​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បាន​លើកឡើងថា វឌ្ឍនភាព​នៃ​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ​អំឡុងពេល​ជាង ១០ ​ឆ្នាំ និង ៥ ​ឆ្នាំ នៃ​កំណែទម្រង់​សាលារៀន បានធ្វើឱ្យ​វិស័យ​អប់រំ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ឡើង ខណៈ​ក្រសួង​កំពុង​ជំរុញ​កំណែទម្រង់​វិស័យ​អប់រំ​ឈានទៅ ពង្រឹងគុណភាព​សាលារៀន​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​អនុវិទ្យាល័យ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ នាឱកាស​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍ ស្ដីពី “Skilling Cambodia for Accelerated Growth: Fixing the Foundation”  រៀបចំឡើង​ដោយ ធនាគារពិភពលោក កាលពី​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ​។

មានប្រសាសន៍​ក្នុងឱកាស​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែង​អំណរ​ចំពោះ​ធនាគារពិភពលោក ដែល​បានធ្វើ​ការសិក្សា និង​ចងក្រង​របាយការណ៍​នេះ ដើម្បី​ជា​ទុន​គាំទ្រ​ដល់​ការងារ​រៀបចំ​គោលនយោបាយ និង​ការងារ​ពាក់ព័ន្ធ​ជាច្រើន ក្នុង​គោលដៅ​ពិនិត្យ​កំណែទម្រង់​អប់រំ​ជំរុញ​ការសិក្សា​រៀនសូត្រ​របស់​កុមារ ក៏ដូចជា​អរគុណ​ដល់ដៃ​គូ​អភិវឌ្ឍ​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ជ្រោមជ្រែង​លើកស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​។

លោក​បន្តថា ការវាយតម្លៃ​លទ្ធផល​សិក្សា​សិស្ស (SEA-PLM) និង​ការធ្វើ​តេស្ត​ស្តង់ដា (PISA) ធ្វើឱ្យ​ក្រសួង​កំណត់​រកឃើញ​បញ្ហា​ក្នុង​ប្រព័ន្ធ​អប់រំ ក៏ដូចជា​អភិវឌ្ឍ​គោលនយោបាយ​ចំ​គោលដៅ​ដើម្បី​ឆ្លើយតប​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

ឆ្លៀត​ក្នុងឱកាស​នោះ លោក​បាន​រំឭកថា ៖«​វឌ្ឍនភាព​នៃ​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ​អំឡុងពេល​ជាង​ ១០​ ឆ្នាំ និង ៥ ​ឆ្នាំ នៃ​កំណែទម្រង់​សាលារៀន ដែល​ផ្ដោតលើ ការអនុវត្ត​កំណែទម្រង់​ការគ្រប់គ្រង​សាលា ការអភិវឌ្ឍ​គ្រូបង្រៀន ការពិនិត្យ និង​កែលម្អ​សៀវភៅ​គោល និងធ្វើឱ្យ​ប្រសើរឡើង​នូវ​វិធីសាស្ត្រ​បង្រៀន ការលើកកម្ពស់​ការអប់រំ​បែប​ឌីជីថល ការអភិវឌ្ឍ​កម្មវិធីសិក្សា លើកកម្ពស់​សុខភាព​សិក្សា កម្មវិធី​គាំទ្រ​តម្រូវការ​របស់​សិស្ស កម្មវិធី​ថែទាំ និង អប់រំ​កុមា​តូច​»​។

លោក​ឱ្យដឹងទៀតថា ឆ្លើយតប​នឹង​លទ្ធផល​ទទួលបាន​ពី​ការធ្វើ​តេស្ត​ស្តង់ដា PISA  រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ កំពុង​ជំរុញ​កំណែទម្រង់​វិស័យ​អប់រំ​ឈានទៅ ពង្រឹងគុណភាព​សាលារៀន​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​អនុវិទ្យាល័យ និង​លើកកម្ពស់​លទ្ធផល​សិក្សា​សិស្ស ដោយបាន​កំណត់​ការងារ​អាទិភាព​មួយចំនួន​។

ក្នុងនោះ​រួមមាន ១ ការពង្រឹង​អភិបាលកិច្ច សាលារៀន ២ ការពិនិត្យ កែសម្រួល និងរៀបចំ​កម្មវិធីសិក្សា និង សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឱ្យស្រប​ទៅតាម​តម្រូវការ​ក្នុងការ​ពង្រឹង​ចំណេះដឹង​, វិន័យ​, សីលធម៌ និង ឥរិយាបថ​របស់​សិស្ស ៣ ការយកចិត្ត ទុកដាក់​លើ​សុខភាព របស់​សិស្ស តាមរយៈ កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង​ការត្រួតពិនិត្យ​គុណភាព ចំណីអាហារ​នៅតាម​សាលារៀន និង ៤ ការជំរុញ និង​លើកទឹកចិត្ត​ការចូលរួម​របស់​មាតាបិតា  អ្នកអាណាព្យាបាល និង​សហគមន៍ ក្នុង​ការអប់រំ​ស្របតាម​ពាក្យស្លោក “​ភាពជា​ដៃគូ​រដ្ឋ និង សហគមន៍ ដើម្បី​ការអប់រំ​”​។

គួរ​ជម្រាប​ថា ពិធី​ផ្សព្វផ្សាយ​ខាងលើនេះ មានការ​ចូលរួម​ពី​លោកស្រី Mariam J. Sherma នាយិកា​ធនាគារពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ ,​លោក Aaditya Mattoo ប្រធាន​សេដ្ឋវិទូ​របស់ WB ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​, លោក Cristian Aedo នាយក​ប្រតិបត្តិ​របស់ WB, Education Global Practice, គណៈកម្មាធិការ​ជាតិ​ជំរុញ​ការអនុវត្ត​វិធាន​គន្លឹះ​ក្នុង​វិស័យ​អប់រំ​,​ប្រធាន ECOSSOC និង​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​ក្រសួង មន្ទីរអប់រំ យុវជន និង​កីឡាទាំង​ ២៥ រាជធានី ខេត្ត​, សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ ទាំង ២៥ រាជធានី ខេត្ត សរុប​ចំនួន ១៣៣ ​រូប​៕