​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​ស្តីពី ការអនុវត្ត​កម្មវិធី​ស្តារ​ជីវភាព​ឡើងវិញ​សម្រាប់​ការផ្លាស់ប្តូរ​លំនៅឋានរ​បស់​ប្រជាជន​ទៅ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន និង​ឃុំ​ពាក់​ស្នែង នៃ​ស្រុក​អង្គរធំ ខេត្តសៀមរាប ដើម្បី​លើកកម្ពស់​បរិស្ថាន​នៃ​ការរស់នៅ​ឱ្យ​កាន់តែ​ប្រសើរឡើង​។

យោង​អនុក្រឹត្យ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ចុះ​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ គឺ​បានកំណត់​អំពី​ប្រាក់ឧបត្ថម្ភ វិធាន នីតិវិធី និង​យន្តការ​គ្រប់គ្រង​ការអនុវត្ត​កម្មវិធី​ស្តារ​ជីវភាព​ឡើងវិញ​នេះ​។

អនុក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​គ្រួសារ​ដែល​បាន​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ​លំនៅឋាន និង​ទទួលបាន​ក្បាលដី​នៅ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន និង​ឃុំ​ពាក់​ស្នែង ក្រោម​ការរៀបចំ​របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ និង​អភិវឌ្ឍ​ទីប្រជុំជន​រុន​តា​ឯក និង​ទីប្រជុំជន​ពាក់​ស្នែង ព្រមទាំង​មាន​បណ្ណ​សមធម៌​មាន​សុពលភាព​។

អនុក្រឹត្យ​បានបញ្ជាក់​ថា​៖ «​ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​កម្មវិធី​នេះ គ្រួសារ​នីមួយៗ​ត្រូវបំពេញ​គ្រប់​លក្ខខណ្ឌ ដោយបាន​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ​លំនៅឋាន និង​ទទួលបាន​ក្បាលដី​នៅ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន និង​ឃុំ ពាក់​ស្នែង និង​មាន​បណ្ណ​សមធម៌​មាន​សុពលភាព​»​។

ប្រភព​ដដែល​បន្តថា សម្រាប់​រយៈពេល ៣ ខែ គិត​ចាប់ពី​ខែមករា រហូតដល់​ខែមីនា ឆ្នាំ​ ២០២៤ ក្នុងដំណាក់កាល​អន្តរ​កាល មុននឹង​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​ស្តារ​ជីវភាព​ឡើងវិញ​ចំពោះ​គ្រួសារ​ដែល​បាន​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ​លំនៅឋាន និង​ទទួលបាន​ក្បាលដី​នៅ និង​មាន​បណ្ណ​សមធម៌​មាន​សុពលភាព ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៤ ​ម៉ឺន​រៀល សម្រាប់​សមាជិកគ្រួសារ​ម្នាក់ៗ​។

អនុក្រឹត្យ​នេះ​ឱ្យដឹងទៀតថា គ្រួសារ​នីមួយៗ ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​សម្រាប់​រយៈពេល ៣៦ ​ខែ ដោយ​កាលបរិច្ឆេទ​ចាប់ផ្តើម​ត្រូវអនុវត្ត ចំពោះ​គ្រួសារ​ដែល​បាន​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ​លំនៅឋាន និង​ទទួលបាន​ក្បាលដី ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​កម្មវិធី​ចាប់ពី​ខែមេសា ឆ្នាំ​ ២០២៤ តទៅ​។

គ្រួសារ​ថ្មី​ដែល​នឹង​ស្ម័គ្រចិត្ត​ផ្លាស់ប្ដូរ​លំនៅឋាន និង​ទទួលបាន​ក្បាលដី​នៅ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន និង​ឃុំ​ពាក់​ស្នែង ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​កម្មវិធី គិត​ចាប់​ពីថ្ងៃ​ទទួលបាន​បណ្ណសម​ធម៌​តទៅ​ស្របតាម​គោលការណ៍​ដែលមាន​ជា​ធរមាន​។

អនុក្រឹត្យ​នេះ​បន្តថា បន្ទាប់ពី​រយៈពេល ៣៦​ ខែ គិត​ចាប់​ពីថ្ងៃ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​កម្មវិធី ក្រសួងផែនការ តាមរយៈ​យន្តការ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ នឹងធ្វើ​ការវាយតម្លៃ​គ្រួសារ​ទាំង ២​ ប្រភេទ ខាងលើ​ឡើងវិញ​។ ក្នុងករណី​ពិនិត្យឃើញថា​នៅមាន​ការលំបាក គ្រួសារ​នោះ​នឹង​បន្ត​ទទួលបាន​ប្រាក់ ឧបត្ថម្ភ​ពី​កម្មវិធី​។

ចំពោះ​គ្រួសារ​ដែល​មិនបាន​តាំង​លំនៅឋាន​ជាក់ស្តែង​នៅ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន និង​ឃុំ​ពាក់​ស្នែង និង​គ្រួសារ​ដែល​ត្រូវបាន​វាយតម្លៃ​ឃើញថា​មិនមាន​ការលំបាក នឹង​ទទួល​បានតែ​អត្ថប្រយោជន៍​ផ្សេងៗ​ពី​កម្មវិធី​ជំនួយ​សង្គម​និង​របប​សន្តិសុខ​សង្គម​នានា​ស្របតាម​សុពលភាព​បណ្ណ​សមធម៌ និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

គួរ​ជម្រាប​ថា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ជូន​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក រាជរដ្ឋាភិបាល បានដាក់​ឱ្យ​ដំណើរការ​អនុវត្ត​រថ​យន្ត​ក្រុង​ដឹកជញ្ជូន​សាធារណៈ​ពី​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន​-​ក្រុង​សៀមរាប ទៅវិញទៅមក ដោយ​ឥត​គិ​ថ្លៃ ចាប់ពី​ថ្ងៃ ​១៥ ​ខែកុម្ភៈ​ឆ្នាំ ២០២៤៕