ភ្នំពេញៈ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបញ្ជាក់ពីការប្តេជ្ញារបស់អាមេរិកមកកាន់កម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។
សេចក្តីប្រកាសព័ត៌មានបានបន្តថា ក្រៅពីបំពេញទស្សនកិច្ចនៅកម្ពុជា លោក Daniel J. Kritenbrink ក៏នឹងបំពេញទស្សនកិច្ចនៅប្រទេសផ្សេងទៀតដែរ ដែលជាសមាជិកអាស៊ាន រួមមានសិង្ហបុរី ថៃ វៀតណាម និងប្រទេសប៊្រុយណេដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំ និងយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ឧបការីរដ្ឋមន្ត្រី Kritenbrink នឹងជួបជាមួយមន្ត្រីកម្ពុជា ដើម្បីជំរុញចក្ខុវិស័យរួមរបស់កម្ពុជា ពីឥណ្ឌូប៉ាស៊ីហ្វិកសេរី វិបុលភាព សុវត្ថិភាព និងភាពធន់។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ជំនួយការរដ្ឋមន្ត្រីក៏នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេសម្រាប់ប្រទេសប្រជាធិបតេយ្យ និងឯករាជ្យផងដែរ ដែលសំឡេងទាំងអស់ត្រូវបានស្តាប់ និងគោរព ហើយអធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារ»។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ជុំ សុន្ទរី បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៥ ខែកុម្ភៈថា ដំណើរទស្សនកិច្ចនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៦-២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងអំឡុងពេលដែលកិច្ចប្រជុំមួយចំនួនជាមួយរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រូវបានរៀបចំដើម្បីពិភាក្សាពីការលើកកម្ពស់ទំនាក់ទំនងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
បន្ថែមពីនេះ ក៏នឹងមានការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានកង្វល់រួមក៏ត្រូវបានរំពឹងទុកផងដែរ។
លោកជុំ សុន្ទរី បានបញ្ជាក់ថា ៖ «ខ្ញុំបានកត់សម្គាល់ពីការកើនឡើងនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិកលើវិស័យផ្សេងៗ រួមទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម វប្បធម៌ និងការអភិរក្សវត្ថុបុរាណ សុខភាព ការអប់រំ បរិស្ថាន ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីន និងសន្តិសុខស្បៀងជាដើម»។
លោកសង្កត់ធ្ងន់ថា៖ «ដំណើរទស្សនកិច្ចនេះនឹងជាឱកាសសម្រាប់ប្រទេសទាំង ២ ក្នុងការពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការអនុវត្តយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ជាពិសេសលើការខិតខំប្រឹងប្រែងទទួលឱ្យបាននូវការគាំទ្រពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។
លោកបានបន្តថា តាមរយៈសេចក្តីប្រកាសព័ត៌មានបង្ហាញឱ្យឃើញនូវចំណុចសំខាន់ៗមួយចំនួនដែលក្នុងនោះរំលេចឱ្យឃើញពីចក្ខុវិស័យរួមមួយពាក់ព័ន្ធនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សេរីប្រកបដោយវិបុលភាព សន្តិសុខ និងភាពធន់ ហើយអ្វីដែលបានសង្កត់ធ្ងន់នៅក្នុងនោះដែរ គឺពាក់ព័ន្ធជាមួយនឹងប្រទេសកម្ពុជាដែលជាប្រទេសប្រជាធិបតេយ្យ ឯករាជ្យ គោរពនូវការផ្តល់សំឡេង និងការពារនូវអធិបតេយ្យរបស់កម្ពុជា។
លោក គិន ភា បញ្ជាក់ថា៖ «ខ្ញុំគិតថា អ្វីដែលជារឿងរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជានេះគឺប្រហែលជាគេមិនភ្លេចនិយាយនូវបាឋកថា ឬមេរៀនប្រជាធិបតេយ្យ មេរៀនសិទ្ធិមនុស្សដូចដែលសហរដ្ឋអាមេរិកតែងតែធ្វើកន្លងមកនេះ នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេកសម្ពុជា ក្នុងនោះនឹងនិយាយពីបញ្ហាយោធាសមុទ្រនៅរាមផងដែរ»។
ជាមួយគ្នានេះដែរ លោក គិន ភា ក៏បានលើកឡើងដែរថា កម្ពុជាជាប្រទេសមួយដែលតែងតែប្រាថ្នាចង់រួមរស់ដោយសន្តិសហវិជ្ជមានជាមួយនឹងបណ្តាប្រទេសទាំងអស់ និងចង់ឱ្យមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយនឹងប្រទេសផ្សេងៗ រាប់ទាំងសហរដ្ឋអាមេរិកផងដែរ ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ឯករាជ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក។
សូមរំឭកថា កម្ពុជា និងសហរដ្ឋអាមេរិក បានបញ្ជាក់ជំហរសាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗរួមទាំង ពាណិជ្ជកម្ម និងវិនិយោគ ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។
ការប្តេជ្ញានេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាក្នុងស្មារតីមិត្តភាពរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី មេលីសា ប្រោន (Melissa A. Brown) ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកស្រីបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃជំនួបរបស់ក្រសួងការបរទេសកម្ពុជានាពេលកន្លងមក៕