លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ថ្លែងថា បេសកកម្មរបស់នាវាកងស្វ័យការពារជើងទឹកជប៉ុន ២ គ្រឿង ដែលបានធ្វើទស្សនកិច្ចនៅក្រុងព្រះសីហនុ ៣ ថ្ងៃនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងជើងទឹកកម្ពុជា ក្នុងការជួយ សង្គ្រោះលើផ្ទៃសមុទ្រ និងការបង្ការបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រដូចជា ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនបានទាន់ពេលវេលា។
លោក ឡុង ឌីម៉ង់ បានឱ្យដឹងក្រោយជំនួបពិភាក្សាការងារជាមួយលោក YANAGIHARA Makoto, CAMMANDER TRAINING DIVISION មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺនស្វ័យការពារជប៉ុន ដែលបានដឹកនាំនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុនចំនួន២គ្រឿង បានចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោកបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈថា ខេត្តព្រះសីហនុមានលក្ខណៈដាច់ដោយ ឡែកមួយ ដោយសារខេត្តនេះ ជាប់ជាមួយនឹងឆ្នេរសមុទ្រ លម្ហសមុទ្រ និងបណ្តាកោះជាច្រើន និងជាខេត្តដែលមានស្ថាប័នយោធាជាតិចម្រុះ។
លោកថ្លែងថា បេសកកម្មនាវាយោធាជប៉ុនចូលមកក្នុងនៅខេត្តព្រះសីហនុ បានរួមចំណែកជួយក្នុងការហ្វឹងហ្វឺន និងការចែករំលែកបទពិសោធន៍ដល់កងទ័ពកម្ពុជា។
លោក ឡុង ឌីម៉ង់ បានថ្លែងថា៖«យើងចង់ឱ្យភាគីជប៉ុនជួយកិច្ចការងារពាក់ព័ន្ធហ្វឹកហាត់កងទ័ពជើងទឹក ដើម្បីឱ្យកងកម្លាំងកម្ពុជា មានសមត្ថភាពបន្ថែមទៀត ទៅលើការងារសន្តិសុខលម្ហសមុទ្រ ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសតាមលម្ហសមុទ្រ»។
លោកថ្លែងថា ក្នុងជំនួបនោះលោកបានផ្ដល់ព័ត៌មានជូនភាគីជប៉ុនពីស្ថានភាពសេដ្ឋកិច្ច ភូមិសាស្ត្រ នៃខេត្តព្រះសីហនុ រួមទាំងតំបន់សេដ្ឋកិច្ចពិសេស និងមានសក្តានុពលផ្នែកវិនិយោគ និងទេសចរណ៍ ដែលរាជរដ្ឋាភិបាលនៃប្រទេសទាំង២មានកិច្ចសហប្រតិបត្តិការល្អ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមក។
យោងតាមរយៈហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ បានស្រង់សម្ដីលោកYANAGIHARA Makoto ថា គោលបំណងនៃការចូលចតនេះគឺជាការហ្វឹកហ្វឺនដល់នាវិកសកម្មតាមសមុទ្រ និងដើម្បីបង្កើនមិត្តភាពកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងកងស្វ័យការពារកងទ័ពជើងទឹកជប៉ុន។
ប្រភពដដែលបានឱ្យដឹងថា លោក YANAGIHARA ក៏បានវាយតម្លៃពីការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងរបស់ខេត្តព្រះសីហនុ ដែលមានអគារខ្ពស់ជាច្រើនបើប្រៀបនឹងកាលដែលលោកបានអញ្ជើញមកពេលមុន។
សូមជម្រាបថា ជារៀងរាល់ឆ្នាំនាវាស្វ័យការពារជើងទឹកជប៉ុនតែងចូលចតនៅប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពលើផ្ទៃសមុទ្រ និងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។ នាវាស្វ័យការពារជើងទឹកជប៉ុនទាំង២គ្រឿងនេះបានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
នាវានេះឈ្មោះ (DDG-172) TV-3521 SHIMAKAZE -មានបណ្ដោយ ១៥០ម៉ែត្រ -ទទឹង ១៦,៤ ម៉ែត្រ -ជម្រៅទឹក ៤,៨ម៉ែត្រ -ទម្ងន់ផ្ទុក ៤.៦៥០ តោន និងមាននាវិកសរុប ចំនួន ១៥២ នាក់ និងនាវាឈ្មោះ DD-114 SUZUNAMI-មានបណ្ដោយ ១៥១ ម៉ែត្រ -ទទឹង ១៧,៤ម៉ែត្រ ជម្រៅទឹក ៥,៣ ម៉ែត្រ ទម្ងន់ ៤.៦៥០ តោន និងមាននាវិក សរុប ចំនួន ២១៨ នាក់៕