អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកចំនួន ៨ លេខកូដទំនិញ ក្រោយពីការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
យោងតាមសេចក្តីជូនដំណឹងឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានក្រើនរំឭកដល់ធុរជនពាក់ព័ន្ធពីការសម្រេចផ្អាកជាបណ្តោះអាសន្នរបស់ជរដ្ឋាភិបាលនូវការនាំចូលមុខទំនិញគ្រឿងក្នុង និងបំណែកសាច់បង្កករយៈពេល ៦ ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានអណ្តាត នៃសត្វគោក្របីបង្កក, មានថ្លើម នៃសត្វគោក្របី បង្កក, គ្រឿងក្នុង (Offal) បង្កក ផ្សេងទៀតនៃសត្វគោក្របី ដែលអាចបរិភោគបានក្រៅពីអណ្តាត និងថ្លើម ថ្លើមនៃសត្វជ្រូកបង្កក មានភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើម នៃសត្វជ្រូក ដែលអាចបរិភោគបានបង្កក មានថ្លើមនៃសត្វមាន់ បង្កក មានសាច់និងគ្រឿងក្នុង (Offal) បង្កក ផ្សេងទៀតនៃសត្វមាន់ ដែលអាចបរិភោគបាន ក្រៅពីស្លាបទាំងមូលក្រៅពីថ្លើម និងសាច់ដែលត្រូវបានយកឆ្អឹងចេញ (Mechanically Deboned or Separated Meat) និងមានពោះវៀន ប្លោក និងក្រពះ ទាំងមូល ឬជាផ្នែកនៃសត្វ (លើកលែងត្រី) ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈថា ការប្រកាសផ្អាកនាំចូលសាច់បង្កកជាបណ្តោះអាសន្ននេះគឺជារឿងល្អ សម្រាប់ឱ្យកសិករ ដែលជាអ្នកចិញ្ចឹមសត្វបានត្រៀមខ្លួនសម្រាប់ផ្គត់ផ្គង់ ទោះជាបែបនេះក្តីតម្លៃសត្វចិញ្ចឹមនាពេលបច្ចុប្បនេះ បានធ្លាក់ថ្លៃ ប្រមាណ ៧ ពាន់រៀល ទៅ ៨ ពាន់រៀលក្នុង១គីឡូក្រាម (សត្វរស់) ដែលធ្វើឱ្យអ្នកចិញ្ចឹមកាន់តែលំបាក។
ជាមួយនឹងការសាទរចំពោះការប្រកាសផ្អាកនាំចូលសាច់បង្កកនេះដែរ លោក ស្រ៊ុន ពៅ ក៏បានស្នើឱ្យមន្ត្រីរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលកំពុងប្រចាំការនៅមាត់ច្រកនានា យកចិត្តទុកដាក់លើការឆែកឆេរ និងត្រួតពិនិត្យ ឱ្យបានហ្មត់ចត់ទៅលើទូកុងតឺន័រ ដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបង្កប់សាច់បង្កក នាំចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។
លោក ស្រ៊ុន ពៅ បានថ្លែងថា៖ « វាអត់សំខាន់ទេ រឿងប្រកាសផ្អាកនាំចូលនេះ សំខាន់មានការអនុវត្តច្បាប់ត្រឹមត្រូវឬអត់ ហើយបើពួកគាត់នៅតែមិនធ្វើ យើងគឺនៅតែគ្មានសង្ឃឹម»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានលើកឡើងដែរថា ចាប់ពីខែមីនា ខាងមុខនេះ រាជរដ្ឋាភិបាល នឹងសម្រេចផ្អាកការនាំចូលសាច់ និងគ្រឿងក្នុងបង្កកក្នុងរយៈពេល៦ខែ ហើយលោកបានជំរុញឱ្យគិតគូរពីការរៀបចំបង្កកសាច់ដោយខ្លួនឯង ទើបមិនមានបញ្ហាប្រឈមពេលបើកឱ្យនាំចូលសាច់បង្កកពីខាងក្រៅមកវិញ។
លោកបានបញ្ជាក់ថា៖«ការសម្រេចផ្អាកការនាំចូលសាច់និងគ្រឿងក្នុងបង្កកមួយរយៈពេលនេះ ពុំមែនជាវិធានការមួយដែលមានចីរភាពនោះទេ ប៉ុន្តែផ្ទុយមកវិញ យើងត្រូវខិតខំប្រឹងប្រែងរិះរកវិធីយ៉ាងណាដើម្បីឱ្យមានចីរភាព ធ្វើឱ្យការចិញ្ចឹមសត្វរបស់យើងមានការប្រកួតប្រជែង»។
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖«ក្នុងពេលដែលយើងផ្អាកការនាំចូលសាច់និងគ្រឿងក្នុងបង្កកជាបណ្តោះអាសន្ននេះដែរ យើងអាចបង្វែរទៅកាន់កសិកររបស់យើង ហើយរៀនបង្កកទៅតាមបច្ចេកទេសរបស់យើងវិញដែលនេះជាការជំរុញការផ្គត់ផ្គង់ផ្ទៃក្នុង មុនពេលដែលយើងបើកការនាំចូលសាច់និងគ្រឿងក្នុងបង្កកនេះឡើងវិញ»៕