ភ្នំពេញៈ កម្ពុជានិងសិង្ហបុរី ឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកយោធាឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចសហប្រតិបត្តិការនានាទៀត ក្នុងន័យរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព ការរីកចម្រើននៃប្រទេសទាំង២ រួមទាំងសម្រាប់តំបន់ និងពិភពលោក។
ការឯកភាពគ្នានេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លោកវង្ស ពិសេន និងអគ្គមេបញ្ជាការកងទ័ពសិង្ហបុរី លោកអារុន ប៊ែង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈលោកវង្ស ពិសេន ដឹកនាំគណៈប្រតិភូយោធាកម្ពុជា ចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ Singapore Airshow នាប្រទេសសិង្ហបុរី។ នេះបើយោងតាមខ្លឹមសារប្រកាសពីអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
ប្រភពដដែលបានឱ្យដឹងថា នៅក្នុងជំនួប លោកវង្ស ពិសេន បានប្រាប់ភាគីសិង្ហបុរី អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកកងទ័ពទៅលើវិស័យនានា ដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរព័ត៌មាន រួមគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សហប្រតិបត្តិការផ្នែកមនុស្សធម៌ កិច្ចសង្គ្រោះគ្រោះមហន្តរាយ និងសហប្រតិបត្តិការប្រភេទទ័ពរវាងប្រទេសទាំង២។
ជាការឆ្លើយតបពីភាគីសិង្ហបុរី លោកអារុន ប៊ែង បានឯកភាព និងបង្ហាញការគាំទ្រចំពោះការលើកឡើងពីភាគីកម្ពុជា ហើយលោកសារទរចំពោះការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង២ ឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀតសម្រាប់ថ្ងៃអនាគត។
ជុំវិញបញ្ហានេះ លោកថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) លើកឡើងថា រដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើការធ្វើទំនើបកម្មយោធា ដោយការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយបរទេស ខណៈកម្ពុជាជាប្រទេសនៅមានកម្រិតលើសមត្ថភាពយោធានិងបច្ចេកវិទ្យាយោធា ដើម្បីបម្រើកិច្ចការថែរក្សាស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ ដែលជាគោលដៅរួមរបស់បណ្តាប្រទេសអាស៊ាន រួមទាំងសិង្ហបុរីផងដែរ។
លោកថ្លែងថា៖«បញ្ហាអសន្តិសុខនៅក្នុងតំបន់ ដែលបង្កឱ្យមានបម្រែបម្រួលនយោបាយអន្តរជាតិ និងការប្រកួតប្រជែងរបស់មហាអំណាច បានធ្វើឱ្យមានកំណើនការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់ ការគំរាមកំហែងបង្កឡើងដោយតួអង្គមិនមែនជារដ្ឋដូចជាក្រុមភេរវកម្មជាដើម បានធ្វើឱ្យកម្ពុជា ត្រូវតែមានកងទ័ពមានសមត្ថភាព និងសព្វាវុធទំនើបក្នុងការគ្រប់គ្រងស្ថានការណ៍ និងរក្សាសន្តិសុខជាតិនិងតំបន់»។
លោកបានស្វាគមន៍កិច្ចសហប្រតិបត្តិការយោធាជាមួយសិង្ហបុរី ដែលគាំទ្រទៅដល់ទំនើបកម្មយោធាកម្ពុជា តួយ៉ាងតាមរយៈជំនួយបច្ចេកទេស ការហ្វឹកហ្វឺន និងចែករំលែកបទពិសោធន៍យោធាទៅវិញទៅមក ដែលកិច្ចការទាំងនេះ មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ប៉ុន្តែដើម្បីបុព្វហេតុការពារសន្តិសុខ ស្ថិរភាពជាតិ និងតំបន់។
ចំណែក លោកស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានសាទរផងដែរចំពោះកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជានិងសិង្ហបុរី បើទោះបីជាសិង្ហបុរីជាប្រទេសតូចក្តី ប៉ុន្តែពោរពេញទៅដោយធនធានមនុស្សដែលមានសមត្ថភាព មានបច្ចេកវិទ្យាជឿនលឿន ហើយក៏ជាមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកផង។
លោកថ្លែងថា៖«ជាការល្អសម្រាប់ការពង្រឹងទំនាក់ទំនងយោធារវាងកម្ពុជានិងសិង្ហបុរី ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សខាងផ្នែកព័ត៌មានវិទ្យា ដែលសិង្ហបុរីមានភាពប៉ិនប្រសប់លើព័ត៌មានវិទ្យាយោធា បន្ថែមពីនេះយើងអាចរៀនសូត្របានច្រើនទៀត លើវិស័យការពារជាតិពីប្រទេសតូចនេះ។ យើងក៏អាចរៀនផ្នែកយុទ្ធសាស្ត្រយោធាពីសិង្ហបុរីផងដែរ ពីរបៀបដែលប្រទេសតូច ហើយមិនងាយអាចឱ្យបណ្តាប្រទេសផ្សេង មកប៉ះពាល់បាន»។
លោកបន្ថែមថា ការពង្រឹងទំនាក់ទំនងល្អជាមួយសឹង្ហបុរី ជាពិសេសផ្នែកយោធា ក៏ជួយបើកច្រកទ្វារការទូតរបស់កម្ពុជាជាមួយទំនាក់ទំនងនឹងលោកខាងលិចផងដែរ ខណៈកន្លងមកកម្ពុជារងការរិះគន់ថា លម្អៀងទៅរកចិន។
គួរជម្រាបថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណ:ប្រតិភូយោធាកម្ពុជាទៅចូលរួមកម្មវិធី Singapore Airshow ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ដែលជាព្រឹត្តិការណ៍អវកាស និងការពារជាតិអន្តរជាតិដ៏ធំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកតាំងពិព័រណ៍ និងអ្នកទស្សនាជាច្រើនពីបណ្តាប្រទេសនានាជុំវិញពិភពលោកទៅទស្សនាផលិតផលបច្ចេកវិទ្យា និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតជាច្រើន៕