​លោក​ស្រី​បាន​អះ​អាង​ថា​បំណង​វិនិយោគ​លើ​ដំណើរ​ការ​ផលិត​កម្មនេះក៏​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ការ​លើក​ស្ទួយ​សេដ្ឋ​កិច្ចរបស់​ប្រជា​ពលរដ្ឋ​ផង​ដែរ​។​

​ជុំវិញ​រឿង​នេះ​ដែរ​លោក​ ស៊ា សុផល ​ប្រធាន​អង្គការ​មូល​និធិ​ទំពាំង​ស្នង​ឫស្សីជា​អង្គ​ការ​ ដែល​ធ្វើ​សកម្ម​ភាព​លើ​ការ​សម្អាត​សំណល់​ប្លាស្ទិក​នៅ​បឹង​ទន្លេ​សាប​បាន​បង្ហាញ​ការ​គាំទ្រ​ឱ្យ​មាន​ការវិនិ​យោ​គនិង​កែច្នៃសំណល់​ប្លា​ស្ទិ​ក​ឡើង​វិញ​ដើម្បី​ធានា​ដល់​និរន្តរ​ភាព​បរិ​ស្ថាននិង​លើក​កម្ពស់​សេដ្ឋ​កិច្ច​ជាតិ​។​

​ជាមួ​យគ្នានេះ​​លោក​ក៏បាន​ស្នើ​ឱ្យ​ក្រសួង​គួរតែ​បង្កើត​ជា​គោល​នយោ​បាយ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​ក្នុង​ស្រុក​បន្ថែម​ទៀត​។​

​លោក​បាន​បន្ត​ថា​៖ «​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ស្រឡាញ់​សុខ​ភាព​និង​ជីវ​ចម្រុះ​បឹង​ ទន្លេ​សាប ខ្ញុំ​ពេញ​ចិត្ត​ព្រោះ​វា​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​បរិ​ស្ថាន​កម្ពុជា​ហើយ​ក្រសួង​គួរតែ​លើក​ទឹក​ចិត្ត​ដល់​អ្នក​មាន​លុយ​នៅ​ស្រុក​ខ្មែរ​ឱ្យមាន​ការកែ​ច្នៃ​ឡើង​វិញ​ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​បរទេស​ដូច​ជា​ថង់កែវ​កាហ្វេ​និង​សំណល់​ប្លា​ស្ទិ​ក​ផ្សេងៗ​ដែល​ភាគ​ច្រើន​យើង​នាំ​ពី​វៀត​ណាម​និង​ថៃ​ហើយ​សម្ភារ​ទាំង​នេះ​សុទ្ធតែ​ជា​សំរាម​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​កែច្នៃ​ឡើង​វិញ​»​។​

​ពាក់​ព័ន្ធ​សំណល់​ប្លា​ស្ទិ​ក​នេះ ​ក្រសួង​បរិ​ស្ថាន ​បាន​ត្រៀម​ដាក់​ចេញ​យុទ្ធ​នាការ​សម្អាត​សំណល់​ប្លា​ស្ទិក​នៅ​បឹង​ទន្លេ​សាប​ចាប់​ពី​ថ្ងៃទី​១ ​ខែមីនា​ ឆ្នាំ​២០២៤ ​ខាង​មុខ ក្នុង​បំណង​ឈាន​ទៅ​ការពារ​ធន​ធាន​ត្រី​នៅ​ក្នុង​បឹង​ដើម្បី​ឈាន​ទៅ​លើក​កម្ពស់​អាហា​រូប​ត្ថម្ភ​នៅ​កម្ពុជា​បន្ថែម​ទៀត​៕