ភ្នំពេញ: សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) របស់ធនាគារជាតិនៃកម្ពុជា នឹងសម្ពោធសាលដែលបានជួសជុលថ្មីចំនួន៣នៅក្នុងការតាំងពិព័រណ៍អចិន្ត្រៃយ៍របស់ខ្លួននៅថ្ងៃសៅរ៍នេះនៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៤។
សាលទាំងនេះបង្ហាញអំពីសម័យឯករាជ្យ សម័យសាធារណរដ្ឋខ្មែរ និងសម័យ ប៉ុល ពត គឺជាយុគសម័យដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រកម្ពុជាហើយត្រូវបានកែលម្អដើម្បីផ្តល់ជូនអ្នកទស្សនានូវការយល់ដឹងប្រវត្តិសាស្ត្រកាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយ។
យោងតាមសារមន្ទីរ (ស.ស.រ) បានឱ្យដឹងថា៖ «សារមន្ទីរមានគោលបំណងបង្ហាញអំពីស្នាព្រះហស្តជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងការតស៊ូទាមទារឯករាជ្យជាតិ ការបង្កើតធនាគារជាតិនៃកម្ពុជា និងការបង្កើតប្រាក់រៀល»។
សារមន្ទីរ (ស.ស.រ) បានបន្ដថា ទស្សនីយភាព និងលំហូរនៃអ្នកទស្សនាក៏ត្រូវបានកែលម្អផងដែរ ដោយមានរូបថតជាច្រើនបន្ថែមទៀតរៀបរាប់អំពីរបបសាធារណរដ្ឋខ្មែរនិងព័ត៌មានបន្ថែមអំពីរបប ប៉ុល ពត ដើម្បីធានាថា សាលថ្មីនៃពិព័រណ៍អចិន្ត្រៃយ៍នេះមិនត្រឹមតែរៀបរាប់អំពីសម័យកាលដ៏សំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលវិធីសាស្ត្រអប់រំដូចពិតៗដោយប្រើបច្ចេកវិទ្យាអេក្រង់បង្ហាញទំនើប។
ការកែលម្អថ្មីនេះក៏មានគោលបំណងផ្តល់ជូននូវដំណើរកម្សាន្តដ៏ទាក់ទាញ និងការយល់ដឹងកាន់តែស៊ីជម្រៅ តាមរយៈប្រវត្តិសាស្ត្រដ៏ប្រទាក់ក្រឡា និងសម្បូរបែបរបស់កម្ពុជា។
សាលពិព័រណ៍ថ្មីនេះក៏តំណាងឱ្យការបោះជំហានយ៉ាងសំខាន់របស់សារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជា ក្នុងបេសកកម្មថែរក្សានិងផ្សព្វផ្សាយប្រវត្តិសាស្ត្ររបស់កម្ពុជាដោយផ្តល់ជូនទាំងភ្ញៀវជាតិនិងអន្តរជាតិនូវទិដ្ឋភាពដ៏ជ្រាលជ្រៅអំពីអតីតកាល ឧបសគ្គ និងជ័យជម្នះរបស់ជាតិ។
សារមន្ទីរ (ស.ស.រ) ត្រូវបានដាក់ឈ្មោះតាមពាក្យពេចន៍ខ្មែរបុរាណដែលឆ្លុះបញ្ចាំងពីទ្រព្យសម្បត្តិ និងភាពរុងរឿង ធ្លាប់ជាផ្នែកមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា។
សារមន្ទីរបានបង្ហាញវត្ថុតាំងពិព័រណ៍ជាច្រើនរួមទាំងរូបិយប័ណ្ណបុរាណ ទំនិញពាណិជ្ជកម្ម និងវត្ថុបុរាណដែលបង្ហាញពីសកម្មភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូរដែលបានកើតឡើងនៅក្នុងតំបន់។
សារមន្ទីរ (ស.ស.រ) ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា និងបកស្រាយពីអតីតកាលរបស់ប្រទេសជាតិ ដែលធ្វើឱ្យវាក្លាយជាធនធានដ៏មានតម្លៃសម្រាប់អ្នកស្រាវជ្រាវ សិស្ស និស្សិត និងអ្នកដែលចាប់អារម្មណ៍លើប្រវត្តិសាស្ត្រសេដ្ឋកិច្ចនៃអាស៊ីអាគ្នេយ៍។
សារមន្ទីរ (ស.ស.រ) ដែលស្ថិតនៅផ្ទះលេខ ១៩ មហាវិថីព្រះមហាកុសុមៈ ផ្លូវវត្តភ្នំ រាជធានីភ្នំពេញមានរៀបរាប់ពីប្រវត្តិសាស្ត្រកម្ពុជារយៈពេល ២ ពាន់ឆ្នាំតាមទស្សនៈសេដ្ឋកិច្ច និងរូបិយវត្ថុ៕