ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា រដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដំឡើងតួនាទីអ្នកកាន់ការងារក្រសួងមុខងារសាធារណៈទៅជាឧបនាយករដ្ឋមន្ត្រី ដើម្បីអាចមានទម្ងន់ក្នុងការដឹកនាំ ឬប្រាប់ទៅកាន់បណ្តាក្រសួង-ស្ថាប័នផ្សេងទៀតក្នុងជួររដ្ឋាភិបាល ក្នុងនាមជាសេនាធិការអនុវត្តកំណែទម្រង់ មុខងារសាធារណៈ បើទោះបីអ្នកកាន់ក្រសួងនេះមិនមែនជាលោក ហ៊ុន ម៉ានី ដែលត្រូវជាប្អូនប្រុសលោកក្តី។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះធ្វើឡើងនៅក្នុងពិធីប្រកាសជយលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងសុខាភិបាលឆ្នាំ ២០២៣ និងប្រកាសដាក់ឱ្យអនុវត្ត សម្រាប់ឆ្នាំ ២០២៤ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤។
ការបញ្ជាក់នេះជាការឆ្លើយតបទៅនឹងមតិរិះគន់មួយចំនួនបន្ទាប់ពីលោក ហ៊ុន ម៉ានី ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីទី១១ ក្នុងជួររដ្ឋាភិបាលអាណត្តិទី៧ បន្ថែមលើមុខងារជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តាមរយៈព្រះរាជក្រឹត្យតែងតាំងដោយព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថនរោត្តម សីហមុនី នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោយពីសមាជិករដ្ឋសភាចំនួន ១២០ រូប បានបោះឆ្នោតគាំទ្រ ជាឯកច្ឆន្ទក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភានីតិកាលទី៧។
លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា៖ «ទោះបីអ្នកកាន់នេះ [រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ] មិនមែន ហ៊ុន ម៉ានី អ្នកណាក៏ដោយ ក៏ត្រូវដំឡើងដែរ [ទៅជាឧបនាយករដ្ឋមន្ត្រី] ដោយសារអ្វី? ដោយសារក្រសួងនេះ ដើរតួនាទីជាសេនាធិការនៅក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ ដែលពាក់ព័ន្ធទៅដល់គ្រប់ក្រសួងស្ថាប័នទាំងអស់»។
លោកបន្តថា៖ «បើសេនាធិការទម្ងន់ទាបទៅប្រាប់គេធ្វើការយ៉ាងម៉េច? ឱ្យនាយករដ្ឋមន្ត្រីដើរធ្វើការខ្លួនឯងឬយ៉ាងម៉េច? គឺតម្រូវការក្រសួងស្ថាប័ន វាគ្រាន់តែរដ្ឋមន្ត្រីមានត្រកូលដូចខ្ញុំ ប៉ុន្តែតម្រូវការកំណែទម្រង់អាទិភាព យើងត្រូវបង្កើនសិទ្ធិ បង្កើនតួនាទី ឱ្យធ្វើ»។
លោកបញ្ជាក់ថា កំណែទម្រង់មុខងារសាធារណៈ មានភាពចាំបាច់ខ្លាំងណាស់ ដើម្បីជាប្រយោជន៍ជាតិ ខណៈក្រសួងមុខងារសាធារណៈ ទទួលបន្ទុកកិច្ចការងារធំជាងគេ គឺកំណែទម្រង់រដ្ឋបាល សាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយកម្ពុជាមិនមានពេលច្រើនទៀតឡើយ ក្នុងការធ្វើកំណែទម្រង់នេះ ដែលទាមទារការងារដ៏ច្បាស់លាស់និងម៉ឺងម៉ាត់បំផុត។
លោកបន្ថែមថា កិច្ចការនេះត្រូវការទម្ងន់ ដូចជាការបង្កើតគណៈកម្មការជាតិលើកំណែទម្រង់ ៣ គឺវិស័យអប់រំ សុខាភិបាល និងមុខងារសាធារណៈ ខណៈមាននាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មការ និងរដ្ឋមន្ត្រីពីក្រសួងជំនាញជាសេនាធិការ និងជាប្រធានលេខាធិការដ្ឋានក្នុងការដឹកនាំអនុវត្ត តួយ៉ាងក្នុងវិស័យអប់រំ មានលោកហង់ជួន ណារ៉ុន វិស័យសុខាភិបាលមានលោកឈាង រ៉ា ចំណែកវិស័យមុខងារសាធារណៈមានលោកហ៊ុន ម៉ានី។
ជុំវិញបញ្ហានេះ លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ស្របចំពោះទស្សនៈរបស់លោក នាយករដ្ឋមន្ត្រី ក្នុងន័យអភិបាលកិច្ច ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលទាមទារឱ្យរដ្ឋមន្ត្រីមុខងារសាធារណៈមានអំណាច និងឥទ្ធិពលគ្រប់គ្រាន់ក្នុងការដឹកនាំ និងចាត់ចែងកម្មវិធីនយោបាយកំណែទម្រង់ដែលការដំឡើងឋានៈរដ្ឋមន្ត្រីមុខងារសាធារណៈជាឧបនាយករដ្ឋមន្ត្រីឱ្យមានអំណាចអាជ្ញាសឹកជា ភាពចាំបាច់។
ទោះជាយ៉ាងណាលោក ប៉ា ច័ន្ទរឿនថា សម្រាប់បរិបទនយោបាយកម្ពុជាសព្វថ្ងៃ ដែលក្នុងជួររដ្ឋាភិបាល មាននាយករដ្ឋមន្ត្រីជាបង ហើយដំឡើងរដ្ឋមន្ត្រីដែលត្រូវជាប្អូនប្រុសទៅជាឧបនាយករដ្ឋមន្ត្រី ប្រាកដណាស់ចៀសមិនផុតពីការរិះគន់ក្នុងរង្វង់សាធារណៈឡើយ។
យ៉ាងណាក្តីលោកថា៖ «អ្វីដែលគេចាំមើលទាំងអស់គ្នានោះ រួមទាំងប្រជាពលរដ្ឋ ថាតើការដំឡើង និងផ្តល់អាជ្ញាសឹកបន្ថែមទៅដល់រដ្ឋមន្ត្រីមុខងារសាធារណៈនេះនឹងអាចជួយពន្លឿន និងធ្វើឱ្យដំណើរការ នៃការកែទម្រង់វិស័យសេវាសាធារណៈហ្នឹងមានប្រសិទ្ធភាពប៉ុនណា»។
លោកបន្ថែមថា ដើម្បីឆ្លើយតបចំពោះមតិរិះគន់ លោក ហ៊ុន ម៉ានី ដែលបានក្លាយជាឧបនាយករដ្ឋមន្ត្រី ធា្លប់បំពេញតួនាទីជាតំណាងរាស្ត្រ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងនោះ ត្រូវតែបង្ហាញស្នាដៃនៅក្នុងកិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីឱ្យស័ក្តិសមទៅនឹងសេចក្តីទុកចិត្តចំពោះការតែងតាំងរូបលោក។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល គូសបញ្ជាក់ថា ដើម្បីអាចបំពេញចក្ខុវិស័យរដ្ឋាភិបាលប្រែក្លាយកម្ពុជាជាប្រទេសចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០ ខាងមុខ លោក ហ៊ុន ម៉ាណែត មានផែនការច្បាស់លាស់លើការងារកំណែទម្រង់ និងអភិបាលកិច្ចជាស្នូលដែលបំផុសក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់ខ្លួន ជាការងារបន្តពីយុទ្ធសាស្ត្រចតុកោណនៃរដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។
លោកសង្កតធ្ងន់ថា៖ «អ្វីៗដែលដាក់ចេញនៅពេលនេះ ជាការសម្រួចដើម្បីសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដែលនៅសល់ជាង ២៥ ឆ្នាំទៀត ដែលវាមិនយូរប៉ុន្មានឡើយ ដែលត្រូវការធ្វើកំណែទម្រង់ឱ្យលឿនរហ័ស»។
កាលពីខែសីហា ឆ្នាំ ២០២៣ គ្រាលោក ហ៊ុន ម៉ានី ទើបឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោកបានថ្លែងប្តេជ្ញាចិត្តជំរុញការធ្វើកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈជាគោលដៅធំក្នុងអាណត្តិទី៧។
ជាមួយគ្នានេះលោកក៏បានកំណត់បេសកកម្មធំៗចំនួន ២ ដោយក្នុងនោះ ទី១ អនុវត្តចក្ខុវិស័យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទី២ ជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងរដ្ឋាភិបាលអាណត្តិទី៧ ឆ្ពោះទៅឆ្នាំ ២០២៨ និងអនាគត និងទី៣ ចូលរួមចំណែកក្នុងការលើកស្ទួយ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ៕