មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងដៃគូពាក់ព័ន្ធ បានដាក់ទិសដៅបន្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ គ្រុនឈាម និងប្រយុទ្ធនឹងជំងឺដង្កូវព្រូន តាមរយៈវិធានការផ្តល់ថ្នាំ ការព្យាបាល និងជំរុញការលុបបំបាត់ប្រភពបង្កបង្កើតកូនចៅសត្វមូសខ្លា ដើម្បីកម្ពុជាមានការអភិវឌ្ឍដោយនិរន្តរភាព និងទទួលបានសុខភាពសាធារណៈកាន់តែល្អប្រសើរ។
ការដាក់ទិសដៅនេះ បន្ទាប់ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយមានការចូលរួមពីមន្រ្តីក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, UNOPS, PMI/USAID, និងតំណាងអង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងម្ចាស់ជំនួយ ព្រមទាំងសមាជិក សមាជិកានៃអង្គសន្និបាត ប្រមាណ ៣០០ នាក់។
សន្និបាតនេះ ធ្វើឡើងដើម្បីប្រមូលនូវធាតុចូលជាបទពិសោធន៍អនុវត្តជាក់ស្ដែងល្អៗ និងមានការពិគ្រោះយោបល់បើកចំហទូលំទូលាយ កំណត់បាននូវបញ្ហាប្រឈម ដើម្បីផ្តល់ដំណោះស្រាយជាគន្លឹះឱ្យកាន់តែមានប្រសិទ្ធភាព ពាក់ព័ន្ធកម្មវិធីជាតិទាំង ៣ គឺកម្មវិធី ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន។
បើតាមក្រសួងសុខាភិបាល លទ្ធផលនៃអង្គសន្និបាត បានបង្ហាញនូវចំណុចសំខាន់ៗ ដោយក្នុងនោះករណីជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២៣ មានជាង ១៣០០ ករណី។ ប៉ុន្តែចំពោះជំងឺ គ្រុនចាញ់សន្ធំនៅសល់ ៣៤ ករណី នៅឆ្នាំ២០២៣ដែលចំនួននេះមានការថយចុះយ៉ាងគំហុកប្រៀបធៀបឆ្នាំ២០២២។
ក្រសួងបានឱ្យដឹងថា វិធានការចំពោះមុខ ត្រូវលុបបំបាត់ជំងឺគ្រុនចាញ់លាប់ តាមរយៈផ្តល់ថ្នាំសមូហភាពដោយប្រើថ្នាំក្លរ៉ូគីន (៤ខែ) និងព្យាបាលផ្តាច់ ៨ សប្តាហ៍ដោយថ្នាំព្រីម៉ាគីនដោយធ្វើតេស្ត G6PD ព្រមទាំងមានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ដែលដឹកនាំដោយ អភិបាលរងទទួលបន្ទុកត្រូវដឹកនាំប្រជុំទៀងទាត់ជាប្រចាំត្រីមាស។
ចំពោះវិធានការ កម្មវិធីគ្រុនឈាមវិញ គឺត្រូវកាត់បន្ថយអត្រាឈឺ តាមរយៈកិច្ចសហការរឹងមាំ និងជិតដិតបំផុត ជំរុញការលុបបំបាត់ប្រភពបង្កបង្កើតកូនចៅសត្វមូសខ្លា ពិសេសសម្បកកង់ឡាន និងដាក់ថ្នាំបាណកឃាដ (អាបែត ឬ Bti) និងបញ្ជូនអ្នកជំងឺមកសេវាសាធារណៈឱ្យបានទាន់ពេល។
សម្រាប់កម្មវិធីជាតិប្រយុទ្ធប្រឆាំងដង្កូវព្រូន ក្រសួងសុខាភិបាល បានជំរុញបន្ថែមគោលដៅគ្របដណ្តប់ថ្នាំទម្លាក់ព្រូន ដល់ក្រុមគោលដៅ ជាកុមារ និងស្ត្រី និងពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺព្រូនស៊ីស្តូនៅឆ្នាំ២០២៥។
គួរជម្រាបថា បើតាមរបាយការណ៍ពីអង្គសន្និបាតខាងលើ ករណីជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២៣ មានចំនួន ១ ៣៨៤ ករណី គឺមានការថយចុះ ៦៦% បើប្រៀបធៀបឆ្នាំ២០២២។ សម្រាប់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម កម្ពុជាធានាបាននូវអត្រាស្លាប់ឱ្យនៅអត្រាទាបជាង ០,១៥% ជារៀងរាល់ឆ្នាំដែលស្របតាមយុទ្ធសាស្រ្តសកល។ ឆ្នាំ២០២៣ ជំងឺគ្រុនឈាមសរុបចំនួន ៣៥៣៩០ ករណី និងស្លាប់ចំនួន ៩៩នាក់ (អត្រាស្លាប់ ០,២៨%) គឺកើនឡើងជិត ៣ ដងធៀបនឹងករណីឆ្នាំ២០២២ ដែលមាន ១២ ៩៨៥ ករណី និងស្លាប់ ២១ នាក់។