​លោកស្រី ផែ​តុង​តាន ស៊ីណាវ៉ាត្រា ប្រធាន​គណបក្ស​ភឿ​ថៃ រួមជាមួយ​ប្រតិភូ គ្រោង​នឺង​មក​បំពេញ​ទស្សនកិច្ច នៅ​រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​១៨-១៩ ខែមីនា ឆ្នាំ​២០២៤ ហើយ​គ្រោង​នឺង​ជួប​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

ប្រភព​ដដែល​បានឱ្យដឹងថា លោកស្រី ផែ​តុង​តាន នឹង​ជួប​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកស្រី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា និង​លោក​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​សម​ភាគី​ថៃ​នេះ ធ្វើឡើង​ក្រោយពី​លោក​ហ៊ុន សែន បានធ្វើ​ដំណើរ​ទៅសួរសុខទុក្ខ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់​គេហដ្ឋាន​នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ ហើយ​លោក​ក៏បាន​យក​ឱកាស​នោះ​អញ្ជើញ​លោកស្រី ផែ​តុង​តាន មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់ CPP បានឱ្យដឹងថា​៖ «​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ជាន់ខ្ពស់​រវាង​គណបក្ស​ទាំង​២​នេះ គឺ​ក្នុង​គោលបំណង​ផ្លាស់ប្ដូរ​យោបល់​លើ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ជាប់​ភូមិ​ផង​របង​គ្នា ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​របស់​ប្រជាជន និង​គណបក្ស​ទាំង​២​ដោយ​ផ្អែកលើ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​គណបក្ស​ទាំង​២»​។​

លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធាន​គណបក្ស​ភឿ​ថៃ​មកកាន់​កម្ពុជា​នេះ នឹង​លើកកម្ពស់​ទំនាក់ទំនង​គណបក្សកាន់អំណាច​នៃ​ប្រទេស​ទាំង​២ ដែល​ជះឥទ្ធិពល​វិជ្ជមាន​ដល់​កិច្ចសហប្រតិបត្តិការ​ដ​ល់​រដ្ឋាភិបាល​ថៃ និង​កម្ពុជា ហើយ​អា​ចព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​ជាប់គាំង ឬ​ផលវិបាក​ដែល​ប្រទេស​ទាំង​២ កំពុង​ជួបប្រទះ​។​

​លោក​បាន​បន្តថា​៖ «​ក្នុង​ទំនាក់ទំនង​បក្ស​និង​បក្ស​នេះ យើង​អាច​ពិភាក្សាគ្នា ឬមួយ​ចុះ​កិច្ចព្រមព្រៀង​គ្នា​ណាមួយ ឬ​ចុះ​អនុស្សរណៈ​យោគយល់ ​(MoU) ជាមួយគ្នា ដើម្បី​កំណត់​កម្មវិធី​ត្រូវ​កិច្ចសហប្រតិបត្តិការ​គ្នា កម្មវិធី​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​កំពូល ឬ​មន្ត្រី​នៃ​គណបក្ស​ទាំង​២​ផង​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី​ប្រធាន​គណបក្ស​ភឿ​ថៃ​នេះ នឹង​ជំរុញ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​រវាង​គណបក្សកាន់អំណាច​ទាំង​ ២ ថែមទៀត​។

​​លោក​ថ្លែង​ដោយបាន​បង្ហាញ​សុ​ទិដ្ឋិ​យម​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ល្អ​រវាង​គណបក្ស​ភឿ​ថៃ និង​ប្រជាជន​កម្ពុជា ដែល​សាង​ឡើង​ដោយ​លោក​អតីត​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិន​ធា្ល​ប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ដែល​នឹង​រុញច្រាន​ទំនាក់ទំនង​រដ្ឋាភិបាល​កំពុង​ដឹកនាំ​ប្រទេស​ទាំង​កម្ពុជា និង​ថៃ ក្នុង​គោល ដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម ដោះស្រាយ​បញ្ហា​រួម ការផ្លាស់ប្តូរ​ប្រជា ជន ​និង​ប្រជាជន ជាពិសេស​អាចជួយ​ដោះស្រាយ​និង​ជួយ​អន្តរាគមន៍​ដល់​ពលករ​ខ្មែរ​ដែលមាន​ចំនួន​ច្រើន​កំពុង​បម្រើការ​នៅ​ទឹកដី​ថៃ​ផង​។​

​ជាមួយគ្នាលោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ដំណើរ​ទស្សនកិច្ច​នេះ បង្ហាញឱ្យឃើញ​ពី​ភាពស្និទ្ធស្នាល​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ភឿ​ថៃ ហើយក៏​បង្ហាញ​ពី​កម្រិត​ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​ឥស្សរជន​ជាន់ខ្ពស់​នៃ​គណបក្សកាន់អំណាច​ទាំង​២ ដែលមាន​លោក​ហ៊ុន សែន ពី​ភាគី​កម្ពុជា និង​លោក​ថាក់ស៊ីន ពី​ភាគី​ថៃ ហើយ​តម​ក​ជំនាន់​អ្នក​បន្តវេន​គឺ​រវាង​លោក​ហ៊ុន ម៉ា​ណែ​ត  និង​លោកស្រី​ផែ​តុង​តាន ស៊ីណាវ៉ាត្រា កូនស្រី​លោក​ថាក់ស៊ីន​។​

​លោក​ថា ការ​មាន​ទំនាក់ទំនង​ល្អ​រវាង​គណបក្សកាន់អំណាច​ទាំង​២ ជា​ស្ពាន​ចម្លង​ដល់​ការបង្កើន​កម្រិត​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស បើសិន​គ្មាន​កែប្រែ​ប្រួល​ណាមួយ​ជុំវិញ​នយោបាយ​ផ្ទៃ​ក្នុងនៃ​ប្រទេស​ទាំង​២ ជាពិសេស​ផ្ទៃក្នុង​ថៃ​តែម្តង ដែល​នឹង​រុញច្រាន​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​មេដឹកនាំ​ប្រទេស​ទាំង​២ ទើប​សម្រេចបាន​អំឡុង​ដំណើរ​ទស្សនកិច្ច​លោក​ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ថៃ​នាពេល​ថ្មីៗ​នេះ​។​

​លោក​ថ្លែងថា​៖ «​ការ​មាន​ទំនាក់ទំនង​រវាង​ប្រទេសជិតខាង​ពោលគឺ​កម្ពុជា និង​ថៃ គឺមាន​សារៈសំខាន់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​នយោបាយ សន្តិសុខ ការ​រួមគ្នា​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បញ្ហា​គ្រឿងញៀន ការផ្លាស់ប្តូរ​ពាណិជ្ជ ក​ម្ម​និង​ង​វិនិយោគ លំហូរ​កម្លាំង​ពលកម្ម ការធ្វើ​ពាណិជ្ជកម្ម​តាម​បណ្តោយ​ព្រំដែន និង​ជាពិសេស​ទៅលើ​វិស័យ​ទេសចរណ៍ ខណៈ​ភ្ញៀវទេសចរ​ថៃ​កំពុង​ឈរ​លំដាប់​ទី​១ ជា​ភ្ញៀវ​បរទេស​មក​ទស្សនា​កម្ពុ​ជា​»​។​

លោក​មាស នី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នកតាមដាន​បញ្ហានយោបាយ បាន​អះអាងថា គណបក្ស​ភឿ​ថៃ និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ជា​យូរណាស់​មកហើយ​ដោយសា​រ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​លោក​ហ៊ុន សែន និង​លោក​ថាក់ស៊ីន ហើយ​ដំណើរ​ទស្សនកិច្ច​របស់​កូនស្រី​លោក​ថាក់ស៊ីន មក​កម្ពុជា​នៅ​ខែមីនា នេះ​ជា​សារ​បង្ហាញ​កាន់តែច្បាស់​ពី​ការពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​គណ​បក្ស​កាន់អំណាច​ទាំង​២​។​

លោក​បាន​ថ្លែងថា​៖ «​យ៉ាងណា ខ្ញុំ​យល់ថា ការ​មាន​ទំនាក់ទំនង​ល្អ​ក្នុង​កម្រិត​នយោបាយ​រវាង​ប្រទេស​ទាំង​២ ជា​រឿង​ល្អ​ដើម្បី​ស្ថិរភាព​រវាង​ប្រទេស​ទាំង​២ ដើម្បី​ការពារ​បញ្ហា​ចារកម្ម ការរកស៊ី​ឆ្លងដែន​ខុសច្បាប់ អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា​»៕