ភ្នំពេញៈ ក្រសួងអប់រំ យុវជននិងកីឡា ចាប់ផ្ដើមធ្វើយុទ្ធនាការ លើកកម្ពស់ស្តង់ដាសាលារៀនគំរូតាមរយៈការអប់រំឌីជីថលសម្រាប់សិស្សនៅតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញ និងគ្រោងពង្រីកនៅតាមបណ្តាខេត្តផ្សេងទៀត ដើម្បីលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានល្អប្រសើរ។
យុទ្ធនាការនេះ បានចុះធ្វើការផ្សព្វផ្សាយនៅវិទ្យាល័យហ៊ុនសែនបុរី ១០០ ខ្នង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយលោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ រួមទាំងមានការចូលរួមពីក្រុមការងារនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។
ក្រសួងអប់រំបានឱ្យដឹងថា គោលដៅនៃយុទ្ធនាការនេះដើម្បីពង្រីកឱកាសនៃការលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សតាមរយៈការផ្តល់ធនធានឌីជីថលសម្រាប់ការសិក្សាតាមបែបស៊ីជម្រៅដែលសិស្សអាចរៀនដោយឯករាជ្យ ជាលក្ខណៈបុគ្គល មានភាពសហការ និងទៅតាមល្បឿនសិក្សារបស់បុគ្គល។
ក្រសួងបន្តថា៖«យុទ្ធនាការនេះជំរុញការកែលម្អម៉ោងសិក្សាក្នុងថ្នាក់នៅផ្ទះនិងជាលក្ខណៈសហការដែលធ្វើឱ្យគ្រូមានពេលវេលាគ្រប់គ្រាន់សម្រាប់ការបង្រៀនប្រកបដោយប្រសិទ្ធភាពក៏ដូចជាផ្តល់ការគាំទ្រជាពិសេសសម្រាប់សិស្សដែលរៀនយឺត ដោយប្រើប្រាស់យន្តការសិស្សពូកែជួយសិស្សខ្សោយ តាមរយៈការប្រើប្រាស់ក្លឹបសិក្សានិងកម្មវិធីការសិក្សាតាមបែបពន្លឿន»។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី២១ខែកុម្ភៈថា កន្លងមកក្រសួង បានដាក់ឱ្យអនុវត្ត «ស្ដង់ដាសាលារៀនគំរូ» ដោយផ្ដោតទៅលើស្ដង់ដាចំនួន ៥ចំណុចរួមមាន ស្តង់ដាទី១ ផ្តោតលើលទ្ធផលសិក្សារបស់សិស្ស។ ២ ផ្តោតលើការបង្រៀននិងរៀន។ ទី៣ ផ្តោតលើការចូលរួមរបស់សហគមន៍។ ទី៤ ផ្តោតលើដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀននិងស្តង់ដាទី៥ ផ្តោតលើគណនេយ្យភាពរបស់សាលារៀន។
លោកស្រីបន្តថា ដូច្នេះហើយដើម្បីឱ្យលទ្ធផលនៃការសិក្សារបស់សិស្ស ក៏ដូចជាការរកវិធីសាស្ត្របង្រៀនរបស់គ្រូនៅគ្រឹះស្ថានមធ្យមសិក្សាកាន់តែមានភាពល្អប្រសើរឡើងគឺក្រសួងមានផែនការរៀបចំយុទ្ធនាការ លើកកម្ពស់សាលារៀនគំរូ តាមរយៈការអប់រំឌីជីថលសម្រាប់សិស្សនៅមធ្យមសិក្សាដោយវិធីសាស្រ្តបង្រៀនតាមបែបថ្នាក់រៀនត្រឡប់និងវិធីសាស្រ្តបង្រៀនតាមទ្រឹស្តីស្ថាបនានិយម។
លោកស្រីថ្លែងថា៖ «ដូច្នេះការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការរៀននេះ វាជាផ្នែកមួយសម្រេចឱ្យបាននូវស្ដង់ដាសាលារៀនគំរូដែលក្រសួងបានដាក់ឱ្យអនុវត្តទូទាំងប្រទេស ក្នុងគោលដៅលើកកម្ពស់ការអប់រំរបស់សិស្សឱ្យកាន់តែប្រសើរឡើង»។
បើតាម លោកស្រី ឃួន វិច្ឆិកា ការចាប់ផ្ដើមយុទ្ធនាការនេះដែរនឹងត្រូវធ្វើឡើងនៅតាមវិទ្យាល័យគោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញជាមុនសិន បន្ទាប់មកយុទ្ធនាការនេះទើបអាចឈានទៅវិទ្យាល័យនៅតាមបណ្ដាខេត្ត។ វិទ្យាល័យដែលកំពុងធ្វើយុទ្ធនាការនេះទាំងសិស្សនិងគ្រូបង្រៀន នឹងទទួលបានការបណ្ដុះបណ្ដាលពីវិធីសាស្រ្តបង្រៀនតាមបែបថ្នាក់រៀនត្រឡប់ និងវិធីសាស្រ្តបង្រៀនតាមទ្រឹស្តីស្ថាបនានិយមខណៈវិធីសាស្ត្រទាំងនេះ ជាការគាំទ្រឱ្យសិស្សអាចសិក្សាដោយឯករាជ្យនិងចេះប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីរុករកពីមេរៀនដែលត្រូវសិក្សាជាមុន។
ជុំវិញរឿងនេះលោក គង់សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានថ្លែងថាក្នុងអាណត្តិនេះក្រសួងអប់រំបានផ្ដោតទៅលើការអប់រំតាមបែបលក្ខណៈឌីជីថលដើម្បីផ្ដល់ភាពងាយស្រួលទៅកាន់សិស្សក្នុងការស្រាវជ្រាវរកឯកសារផ្សេងៗ សម្រាប់យកមកសិក្សានិងបំប៉នដោយខ្លួនឯងបាន។
លោកថ្លែងបញ្ជាក់ថា៖ «ការលើកកម្ពស់ស្ដង់ដាសាលារៀនគំរូតាមរយៈប្រព័ន្ធឌីជីថលគឺវាពិតជាជួយទៅដល់សិស្សដើម្បីជាប្រភពមួយក្នុងការស្វែងរកឯកសារពាក់ព័ន្ធសម្រាប់រៀនសូត្របាន។ ប៉ុន្តែទន្ទឹមនឹងនោះសូមឱ្យក្រសួងអប់រំ បង្កើតប្រព័ន្ធអប់រំឌីជីថលហើយ ក៏ត្រូវកែប្រែគ្រូបង្រៀនទៅជាគ្រូឌីជីថលដែរ»។
លោកបន្ថែមថា៖«ប្រសិនជាសាលារៀន បានរៀបចំការអប់រំឌីជីថលហើយ ប៉ុន្តែថ្នាក់ដឹកនាំសាលារៀន ក៏ដូចជាបុគ្គលអប់រំមិនបានយល់ដឹងពីប្រព័ន្ធអប់រំឌីជីថលនេះ នោះវាមិនអាចឆ្លើយតបឬបម្រើទៅដល់សិស្សក៏ដូចជាជួយគាំទ្រទៅដល់សិស្សក្នុងស្រាវជ្រាវរកឯកសារសម្រាប់សិក្សារៀនសូត្រខ្លួនឯងបានឡើយ»៕