ក្រសួង​ធនធានទឹក និង​ឧតុនិយមបានឱ្យដឹងថា សកម្មភាព​របស់​បុគ្គ​ល​ដែល​បាន​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ ស្ថិតនៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម នឹង​បង្ក​ឧបសគ្គ ឬ​ធ្វើឱ្យមាន​ការរាំងស្ទះ​ដល់​លំហូរ​ទឹកធម្មជាតិ​នៃ​ទន្លេ ដែល​ត្រូវ​ប្រឈមមុខ​ផ្លូវច្បាប់​ជាប់ពន្ធនាគារ​ពី​១​ ទៅ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៥​ លាន រហូតដល់ ១០​ លាន​រៀល​។

ការបង្ហាញ​ទិដ្ឋភាព​ផ្លូវច្បាប់​នេះ បន្ទាប់ពី​ភាគី​ម្ចាស់​ដី​ខាងលើ បានធ្វើ​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​ប្រហែង ៥៥​ ម៉ែត្រ និង​គ្រោង​ចាក់បណ្តោយ​ទន្លេ​ប្រវែង ២៩៤,៦​ ម៉ែត្រ (​បច្ចុប្បន្ន​ទើប​ចាក់​បាន ១៣០ ​ម៉ែត្រ ) ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​ឡើយ ដែលមាន​ទីតាំង​ភូមិ​ព្រៃទទឹង ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ស្រី​ស​ន្ទ​រ ខេត្តកំពង់ចាម​។

ពាក់ព័ន្ធ​ផ្លូវច្បាប់​វិញ ក្រសួង​ធនធានទឹក និង​ឧតុនិយមបានឱ្យដឹងថា សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ ដើម្បី​ចាក់​ខ្សាច់​លុប​នេះ នឹង​បង្ក​ឧបសគ្គ ឬ​ធ្វើឱ្យមាន​ការរាំងស្ទះ​ដល់​លំហូរ​ទឹកធម្មជាតិ​នៃ​ទន្លេ ហើយ​ជា​បទល្មើស​ដែលមាន​បញ្ញត្ត​នៅក្នុង​មាត្រា​ ៣៦ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក​នៅ​កម្ពុជា​។

សេ​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធាន​ធាន​ទឹក ចុះ​ថ្ងៃទី​ ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ បញ្ជាក់ថា យោងតាម​ច្បាប់​ខាងលើ «​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ៥​ លាន​រៀល ដល់ ១០​ លាន​រៀល និង​/​ឬ​ដាក់ពន្ធនាគារ​ពី ​១ ​ឆ្នាំ ដល់ ៥​ ឆ្នាំ ចំពោះ​បុគ្គល​ដែល​បង្ក​ឧបសគ្គ ឬ​ធ្វើឱ្យ​រាំងស្ទះ​ដល់​លំហូរ​ទឹកធម្មជាតិ​នៃ​ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយ​គ្មាន​ការអនុញ្ញាត​។ គ្រប់​ករណី​មិន​រាងចាល ត្រូវ​ផ្តន្ទាទោស​ទ្វេ​មួយ​ជា​ពីរ​»​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ចាម ចុះ​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ករណី​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​ភ្លាម រដ្ឋបាលខេត្ត​បាន​ចាត់តាំង​លោក ស្រី សុភ័ក្ត្រ អភិបាលរង​ខេត្តកំពង់ចាម ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ ផ្តិត​យក​រូបភាព ជួប​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ និង​បាន​រកឃើញថា​ពិត​ជាមាន​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​ពិតប្រាកដ​មែន​។

សេចក្តីប្រកាស​បន្តថា សកម្មភាព​នេះ​បាន​ដំណើរការ​ជិត ​២ ​ខែ​មកហើយ ពោល​តាំងពី​ថ្ងៃទី ​២ ខែមករា ឆ្នាំ ​២០២៤ ​មកម្ល៉េះ​។ 
​ជា​វិធានការ​បន្ទាន់ រដ្ឋបាលខេត្ត​កំពង់ចាម បានកំណត់​ឱ្យ​ភាគី​ម្ចាស់​ដី ដែល​កំពុង​ធ្វើ​សកម្មភាព​ចាក់​ថ្ម​ចូល​ទន្លេ​នេះ 
​ត្រូវ​បញ្ឈប់​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ទោះ​ក្នុង​ហេតុផល​ណាមួយ​ក៏ដោយ​។

ត្រូវធ្វើ​ការកាយ និង​យក​ថ្ម ដែល​បាន​ចាក់​រួចហើយ​នេះ​ចេញ​វិញ​ឱ្យអស់​យ៉ាងយូរ​ក្នុង​រយៈពេល ៧០​ ថ្ងៃ​កំណត់ និង​មិនត្រូវ​កាយ​ពង្រាយ​ទម្លាក់​ចូលក្នុង​ទឹកទន្លេ​ឡើយ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ទៅ​ថ្ងៃក្រោយ សម្រាប់​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​ទឹក​។ ភាគី​ម្ចាស់​ដី ត្រូវធ្វើ​សេចក្តីរាយការណ៍​មក​រដ្ឋបាល​ខេត្តកំពង់ចាម ក្នុង​រយៈពេល​ ១​ ខែម្តង នៅ​រៀងរាល់​ចុងខែ​នីមួយៗ ហើយ​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្តកំពង់ចាម នឹង​ចុះ​ធ្វើការ​ពិនិត្យ តាមដាន​ការអនុវត្ត​វិធានការ​នេះ នៅ​រៀងរាល់​មួយ​សប្តាហ៍​ម្ដង ឬ​តាម​ពេលវេលា​ជាក់ស្តែង​។

រដ្ឋបាលខេត្ត ក៏បាន​បញ្ជាក់ថា ចំពោះ​ករណីនេះ​គ្រាន់តែ​ជា​វិធានការ​បឋម​ប៉ុណ្ណោះ ហើយ​ជា​វិធានការ​បន្ទាប់​គឺ​រដ្ឋបាលខេត្ត កំពុង​សិក្សា​តាមផ្លូវ​ច្បាប់ ដើម្បី​ស្នើ​ដាក់បន្ទុក​ទៅលើ​ជនល្មើស​បន្ថែមទៀត​។

ជាមួយគ្នានេះដែរ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏ដូចជា​រដ្ឋបាលខេត្ត​កំពង់ចាម បាន​ថ្លែងអំណរគុណ​ដល់​សាធារណជន អ្នកសារព័ត៌មាន ដែល​បាន​ផ្តល់ព័ត៌មាន​ពិតប្រាកដ​ទាន់ពេលវេលា ដែល​អាច​ឈានដល់​ការដាក់ចេញ​វិធានការ​តាមផ្លូវ​ច្បាប់​៕​