ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការកែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិថ្មី មិនមែនជាការធ្វើបដិវត្តន៍នោះទេ ប៉ុន្តែជាការបន្តនិរន្តរភាព ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ ដោយបន្ថែមថា ការពង្រីកសមិទ្ធផលវិជ្ជមាន និងការកែលម្អកាត់បន្ថយភាពអវិជ្ជមាន គឺជាគោលនយោបាយសំខាន់របស់រដ្ឋាភិបាលដែលត្រូវអនុវត្តបន្ត។
លោកបានថ្លែងដូចនេះនាថ្ងៃទី ២២ ខែកុម្ភៈ ក្នុងពិធីប្រកាសទទួលស្គាល់ជយលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ដល់អនុវិទ្យាល័យចំនួន ១០ សាលាបឋមសិក្សាចំនួន ១០ និងមណ្ឌលសុខភាពចំនួន ១០ ផងដែរ។
លោកបានលើកឡើងថា ស្ថិតនៅក្រោមម្លប់សុខសន្តិភាព រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗនៅក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន។
លោកបានបន្ថែមថា ដើម្បីសម្រេចនូវគោលដៅនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនសមធម៌ ប្រសិទ្ធភាព និងចីរភាពសំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ការដាក់ចេញគោលនយោបាយរបស់យើងគឺសំខាន់ណាស់ រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ គ្រប់កន្លែងទាំងអស់ និងគ្រប់ពេលទាំងអស់ផ្តោតទៅលើគោលដៅធំ ២ គឺទី១ ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមជូនប្រជាពលរដ្ឋ និងទី២ ខិតខំវាយតម្លៃ កែលម្អកាត់បន្ថយភាពអវិជ្ជមាន»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលនយោបាយរដ្ឋាភិបាលថ្មីប្រកាន់គោលជំហរ ២ គឺនិរន្តរភាព និងសុគតភាពនៃគោលដៅនយោបាយគឺបម្រើប្រជាពលរដ្ឋធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនឈានទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ហើយសុគតភាពគឺបន្តគោលនយោបាយដែលបានដាក់ចេញ។
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «យើងអត់ធ្វើបដិវត្តន៍ទេ យើងបន្តនិរន្តរភាព ដែលគោលនយោបាយដដែល តែអ្វីដែលប្រែប្រួលគឺការជ្រើសរើសអាទិភាព និងវិធីសាស្ត្រក្នុងការធ្វើដើម្បីសម្រេចគោលដៅដែលត្រូវមានភាពនវានុវត្តន៍ និងភាពច្នៃប្រឌិត»។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងអាណត្តិទី៧ នេះ គឺជាអាណត្តិពង្រឹង មិនមែនជាអាណត្តិពង្រីកនោះទេ ប៉ុន្តែបើត្រូវការពង្រីកគឺត្រូវមានទឡ្ហីករណ៍ច្បាស់លាស់ រួមទាំងការរើសមន្ត្រីថ្មីផងដែរ។
ឆ្លៀតឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានរំលេចថា ការធ្វើជានាយករដ្ឋមន្ត្រី បើគ្មានសិទ្ធិណែនាំដល់ក្រសួង/ស្ថាប័ន ក្រោមឱវាទឱ្យដាក់ទិសដៅការងារនោះទេ មិនដឹងធ្វើនាយករដ្ឋមន្ត្រីដើម្បីអ្វីឡើយ។
លោកបានបញ្ជាក់ថា៖ «គេថាឃើញតែលោក ហ៊ុន ម៉ាណែត ធ្វើការគ្រប់កន្លែង។ បើធ្វើនាយករដ្ឋមន្ត្រី ហើយគ្មានសិទ្ធិណែនាំក្រសួង-ស្ថាប័ន ក្រោមឱវាទឱ្យដាក់ទិសដៅការងារនោះ តើធ្វើនាយករដ្ឋមន្ត្រីធ្វើអី? ខ្ញុំមិនទៅធ្វើការជំនួសរដ្ឋមន្ត្រីទេ តែខ្ញុំមានសិទ្ធិណែនាំការអនុវត្តគោលនយោបាយ ដែលជាគោលដៅរបស់យើង។ ខ្ញុំមានសិទ្ធិផ្តល់គោលគំនិត»។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាហូរហែមកនេះបានបន្តដឹកនាំតាមគោលនយោបាយរបស់គណបក្សដែលឈ្នះឆ្នោតជាលំដាប់។ ដូចនេះមានន័យថាជា គោលនយោបាយក្នុងអាណត្តិនីមួយៗដោយផ្អែកលើសមិទ្ធផលអាណត្តិមុនៗ ព្រោះមិនមែនជាគណបក្សផ្សេងគ្នានោះទេ។
លោកបានបញ្ជាក់ទៀតថា៖ «ដូច្នេះ ការលើកឡើងពីការពង្រឹងសមិទ្ធផលនេះគឺជាការត្រឹមត្រូវហើយ ពីព្រោះរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺគាត់ត្រូវតែពង្រីកនូវសមិទ្ធផលរបស់គាត់បន្ថែមទៀតជូនប្រជាពលរដ្ឋ ដែលជាគុណប្រយោជន៍សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋ»។
លោក យង់ ពៅ បានបន្ថែមថា មួយទៀតក៏ត្រូវព្យាយាមកាត់បន្ថយ ឬដោះស្រាយបញ្ហានានាដែលវារាំងស្ទះ ឬរំខានដល់ការអភិវឌ្ឍដែលជាភាពអវិជ្ជមាន ដូចជាមន្ត្រីខិលខូចមួយដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល អ៊ីចឹងគឺត្រូវតែកែសម្រួលទៅលើច្បាប់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាដើម។
នាឱកាសនោះដែរ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានលើកឡើងថា ការប្រកាសទទួលស្គាល់ជយលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូនាពេលនេះ ចំថ្ងៃដែលត្រូវជាខួបរយៈពេល ៦ ខែនៃការចាប់ផ្តើមដំណើរការរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
លោកបានបន្តថា៖ «ថ្ងៃដ៏វិសេសនេះ បានចារឹកនូវសមិទ្ធផលថ្មីបន្ថែមទៀតរបស់រាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់ការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន ការលើកកម្ពស់គុណភាពអប់រំ និងសេវាសុខាភិបាលនៅមូលដ្ឋាន ដែលជាមូលដ្ឋាននៃសុខសន្តិភាព និងស្ថិរភាពដ៏រឹងមាំរបស់កម្ពុជា»។
លោក ហ៊ុន ម៉ានី បានបន្ថែមថា សម្រាប់ឆ្នាំ ២០២៤ នេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានទទួលការសម្រេចជាគោលការណ៍រួចហើយ ដើម្បីបន្តអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈ គំរូ នៅកម្រិតវិទ្យាល័យ និងសាលាមត្តេយ្យសិក្សាសម្រាប់វិស័យអប់រំ និងមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត ១ កម្រិត ២ និងកម្រិត ៣ សម្រាប់វិស័យសុខាភិបាល និងបានដាក់ស្នើសុំការប្រកាសជាផ្លូវការពីនាយករដ្ឋមន្ត្រីនាពេលនោះផងដែរ។
សូមបញ្ជាក់ដែរថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនេះ បានអនុវត្តកាលពីខែមេសា ឆ្នាំ២០១៨។ នៅឆ្នាំ ២០១៩ ក្រសួងអប់រំ ក្រសួងសុខាភិបាល ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់យកវិទ្យាល័យ មន្ទីរពេទ្យបង្អែករាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត ១ កម្រិត ២ និងកម្រិត ៣ ជាអង្គភាពគោលដៅសម្រាប់ការវាយតម្លៃ៕