ព្រះសីហនុៈ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានបំភ្លឺជូនសាធារណជនថា ការប្រមូលចំណូលពីការចតរថយន្តនៅចំណតរថយន្តក្នុងក្រុងព្រះសីហនុ ចំនួន៣ទីតាំង គឺធ្វើឡើងដើម្បីរកចំណូលដាក់ចូលថវិកាខេត្ត សម្រាប់ការអភិវឌ្ឍ ម្យ៉ាងទៀតក៏ធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងចំណតរថយន្តឱ្យមានសណ្តាប់ធ្នាប់ផងដែរ។
ការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីសាធារណជនបានបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ជាមួយនឹងបណ្ណភាស៊ីចំណតរថយន្តនៅឆ្នេរអូរឈើទាលដែលមានតម្លៃចំណតពី ៤ពាន់រៀលទៅ ៨ពាន់រៀល ដែលបណ្ណនេះចេញដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ។
ជុំវិញតម្លៃនេះ អ្នកនិយមលេងបណ្តាញសង្គមឈ្មោះ “ប្រជាជន ខេត្តព្រះសីហនុ”បានស្នើឱ្យមន្ទីរសេដ្ឋកិច្ចខេត្ត ជួយពិនិត្យលើបញ្ហានេះ ដែលជាចម្ងល់របស់ពលរដ្ឋថា តើពិតជាមានការឱ្យយកថ្លៃចំណតពិតមែនឬទេ? បណ្ណខ្លះមានបោះត្រា បណ្ណខ្លះគ្មានត្រា បណ្ណខ្លះមានកែតម្លៃពីលើ តើបញ្ហានេះត្រូវដោះស្រាយបែបណា?
ឆ្លើយតបទៅនឹងចម្ងល់នេះ តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កន្លងមកទីតាំងចំណតឆ្នេរ អូរឈើទាល បានចុះកិច្ចសន្យា ធ្វើការវិនិយោគ និងធ្វើអាជីវកម្មដោយយកភាស៊ីលើទីតាំងចំណតនេះ ដែលកិច្ចសន្យាចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៨។
ប៉ុន្តែនៅឆ្នាំ២០២០ នៅពេលដែលប្រទេសកម្ពុជាជារួម ក៏ដូចជាខេត្តព្រះសីហនុដោយឡែក បានជួបនូវវិបត្តិជំងឺកូវីដ១៩ធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជា ជាទូទៅ មានការធ្លាក់ចុះយ៉ាងគំហុក និងជួបប្រទះនូវវិបត្តិជាច្រើន ស្របនឹងពេលវេលានេះ គឺខេត្តព្រះសីហនុ កំពុងតែដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងព្រះសីហនុ។
ដោយមើលឃើញពីការលំបាកទាំងអស់នេះ ទើបរដ្ឋបាលខេត្ត ព្រះសីហនុ ស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីលុបកិច្ចសន្យាវិនិយោគនេះ ហើយក្រសួងសេដ្ឋកិច្ច ក៏បានសម្រេចបញ្ចប់ការវិនិយោគ ចំណតរថយន្តនៅឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ មុនកាលកំណត់កិច្ចសន្យានិងសៀវភៅបន្ទុក ដើម្បីបន្ធូរបន្ថយលើបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។
យ៉ាងណាក្តី បន្ទាប់ពីជម្នះនូវវិបត្តិជំងឺកូវីដ១៩ជាស្ថាពរ និងដោយពិនិត្យមើលស្ថានភាពសេដ្ឋកិច្ចជាសកល ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ចាប់ផ្តើមមានភាពល្អប្រសើរជាវិជ្ជមានឡើងវិញ ទើបក្រសួងសេដ្ឋកិច្ច ស្នើសុំឱ្យខេត្តរៀបចំដាក់ឱ្យដេញថ្លៃការភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្ម ឆ្នាំ២០២៤ តាមនីតិវិធីដេញថ្លៃជាសាធារណៈ និងជំរុញការប្រមូលចំណូលបង់ចូលថវិកាខេត្ត។
សេចក្តីប្រកាសបញ្ជាក់ថា៖« ហេតុដូចនេះទើបគណៈកម្មការ ដេញថ្លៃភាស៊ីគ្រប់ប្រភេទ នៅទូទាំងខេត្តព្រះសីហនុ បានចាប់ផ្តើមអនុវត្តនីតិវិធីដេញថ្លៃជាសាធារណៈលើទីតាំងចំណតរថយន្ត ក្នុងក្រុងព្រះសីហនុ (ចំណតរថយន្តទល់មុខផ្សារលើ, ចំណតរថយន្តមហោស្រពចាស់ និងចំណតរថយន្តឆ្នេរអូរឈើទាល ដើម្បីប្រមូលចំណូលចូលថវិកាខេត្តសម្រាប់ការអភិវឌ្ឍខេត្ត»។
ប្រភពដដែលបញ្ជាក់ថា ម្យ៉ាងទៀតគឺក្នុងគោលបំណងគ្រប់គ្រងចំណតរថយន្តឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ, មានការការពារសន្តិសុខ និងសុវត្ថិភាពក្នុងទីតាំងចំណត និងថែរក្សាអនាម័យ និងបរិស្ថាន ល្អនៅក្នុងទីតាំងចំណតផងដែរ។
មន្ទីរសេដ្ឋកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា ការវិនិយោគចំណតនេះ អនុលោមតាមសារាចរណែនាំ ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការពង្រឹងការគ្រប់គ្រង ការធ្វើអាជីវកម្ម សេវាកម្មទ្រព្យសម្បត្តិរដ្ឋ។
បើតាមមន្ទីរសេដ្ឋកិច្ចខេត្ត ការដេញថ្លៃគឺអនុវត្តទៅតាមលំដាប់លំដោយ និងនីតិវិធីជាធរមាន ជាសាធារណៈ ប្រកបដោយតម្លាភាព ព្រមទាំងមានការចូលរួមពីបណ្ដាអ្នកសារព័ត៌មានមួយចំនួនផងដែរ ដែលជាលទ្ធផល អ្នកដេញថ្លៃឈ្នះ បានទៅលើ លោកហោ យាន។
ហេតុដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានចេញសេចក្តីសម្រេចប្រគល់សិទ្ធិប្រមូលភាស៊ី ចំណតរថយន្តក្នុងក្រុងព្រះសីហនុ ជូនលោក ហោ យាន ដើម្បីធ្វើអាជីវកម្មប្រមូលភាស៊ីចំណតរថយន្ត និងបង់ចំណូលចូលថវិកាខេត្ត ទៅតាមចំនួនដែលបានកំណត់នៅក្នុងកិច្ចសន្យា ព្រមទាំងអនុវត្តកាតព្វកិច្ចតាមសៀវភៅបន្ទុក និងកិច្ចសន្យាឱ្យបានខ្ជាប់ខ្ជួន ។
បើតាមតារាងតម្លៃភាស៊ីរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រះសីហនុ ការប្រមូលតម្លៃចំណតទាំង៣ទីតាំងខាងលើមានតម្លៃចាប់ពី ៤ពាន់រៀល ដល់ ១ ៥០០០ពាន់រៀល អាស្រ័យលើប្រភេទរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញលើសពី ៥ តោនឡើងទៅ។
យ៉ាងណាក្តីជុំវិញតម្លៃនេះ តាមរយៈហ្វេសប៊ុកឈ្មោះ Phalkun SK Ros បានបង្ហោះសារថា៖«សង្ឃឹមថា ការចតនឹងមានរបៀប ហើយតម្លៃវិញក៏គួរពិចារណា មិនថ្លៃទេ តែមើលទៅក្រែល»៕