លោក សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជប) បានអះអាងថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤ ក្នុងរយៈពេល ១៤ ថ្ងៃ ដែលមានការចូលប្រកួតប្រជែងពីគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ បានបញ្ចប់ទៅដោយភាពវិជ្ជមាន។
លោក សោម សូរីដា សមាជិក គ.ជ.ប បានអះអាងបែបនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីបូកសរុបព្រឹត្តិការណ៍នៃការឃោសនាបោះឆ្នោតក្នុងរយៈពេល ១៤ ថ្ងៃ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប លោក សោម សូរីដា បានថ្លែងថា ក្នុងរយៈពេល ១៤ ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គ.ជ.ប សង្កេតឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌលភូមិភាគនីមួយៗ បានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត តាមមធ្យោបាយរៀងៗខ្លួន ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ។
លោក សោម សូរីដា ថ្លែងថា៖ «ជារួម គ.ជ.ប អាចសន្និដ្ឋានបានថា ក្នុងរយៈពេល ១៤ ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត និងរាជធានី ចំណុះភូមិភាគ បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នា មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានី ខេត្ត នៃភូមិភាគនីមួយៗ»។
តាមរយៈសកម្មភាពជាវិជ្ជមានទាំងនេះលោក សោម សូរីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគីពាក់ព័ន្ធទាំងអស់ ពិសេស គណបក្សនយោបាយ ដែលកាន់តែមានភាពចាស់ទុំខាងនយោបាយ ចូលរួមគោរព និងអនុវត្តច្បាប់ បទបញ្ជា និងនីតិវិធី រួមនឹងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត និងសហការ ផ្តល់ព័ត៌មាន គោរពតាមការរៀបចំ ចាត់ចែង និងសម្របសម្រួលពីអាជ្ញាធរ និង គធ.ខប។
ជាមួយគ្នានោះដែរ លោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី ខេត្ត ដែលបានផ្តល់កិច្ចសហការ ជួយសម្របសម្រួល រក្សាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធា្នប់សាធារណៈល្អ ដោយពុំមានការរើសអើង។
បើតាមលោក សោម សូរីដា ក្នុងអំឡុងពេលនៃការឃោសនា រកសំឡេងឆ្នោតនេះផងដែរ គណបក្សនយោបាយទាំង ៤ មានឱកាសផ្សព្វផ្សាយដោយស្មើភាពគ្នា នូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនជូនដល់អ្នកបោះឆ្នោត និងសាធារណជន តាមរយៈកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ដែលរៀបចំដោយ គ.ជ.ប។ ការផ្សព្វផ្សាយនេះធ្វើឡើងតាមវិទ្យុ និងទូរទស្សន៍របស់រដ្ឋ។
កាលពីថ្ងៃទី ២៣ ខែកុម្ភៈ គ.ជ.ប បានចេញសេចក្តីអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០ យប់ថ្ងៃទី ២៣ ខែកុម្ភៈ រហូតដល់ម៉ោង ១២:០០ យប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០ រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ៣៣ ចំណុះឱ្យភូមិភាគទាំង ៨៕