ព្រះ​វិហារៈ​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ បាន​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ទៅ​ដល់​ភ្នាក់​ងារ​ទេស​ចរណ៍​ជាង ៣០​ នាក់​មកពី​រមណីយ​ដ្ឋាន​ប្រា​សាទ​ព្រះ​វិហារ ​និង​ប្រា​សាទ​កោះ​កេរ​ ឱ្យ​ចេះ​ជំនាញ​សង្គ្រោះ​បឋម ​ដើម្បី​ជួយ​សង្គ្រោះ​ភ្ញៀវ​ទេស​ចរ​នៅ​ពេល​ជួប​គ្រោះ​ថ្នាក់​ផ្សេងៗ​ ក្នុង​អំឡុង​ពេល​ទស្ស​នា​នៅ​តំបន់​រមណីយ​ដ្ឋាន​ទាំង​នោះ​។​

​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​មាន​ការ​ចូលរួម​ពី​ភ្នាក់​ងារ​ទេសច​រណ៍​សរុប​ចំនួន៣៧​នាក់​ ក្នុង​នោះ​មាន​ស្រី​ចំនួន​ ២២ ​នាក់ ​រយៈ​ពេល​ ២ ​ថ្ងៃ ​ចាប់​ពី​ថ្ងៃទី​១៩ ​ដល់​ថ្ងៃទី​២០ ​ខែ​កុម្ភៈ ឆ្នាំ​២០២៤​​។​

​លោក​ គង់ ​ពុទ្ធិកា​  អគ្គ​នាយក​អាជ្ញា​ធរ​ជាតិ​ព្រះវិ​ហារ ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២២​ ខែកុម្ភៈ​ថា​ វគ្គ​បណ្តុះ​បណ្តាល​នេះ គឺ​រៀបចំ​ឡើង​ក្នុង​គោល​បំណងផ្តល់​ចំណេះ​ដឹង​បន្ថែម​ដល់​ភ្នាក់​ងារ​ទេស​ចរណ៍ឱ្យ​ទទួល​បាន​នូវ​ចំណេះ ជំនាញ អំពី​ការជួយ​សង្គ្រោះ​បឋម​ជូន​ភ្ញៀវ​ទេស​ចរ ​ដែល​ជួប​គ្រោះ​ថ្នាក់​ផ្សេងៗ ​ក្នុង​អំឡុង​ពេល​ទស្សនា​ក្នុង​រមណីយ​ដ្ឋាន​ប្រាសាទ​ព្រះ​វិហារ និង​រម​ណីយ​ដ្ឋាន​ប្រា​សាទ​កោះ​កេរ​។​

​លោក​បន្ត​ទៀត​ថា​ ការ​ពង្រឹង​តួនាទី​ភារ​កិច្ច​របស់​ភ្នាក់​ងារ​ទេស​ចរណ៍​ទាំង​នេះ​ នឹង​រួម​ចំណែក​ធ្វើឱ្យ​ការ​បម្រើ​សេវា​កម្ម​ជូន​ភ្ញៀវ​ទេស​ចរ​កាន់តែ​មាន​ប្រសិទ្ធ​ភាព និង​ល្អ​ប្រសើរ​ឡើង​។​

​លោក​បាន​ថ្លែង​ថា​៖ «​ដូច្នេះ​ទាំង​នេះ វា​ជាការ​យក​ចិត្ត​ទុក​ដាក់​មួយ​របស់​យើង ​ចំពោះ​ការ​រក្សា​សុខ​សុវត្ថិ​ភាព​ជូន​ភ្ញៀង​ទេសចរ​ ពីព្រោះ​បើ​មិន​មាន​ការ​សង្គ្រោះ​បឋម​ពី​យើង​ទេ ​រង់ចាំ​ដល់​មន្ទីរ​ពេទ្យ​វា​អាច​មាន​គ្រោះ​ថ្នាក់​។ អ៊ីចឹង​ពួក​គាត់​ត្រូវ​ចេះ​សង្គ្រោះ​បឋម​ ដើម្បី​អាច​ជួយ​ភ្ញៀវ​បាន​នៅ​ពេល​មាន​ករណី​ខ្យល់​គរឬ​វិល​មុខ​ជា​ដើម​»​។​

​បន្ថែម​ពីនេះ ​លោក​ថា ​ការ​បណ្ដុះ​បណ្ដាល​ភ្នា​ក់ងា​រទេស​ចរណ៍ឱ្យ​ចេះ​ជំនាញ​សង្គ្រោះ​បឋម​នេះ​ដែរ​ ក៏​ដោយ​សារ​ភ្នាក់​ងារ​ទាំង​នោះ​គឺជា​អ្នក​បម្រើ​សេវា​កម្ម​ជួរមុខ​នៅ​ក្នុង​រមណីយ​ដ្ឋាន​ប្រា​សាទ​ព្រះវិ​ហារ​ ក៏ដូច​ជា ​រមណីយ​ដ្ឋាន​ប្រា​សាទ​កោះ​កេរ​ ខណៈ​ដែល​ភ្នាក់​ងារ​ទាំង​នោះ​មាន​តួនាទី​សំខាន់​ណាស់​ ទាំង​មើល​ការ​ខុស​ត្រូវ​ប្រា​សាទ​ផង ព្រម​ទាំង​មើល​ការ​ខុស​ត្រូវ​សុវត្ថិ​ភាព​ជូន​ភ្ញៀវ​ទេស​ចរ​ផង​ដែរ​។​

​ជុំវិញ​ការ​បណ្ដុះ​បណ្ដាល​ភ្នាក់​ងា​រទេស​ចរណ៍​នេះ ​លោក​ស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគ​ម​ទីភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​(CATA) ក៏បាន​ឱ្យ​ដឹង​ដែរ​ថា ការ​ផ្ដល់​ចំណេះ​ដឹង ​និង​ជំនាញ​សង្គ្រោះ​បឋម​ទៅ​ដល់​ភ្នាក់​ងារ​ទេស​ចរណ៍​ គឺជា​រឿង​ល្អ​ណាស់ ​ពីព្រោះ​រមណីយ​ដ្ឋាន​ប្រា​សាទ​ព្រះវិ​ហារ​ ស្ថិត​នៅ​តំបន់​ដាច់​ស្រ​យា​ល ហើយ​ថែម​ទាំង​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ដែល​ខ្ពស់​។ 

​លោក​ស្រី​បាន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​អ្នក​នាំ​ភ្ញៀវទេ​ស​ចរអត់​មាន​ចំណេះដឹ​ង​សង្គ្រោះ​បឋម​ហ្នឹង​ទេ វា​អាច​ឱ្យ​ភ្ញៀវ​ដែល​មាន​គ្រោះ​ថ្នាក់​តិច​តួច​ក្ដី ​ទៅជា​មាន​បញ្ហា​ធ្ងន់ធ្ងរ​ផង​ដែរ​។ ដូច្នេះ​ហើយ​ប្រ​សិន​បើ​គាត់​យល់​ដឹង​ពី​ការ​សង្គ្រោះ​បឋម​​ហ្នឹង ​គឺ​គាត់​អាច​ជួយ​សង្គ្រោះ​ភ្ញៀវ​ទេស​ចរ​បាន​ច្រើន​»​។​

​លោក​ស្រី​សង្ឃឹម​ថា ​នៅ​តាម​តំបន់​រម​ណីយ​ដ្ឋាន​ផ្សេងៗ​ទៀត​ក៏​ដូច​ជា ​តំបន់​អង្គ​រគួរ​តែ​មាន​ការរៀ​បចំ​បណ្ដុះ​បណ្ដាល​ភ្នាក់​ងារ​ទេស​ចរណ៍​ឱ្យ​ចេះ​ជំនាញ​សង្គ្រោះ​បឋម​នេះ​។​

​លោក​ស្រី​ បាន​បន្ថែម​ថា៖«​ប្រសិន​បើ​អាច​នៅ​ក្នុង​ខេត្ត​នានា​ ក៏​គួរតែ​មាន​ការប​ណ្ដុះប​ណ្ដាល​បែប​នេះ​ទៅ​ដល់​ភ្នាក់​ងារ​ទេ​សចរណ៍​គ្រប់ៗ​គ្នា ​ពីព្រោះ​ក្នុង​តំបន់​រមណីយ​ដ្ឋាន​រប​ស់​កម្ពុជា​ភាគ​ច្រើន​ សុទ្ធតែ​ស្ថិតក្រោ​ម​ការអភិរក្ស​ មិន​មាន​ការ​កែច្នៃ​ឬ​អភិ​វឌ្ឍ​ច្រើន​នោះ​ទេ​ ដូច្នេះ​គឺ​អ្វីៗ​គ្រប់​យ៉ាង​នៅ​តាម​បែប​លក្ខណៈ​ធម្ម​ជាតិ​»៕