លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការសិក្សាលើជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET ) គឺជាស្ពានចម្លងដើម្បីឱ្យយុវជនចាប់បានជំនាញសាមញ្ញដោយការសិក្សាលើជំនាញនោះ អាចយកបូកបន្តគ្នា ក្លាយជាមូលដ្ឋានគ្រឹះសម្រាប់យុវជន យកទៅសិក្សាបន្តនៅមហាវិទ្យាល័យ។
លោក ហេង សួរ ថ្លែងក្នុងក្នុងកម្មវិធីសំណេះសំណាលជាមួយសិស្សវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ប្រមាណជាង១ ០០០នាក់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នៅក្នុងខេត្តកណ្តាល កាលពីសប្តាហ៍មុន និងត្រូវបានក្រសួងការងារផ្សព្វផ្សាយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកថ្លែងថា នៅក្នុងប្រព័ន្ធរបស់កម្ពុជា មានការអប់រំទូទៅ គឺសំដៅការអប់រំថ្នាក់មតេ្តយ្យ រហូតដល់ថ្នាក់ទី១២ (បាក់ឌុប) ខណៈដែលរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា រដ្ឋមានកាតព្វកិច្ច ផ្តល់ការអប់រំទូទៅដល់ប្រជាពលរដ្ឋយ៉ាងហោចណាស់ត្រឹមថ្នាក់ឌីប្លូម ដែលយុវជនអាចអាយុខ្ទង់ ១៥ ឆ្នាំ។
លោកបានបញ្ជាក់ទៀតថា៖«អនុសញ្ញាអន្តរជាតិខាងការងារ បានចែងថា ពលរដ្ឋអាយុ១៥ ឆ្នាំ មានសិទ្ធិក្នុងការធ្វើការងារ ក្នុងប្រភេទការងារដែលមិនមានគ្រោះថ្នាក់។ អ៊ីចឹងហើយបានរដ្ឋធម្មនុញ្ញរបស់យើង កំណត់ថា យ៉ាងហោចណាស់ពលរដ្ឋ គួររៀនបានថ្នាក់ទី៩ ព្រោះថាបើសិនជាគ្មានលទ្ធភាពរៀនបន្ត ដោយសារបញ្ហាគ្រួសារ គេអាចចេញស្វែងរកការងារធ្វើបាន»។
លោក ហេង សួរ ថ្លែងថា មូលហេតុដែលរាជរដ្ឋាភិបាល បានជ្រើសរើសយកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ជាកម្មវិធីអាទិភាពមួយរបស់គណបក្ស និងបានប្រែក្លាយមកជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីជាជម្រើសបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ សិក្សាក្រេបយកចំណេះជំនាញផ្នែកបច្ចេកទេស យកទៅប្រើប្រាស់បាន។
លោក ហេង សួរ ថ្លែងថា«ដូច្នេះហើយបានជាប្អូនៗមានជម្រើស២ ពេលរៀនដល់ថ្នាក់ទី៩ ដោយទី១ អាចរៀនបន្តទៅកម្រិតវិទ្យាល័យ និងមួយទៀតអាចបន្តទៅកម្រិត TVET របស់យើងតែម្តង។ប៉ុន្តែមានក្មួយៗខ្លះរៀនមិនបានដល់ថ្នាក់ទី៩ ទេ ដោយសារបញ្ហាចាំបាច់ក្នុងគ្រួសារ ដូច្នេះយើងត្រូវទទួលខុសត្រូវទៅលើអនាគតយុវជនរបស់យើង»។
លោក តឹប អូន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈថា វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ កំពុងជំរុញការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ លើជំនាញសំខាន់ៗចំនួន ៥ ខណៈដែលជំនាញក្រាហ្វិកឌីហ្សាញ និងសេវាកម្មរដ្ឋបាល ទទួលបានសិស្សចុះឈ្មោះចូលរៀនច្រើនជាងគេ។
លោកបានបញ្ជាក់ថា៖«ក្នុងចំណោមជំនាញទាំង៥ ជំនាញក្រាហ្វិកឌីហ្សាញ និងជំនាញសេវាកម្មរដ្ឋបាលទទួលបានសិស្សចុះចូលរៀនច្រើនជាងគេ។ជំនាញ២នេះ កំពុងតែមានការពេញនិយមក្នុងទីផ្សារការងារ ហើយរៀនក្នុងរយៈពេលខ្លី យុវជនគាត់ចេញរកការងារធ្វើបានបណ្តើរៗ»។
លោក តឹប អូន ថ្លែងថា បច្ចុប្បន្ននេះវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) បាននិងកំពុងបណ្តុះបណ្តាលសិស្សចំនួន ២៦៩ នាក់ លើជំនាញចំនួន ៥ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រប្រមាណ ១,៥ លាននាក់។
នៅក្នុងនោះសិស្សមានបណ្ណក្រីក្រមានចំនួន ១២២ នាក់ ដោយការសិក្សាមានចំនួន៣វេន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ខណៈវិទ្យាស្ថាននៅតែបន្តបើកទទួលសិស្សចុះឈ្មោះចូលសិក្សាជារៀងរាល់ថ្ងៃ លើជំនាញទាំង៥ រួមមាន ក្រាហ្វិកឌីហ្សាញ ,សេវាកម្មរដ្ឋបាល,កុំព្យូរទ័ររដ្ឋបាល,សេវាកម្មធនធានមនុស្ស និងជំនាញផ្នែកលក់៕