ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​ លើកឡើងថា ការ​បង្រួបបង្រួម​ជាតិ សន្តិភាព ស្ថិរ​ភាព និង​ការអភិវឌ្ឍ​ក្រោម​ន​យោ​បាយ ​«​ឈ្នះ ឈ្នះ​» ​នៅ​ចុងឆ្នាំ​ ១៩៩៨ រដ្ឋាភិបាល​មានលទ្ធភាព​ដោះ​ស្រាយ​ផល​អវិជ្ជមាន​លើ​គ្រប់​វិស័យ​ក្នុងនោះ​សកម្មភាព​មីន ក៏បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​កិច្ច​គាំពារ​សន្តិភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ​តាមរយៈ​សារលិខិត​ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន ២៤ កុម្ភៈ ២០២៤ ក្រោម​ប្រធានបទ «​រួមគ្នា​លុបបំបាត់​គ្រោះថ្នាក់​ដោយ​សារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ក្នុង​សហគមន៍​»​។ តាមរយៈ​សារ​លិ​ខិត​នេះដែរ លោក ហ៊ុន ម៉ា​ណែ​ត បាន​ក្រើនរំឭក​ដល់​ជនរួមជាតិ​ទាំងអស់​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​រង​ផលប៉ះពាល់​ដោយសារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ឱ្យ​មានការ​ប្រុង​​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ដែល​បង្កឡើង ដោយសារ​គ្រាប់​ទាំង​នោះ​។

លោក​ថា​៖ «​សង្គ្រាម​បាន​បន្សល់​នូវ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​យ៉ាងច្រើន​សន្ធឹក​​សន្ធាប់​ដែល​បណ្តាលឱ្យ​ប្រជា​ពលរដ្ឋ​រាប់ម៉ឺន​នាក់ រងរបួស ធ្លាក់ខ្លួន​ពិការ និង​ស្លាប់​ព្រមទាំង​បង្ក​នូវ​សោកនាដកម្ម​ដ៏​ឈឺចាប់ និង​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេស​»​។

​លោក​បន្ថែមថា​៖ «​ជាមួយនឹង​ការបង្រួបបង្រួម​ជាតិ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ក្រោម នយោបាយ «​ឈ្នះ ឈ្នះ​» នៅ​ចុង​ឆ្នាំ​ ១៩៩៨ រាជរដ្ឋាភិបាល​កម្ពុជា មានលទ្ធភាព​ដោះស្រាយ​ផល​អវិជ្ជមាន​លើ​គ្រប់​វិស័យ​។ ជា​​មួយ​គ្នា​នេះ សមិទ្ធផល​សកម្មភាព​មីន បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​កិច្ច​គាំពារ​សន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​»​។​

​គិត​ចាប់ពី​ឆ្នាំ​ ១៩៩២ ដល់​ឆ្នាំ​ ២០២៣​ រយៈពេល ​៣១​ ឆ្នាំ ផ្ទៃដី​ទំហំ ៣ ០២៤​ គីឡូម៉ែត្រ​ការ៉េ ត្រូវបាន​បោសសម្អាត​សម្រាប់​យក​ដី​ប្រើប្រាស់ និង​បង្កបង្កើនផល ក្នុងនោះ​វិស័យ​កសិកម្ម​ ៧៦ ​ភាគ​​រយ ហេដ្ឋារចនាសម្ព័ន្ធ ៥​ ភាគរយ និង​ផ្សេងៗ​ ១៩​ ភាគរយ​ ដែល​រួមមាន​ការសាងសង់​លំនៅឋាន ភូមិករ សាលារៀន មណ្ឌល​សុខ​ភាពជា​ដើម ដោយ​ប្រជាពលរដ្ឋ​ទទួលផល​ចំនួន ​១១ ៩៨០ ១៧២ ​នាក់​។ ដោយឡែក​ក្នុង​ឆ្នាំ ​២០២៣ ផ្ទៃដី​ចំនួន ៤៤៤ ​គីឡូម៉ែត្រ​ការ៉េ ត្រូវបាន​បោសសម្អាត​រួច​ក្នុង​នោះបាន​រកឃើញ និង​បំផ្លាញចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន​ ២៣ ៩៤៦​ គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន ២០៤ ​គ្រាប់ និង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​ ៦៦ ៣៧៤​ គ្រាប់​។

​ចំនួន​ជនរងគ្រោះ​បាន​ថយចុះ​ពី ៤ ៣២០​ នាក់ ក្នុង​ឆ្នាំ ​១៩៩៦ មក​ត្រឹម​ ៣២​ នាក់​ក្នុង​ឆ្នាំ ​២០២៣ និង​មក​នៅក្រោម​ ១០០ នាក់​ ​ក្នុង ​១ ​ឆ្នាំ​ជា​មធ្យម​រយៈពេល ​១០​ ឆ្នាំ និង​មកក្រោម​ ៥០ ​នាក់ ​ក្នុង​ ១​ ឆ្នាំ ជា​មធ្យម​រយៈពេល ​៥ ​ឆ្នាំ​ចុងក្រោយ​។​

​លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា៖ «​មកទល់ពេលនេះ​យើង​បាន​រួមគ្នា​សម្រេចបាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​ធំៗ​ជាច្រើន​លើ​សកម្មភាព​មីន​ដែលជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​»​។

លោក​លើកឡើងថា បើទោះបី​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​បែបនេះ​ក៏ដោយ​ក៏​មិនបាន​ធ្វើឱ្យ​រាជរដ្ឋាភិបាល​ព្រងើយកន្តើយ​នោះទេ ប៉ុន្តែ​តម្រូវឱ្យ​ខិតខំ​បន្ថែមទៀត​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​តាម​ផែនការ​យុទ្ធ​សា​​ស្ត្រ​ជាតិ​សកម្មភាព​មីន​ឆ្នាំ​ ២០១៨-២០២៥ ដើម្បី​អាច​ធានាបាន​នូវ​ការរស់នៅ​របស់​ពលរ​ដ្ឋ និង​ការអភិវឌ្ឍ​ជាតិ​ប្រព្រឹត្តទៅបាន​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​គ្រប់​ទីកន្លែង​។​

​ថ្វីបើ​វិស័យ​សកម្មភាព​មីន បាននិងកំពុង​ទទួល​លទ្ធផល​ដ៏​ធំធេង​យ៉ាងណាក្តី កម្ពុជា​ត្រូវ​ធ្វើការ បោសសម្អាត​ផ្ទៃដី​ដែលមាន​មីន​ចំនួន ៥៣៣ ​គីឡូម៉ែត្រ​ការ៉េ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រួមទាំង​គ្រាប់បែក​ចង្កោម ចំនួន ​១ ៣២១​ គីឡូម៉ែត្រ​ការ៉េ​បន្ថែមទៀត​ដើម្បី​សម្រេចបាន​តាម​ផែនការ​យុទ្ធ​សាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ និង​ចក្ខុវិស័យ «​កម្ពុជា​គ្មាន​មីន​ឆ្នាំ ​២០២៥»​។

​ក្នុងន័យនេះ រដ្ឋាភិបាល​ប្ដេជ្ញា​បន្ត​ការយកចិត្តទុកដាក់​ដោះ​ស្រាយ​បញ្ហា​ដែល​បង្កឡើង​ដោយ​​សារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ ចីរភាព​កម្ពុជា​ ២០១៦-២០៣០ ផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ និង​យុទ្ធ​សា​​ស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី១ «​ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ​២០៥០»​។​

​សារលិខិត​នេះដែរ លោក ហ៊ុន​ ម៉ា​ណែ​ត បាន​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ឱ្យបាន​កាន់តែ​ទូលំ​ទូលាយ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ពី​គ្រោះថ្នាក់​នៃ​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែលជា​ឃាតករ​លាក់​មុខ និង​បន្ត​គំរាមកំហែង​ដល់​សន្តិសុខ​មនុស្សជាតិ បើទោះបីជា សង្គ្រាម​ប្រដាប់អាវុធ​បានបញ្ចប់​ក្តី​។

ទន្ទឹមនឹងនេះ កម្ពុជា​ត្រូវបាន​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា ដែលមាន​សមាជិក​ ១៦៤ ​ប្រទេស បោះ​​ឆ្នោត​ជ្រើសតាំង​ជា​ប្រធាន និង​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ត្រួត​ពិនិត្យឡើងវិញ​លើក​ទី​៥ ដែល​កម្ពុជា​ប្រសិទ្ធ​នាម​ជា «​កិច្ចប្រជុំ​កំពូល​សៀមរាប​អង្គរ​ស្ដីពី​ពិភព​លោក​មួយ​ដែល​គ្មាន​មីន​» ដែល​គ្រោង​ប្រព្រឹត្តទៅ​នៅ​ខេត្ត​សៀម​​រាប ចាប់ពី​ថ្ងៃទី ២៥ ដល់​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៤៕